កាលពីថ្ងៃចន្ទ ទី ២៩ មីនា ក្រុងវ៉ាស៊ីនតោន បានប្រកាសព្យួរការធ្វើពាណិជ្ជកម្មជាមួយមីយ៉ាន់ម៉ារហូតដល់ពេលរដ្ឋាភិបាលជាប់ឆ្នោតត្រឡប់មកកាន់អំណាចវិញ ដែលការព្យួរនេះ ធ្វើឡើងបន្ទាប់ពីមានការស្លាប់ក្រុមបាតុករច្រើនបំផុតក្នុង ១ ថ្ងៃ តាំងពីពេលដែលយោធាបានធ្វើរដ្ឋប្រហារកាលពីខែមុន។
ក្នុងសេចក្ដីថ្លែងការណ៍មួយ ខុទ្ទកាល័យតំណាងពាណិជ្ជកម្មអាមេរិកលោកស្រី Katherine Tai បាននិយាយថា ការផ្អាកការចូលរួមរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្ម និងវិនិយោគឆ្នាំ ២០១៣ (TIFA) «នឹងនៅតែមានប្រសិទ្ធភាពរហូតដល់ការវិលត្រឡប់របស់រដ្ឋាភិបាលដែលបានជ្រើសរើសតាមរបៀបប្រជាធិបតេយ្យ»។ ក្រោមកិច្ចព្រមព្រៀងខាងលើ អាមេរិកបានសហការជាមួយមីយ៉ាន់ម៉ាលើពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីគាំទ្រដល់ការធ្វើសមាហរណកម្មរបស់ប្រទេសនេះ ទៅក្នុងសេដ្ឋកិច្ចពិភពលោក។
«សហរដ្ឋអាមេរិកគាំទ្រប្រជាជនភូមាក្នុងការខិតខំដើម្បីស្តាររដ្ឋាភិបាល ដែលបានជាប់ឆ្នោតតាមរបៀបប្រជាធិបតេយ្យ ដែលជាមូលដ្ឋានគ្រឹះនៃការលូតលាស់ និងកំណែទម្រង់សេដ្ឋកិច្ចរបស់ភូមា» លោកស្រី Tai បាននិយាយបែបនេះ ហើយបន្តទៀតថា៖ «សហរដ្ឋអាមេរិកថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើហិង្សាឃោរឃៅរបស់កងសន្តិសុខភូមាប្រឆាំងនឹងជនស៊ីវិល។ ការសម្លាប់អ្នកតវ៉ានិស្សិត កម្មករ មេដឹកនាំកម្មករ ពេទ្យ និងកុមារ បានធ្វើឱ្យមនសិការសហគមន៍អន្តរជាតិមានការភ្ញាក់ផ្អើល។ សកម្មភាពទាំងនេះ គឺជាការវាយលុកដោយផ្ទាល់ទៅលើការផ្លាស់ប្តូររបស់ប្រទេសនេះ ទៅកាន់លទ្ធិប្រជាធិបតេយ្យ និងការខិតខំរបស់ប្រជាជនភូមា ដើម្បីទទួលបានអនាគតប្រកបដោយសន្តិភាព និងវិបុលភាព»។
កាលពីថ្ងៃសៅរ៍ ទី ២៧ មីនា ដែលជាថ្ងៃទិវាកងយោធាមីយ៉ាន់ម៉ាប្រទេសនេះបានកត់ត្រាចំនួនស្លាប់ច្រើនបំផុតតាំងពីការបាតុកម្មតវ៉ារបបយោធាចាប់ផ្ដើមដោយមានមនុស្ស ១១៤ នាក់បានស្លាប់ភាគច្រើននៅទីក្រុង Yangon និង Mandalay។ យោងតាមរបាយការណ៍ព័ត៌មានក្នុងចំណោមអ្នកស្លាប់យ៉ាងហោចណាស់មានកុមារចំនួន ៦ នាក់ ដែលមានអាយុចន្លោះពី ១០ ទៅ ១៦ ឆ្នាំ។ ក្រុមបាតុករបានហៅជនរងគ្រោះទាំងនេះថា «ផ្កាយធ្លាក់»។
អង្គការក្រៅរដ្ឋាភិបាល សមាគមជំនួយ ដើម្បីអ្នកទោសនយោបាយ (AAPP) បានរាយការណ៍ថា មានមនុស្ស ១៤ នាក់បានស្លាប់នៅថ្ងៃចន្ទ ធ្វើឱ្យចំនួនជនស៊ីវិលដែលត្រូវបានស្លាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ កើនដល់ជាង ៥០០ នាក់។
ការកើនឡើងនៃការស្លាប់ដោយសារការបង្ក្រាបនេះ បានធ្វើឱ្យមានការថ្កោលទោសពីបរទេស។
«វាជារឿងដ៏គួរឱ្យភ័យខ្លាច វាមិនគួរឱ្យជឿ» ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយបែបនេះ ហើយបន្តទៀតថា៖ «ផ្អែកតាមរបាយការណ៍ខ្ញុំទទួលបានថា មនុស្សជាច្រើនត្រូវបានសម្លាប់ដោយមិនចាំបាច់»។
មន្ត្រីការទូតកំពូលសហភាពអឺរ៉ុបលោក Josep Borrell បានទាមទារឱ្យមេដឹកនាំយោធាចុះចេញពីតំណែង ដោយសារអ្វីដែលលោកហៅថា ជា «ផ្លូវឥតន័យ» នៃការអំពើហិង្សាប្រឆាំងនឹងប្រជាជនរបស់ពួកគេ។ លោក Borrell បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «យើងនឹងបន្តប្រើយន្តការរបស់សហភាពអឺរ៉ុប ដែលរួមមានការដាក់ទណ្ឌកម្ម ដើម្បីកំណត់គោលដៅទៅលើជនល្មើសនៃអំពើហិង្សានេះ និងអ្នកដែលទទួលខុសត្រូវក្នុងការងាកចេញពីមាគ៌ាប្រជាធិបតេយ្យ និងសន្តិភាពរបស់មីយ៉ាន់ម៉ា»។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានទទូចទៅយោធាមីយ៉ាន់ម៉ាឱ្យឈប់ការសម្លាប់ និងការបង្ក្រាបក្រុមបាតុករ។
ប្រភពការទូតបាននិយាយកាលពីថ្ងៃចន្ទថា ចក្រភពអង់គ្លេសបានកោះហៅកិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា។ សមាជិកទាំង ១៥ នៃក្រុមប្រឹក្សានេះនឹងបើកសម័យប្រជុំបិទទ្វារនៅថ្ងៃពុធ ដោយពួកគេនឹងស្ដាប់សេចក្ដីរាយការណ៍ពីលោកស្រី Christine Schraner Burgener ដែលជាប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិប្រចាំមីយ៉ាន់ម៉ា។
កាលពីមុន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានថ្កោលទោសចំពោះអំពើហិង្សានេះ ហើយបានអំពាវនាវឱ្យមានការស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ប៉ុន្តែមិនទាន់បានពិចារណាលើការទណ្ឌកម្មនៅឡើយ ដែលនឹងតម្រូវឱ្យមានការគាំទ្រពីសំណាក់ប្រទេសជិតខាង និងរបស់មីយ៉ាន់ម៉ា គឺប្រទេសចិន។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយថា៖ «អំពើហិង្សា និងការប៉ះទង្គិចបង្ហូរឈាម គឺមិនបំពេញផលប្រយោជន៍របស់ភាគីណាមួយទេ។ ជនរងគ្រោះ គឺជាប្រជាជនមីយ៉ាន់ម៉ា»។ ក្រុមអ្នកវិភាគបាននិយាយថា ការថ្កោលទោសរបស់ក្រុមប្រឹក្សាសន្តិសុខមិនទំនងនឹងប្រែទៅជាសកម្មភាពដូចជាការដាក់ទណ្ឌកម្មទេ ខណៈពេលដែលក្រុងប៉េកាំងបានចំណាយពេលជាច្រើនសប្ដាហ៍ ដើម្បីជំរុញឱ្យមានការពិភាក្សា និងដំណោះស្រាយក្នុងស្រុក។
យ៉ាងណាមិញ ខណៈពេលដែលប្រទេសមីយ៉ាន់ម៉ា កំពុងមានភាពច្របូកច្របល់ ក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅខាងជើង និងខាងកើតប្រទេស ដែលបានប្រយុទ្ធជាមួយរដ្ឋាភិបាលកណ្ដាលអស់ជាច្រើនទសវត្សរ៍ ដើម្បីទទួលស្វ័យភាពកាន់តែច្រើនបានចាប់ផ្ដើមបង្កើនសកម្មភាពរបស់ពួកគេ បើទោះបីក្រុមជាច្រើនបានព្រមព្រៀងជាមួយនឹងបទឈប់បាញ់ក៏ដោយ។
កាលពីសប្ដាហ៍មុនសហភាពជាតិការ៉ែន (KNU) ដែលជាក្រុមប្រដាប់អាវុធមួយនៅជិតព្រំដែនប្រទេសថៃ បានធ្វើការលុកលុយប៉ុស្តិ៍យោធាមួយនៅជិតព្រំដែន និងបានសម្លាប់មនុស្ស ១០ នាក់។ យោធាមីយ៉ាន់ម៉ាបានឆ្លើយតបវិញដោយធ្វើការវាយប្រហារតាមអាកាសនៅយប់ថ្ងៃអាទិត្យ ធ្វើឱ្យប្រជាជនរាប់ពាន់នាក់ភៀសខ្លួនទៅប្រទេសថៃ។
ការប្រយុទ្ធគ្នាមួយទៀតក៏បានផ្ទុះឡើងផងដែរ កាលពីថ្ងៃអាទិត្យ ជាមួយក្រុមប្រដាប់អាវុធមួយទៀតឈ្មោះថាកងទ័ពឯករាជ្យកាឈីន (KIA) នៅតំបន់ជីករ៉ែត្បូងថ្លើមថ្ម ឬថ្មហ្គិចខាងជើងប្រទេស។
នៅថ្ងៃអង្គារក្រុមប្រដាប់អាវុធជនជាតិភាគតិចចំនួន ៣ គឺកងទ័ពសម្ព័ន្ធមិត្តប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MND AA) កងទ័ពអារ៉ាកាន់ (AA) កងទ័ពរំដោះជនជាតិតាអាំង (TNLA) បានធ្វើការទាមទារក្នុងសេចក្ដីថ្លែងការណ៍មួយឱ្យយោធាបញ្ឈប់ការសម្លាប់ក្រុមបាតុករ និងដោះស្រាយបញ្ហានយោបាយ។
បើមិនដូច្នោះទេ ពួកគេបាននិយាយថា ពួកគេនឹងសហការជាមួយក្រុមជនជាតិភាគតិចទាំងអស់ដែលកំពុងចូលរួមបដិវត្តន៍និទាឃរដូវរបស់មីយ៉ាន់ម៉ា ដើម្បីការពារខ្លួន។ អ្នកនាំពាក្យ AA បានប្រាប់សារព័ត៌មាន Reuters ថា៖ «ការសម្លាប់ជនស៊ីវិលស្លូតត្រង់បែបនេះ គឺមិនអាចទទួលយកបាននោះទេ»។
យោធារបស់ប្រទេសមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារនៅថ្ងៃទី ១ ខែកុម្ភៈ ដោយនិយាយថា ការបោះឆ្នោតកាលពីខែវិច្ឆិកា ដែលគណបក្សរបស់លោកស្រី ស៊ូជី ទទួលជ័យជម្នះ គឺត្រូវលួចបន្លំ ដែលជាការអះអាងមួយច្រានចោលដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត។ លោកស្រី ស៊ូជី នៅតែស្ថិតក្នុងការឃុំឃាំងនៅទីតាំងសម្ងាត់មួយ ហើយសមាជិកជាច្រើនទៀតនៃគណបក្សរបស់លោកស្រីក៏ស្ថិតក្នុងការឃុំឃាំងផងដែរ។
ទោះបីជាមានការសម្ដាធពីសំណាក់រដ្ឋាភិបាលលោកខាងលិចក្ដី កាលពីសប្ដាហ៍មុនរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានរំពឹងថា នឹងមានការវិនិយោគពីដៃគូនានាមកពីជុំវិញតំបន់អាស៊ី និងប្រទេសក្នុងតំបន់ក្បែរខាង។ នេះបើតាមការផ្សាយរបស់សារពត៌មាន Bloomberg ដកស្រង់សម្ដីលោក Aung Naing Oo រដ្ឋមន្ត្រីសហជីពទទួលបន្ទុកការវិនិយោគ និងទំនាក់ទំនងសេដ្ឋកិច្ចបរទេសលោកមានប្រសាសន៍តាមទូរស័ព្ទថា៖ «ទោះបីជាមានស្ថានភាពបច្ចុប្បន្នយើងរំពឹងថា នឹងមានវិនិយោគិនបែបប្រពៃណីនឹងបន្តធ្វើការរកស៊ីនៅទីនេះ។ ការវិនិយោគរបស់រដ្ឋាភិបាលរៀងៗខ្លួនរបស់គេមិនបានប្រាប់ក្រុមហ៊ុននានាមិនឱ្យវិនិយោគ ឬធ្វើជំនួញនៅក្នុងប្រទេសមីយ៉ាន់ម៉ា អីផង ដូច្នេះយើងរំពឹងថា នឹងមានអ្នកវិនិយោគពីប្រទេសទាំងនេះនឹងបន្តមកនេះ»៕