កាលពីថ្ងៃអង្គារ ទី ២៥ ខែឧសភា កន្លងទៅ សហរដ្ឋអាមេរិកបានឱ្យដឹងថា មនុស្សពេញវ័យជាងពាក់កណ្តាលនៃប្រជាជនសរុបបានចាក់វ៉ាក់សាំងកូវីដប្រហែល ៦ សប្តាហ៍មុនគោលដៅដែលបានកំណត់។
ទីប្រឹក្សាជាន់ខ្ពស់របស់សេតវិមានលោក Andy Slavitt បាននិយាយថា៖ «ឥឡូវនេះនៅសល់ ១ សប្តាហ៍ទៀត ជាសប្តាហ៍ចុងក្រោយនៃខែឧសភា ហើយមកដល់ពេលនេះមានប្រជាជនពាក់កណ្តាលនៃមនុស្សពេញវ័យសរុបបានចាក់វ៉ាក់សាំងកូវីដ ១៩»។
លោក Rochelle Walensky នាយកមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺឆ្លងអាមេរិក (CDC) បាននិយាយថា៖ «ខ្ញុំនៅតែមានការប្រុងប្រយ័ត្ន ប៉ុន្តែសង្ឃឹមថា ករណីឆ្លងនឹងនៅតែបន្តធ្លាក់ចុះ»។
លោកបាននិយាយបន្ថែមថា ប្រជាជនដែលមិនទាន់បានចាក់វ៉ាក់សាំងគួរ នៅតែអនុវត្តតាមការណែនាំស្តីពីការរក្សាគម្លាត និងពាក់ម៉ាស់។ មនុស្សដែលមានអាយុចាប់ពី ១២ ឆ្នាំ អាចចាក់វ៉ាក់សាំងកូវីដប្រភេទ Pfizer-BioNTech។
គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានកំណត់ខែកក្កដា ជាគោលដៅដែលមនុស្សពេញវ័យប្រមាណជាពាក់កណ្តាលនៃចំនួនសរុបនៅសហរដ្ឋអាមេរិកទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ ១៩៕