កាល​ពី​ថ្ងៃពុធ ទី ៣១ មីនា ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក និង​ហ្វីលីពីន​បាន​ពិភាក្សា​អំពី​ការ​ព្រួយ​បារម្ភ​របស់​ពួក​គេ​ចំពោះ​សកម្មភាព​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

ប្រទេស​ហ្វីលីពីន បាន​ពណ៌នា​វត្តមាន​របស់​នាវា​ចិន​នៅ​ខាង​ក្នុង​តំបន់​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​ឯ Whitsun Reef នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ថា ជា​ការ «កក​ស្ទះ និង​គំរាម​កំហែង»។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​នៃ​សេត​វិមាន​លោក Jake Sullivan និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ហ្វីលីពីន Hermogenes Esperon បាន​ឯកភាព​ថា សហរដ្ឋអាមេរិក និង​ហ្វីលីពីន​នឹង​បន្ត​សម្របសម្រួល​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​នានា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

លោក Sullivan បាន​គូស​បញ្ជាក់​ថា សហរដ្ឋអាមេរិក​ឈរ​ជាមួយ​ហ្វីលីពីន​ក្នុង​ការ​រក្សា​សណ្តាប់​ធ្នាប់​ដែន​សមុទ្រ​អន្តរជាតិ​ផ្អែក​លើ​ច្បាប់ ហើយ​បាន​បញ្ជាក់​ជា​ថ្មី​នូវ​លទ្ធភាព​នៃ​សន្ធិសញ្ញា​ការពារ​ជាតិ​រវាង​សហរដ្ឋអាមេរិក និង​ហ្វីលីពីន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន Reuters៕