កាល​ពី​ថ្ងៃ​សុក្រ ទី ១២ មីនា សហរដ្ឋអាមេរិក ឥណ្ឌា អូស្ត្រាលី និង​ជប៉ុន ​ក្នុង​កិច្ចប្រជុំ​កំពូល «Quad» បាន​ប្ដេជ្ញា​ចែកចាយ​វ៉ាក់សាំង​កូវីដ ១៩ ចំនួន​រហូត​ដល់ ១ ពាន់​លាន​ដូស​នៅ​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ត្រឹម​ចុង​ឆ្នាំ ២០២២ ដែល​ការ​ប្រកាស​នេះ​ត្រូវ​គេ​យល់​ឃើញ​ថា ជា​ការ​ឆ្លើយតប​នឹង «ការទូត​វ៉ាក់សាំង» របស់​ចិន។

ក្នុង​សេចក្ដី​ថ្លែងការណ៍​រួមមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi នាយករដ្ឋមន្ត្រី​ជប៉ុន​លោក YoshihideSuga នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison បាន​សន្យា​ថា ​នឹង​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​លើ​ការ​ចែកចាយ​វ៉ាក់សាំង​កូវីដ ១៩ បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ និង​សន្តិសុខ។

ក្រុម​ប្រទេស​ទាំង ៤ បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា៖ «ជាមួយ​នឹង​ការ​ប្តេជ្ញា​ចិត្ត​ខ្ជាប់ខ្ជួន​ចំពោះ​សុខភាព និង​សុវត្ថិភាព​របស់​ប្រជាជន​យើង យើង​ក៏​ទទួល​ស្គាល់​ផង​ដែរ​ថា ​គ្មាន​នរណា​ម្នាក់​អាច​មាន​សុវត្ថិភាព​បាន​ដរាបណា​ជំងឺ​រាតត្បាត​នៅ​តែ​បន្ត​រីក​រាលដាល។ ដូច្នេះ​យើង​នឹង​សហការ​ពង្រឹង​ការ​ចែកចាយ​វ៉ាក់សាំង​ប្រកប​ដោយ​សមធម៌​សម្រាប់​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក»។

ប្រឹក្សា​សន្តិសុខ​ជាតិ​នៃ​សេតវិមាន​លោក Jake Sullivan បាន​និយាយ​ថា៖ «Quad បាន​ប្ដេជ្ញាចិត្ត​ក្នុង​ការ​ចែកចាយ​វ៉ាក់សាំង​រហូត​ទៅ​ដល់ ១ ពាន់​លាន​ដូស​ដល់​អាស៊ាន (សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍) តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក និង​លើស​ពី​នេះ ត្រឹម​ចុង​ឆ្នាំ ២០២២»។

រដ្ឋបាល Biden បាន​និយាយ​ថា Quad បាន​ដាក់​ចេញ​នូវ​យន្តការ​ហិរញ្ញប្បទាន​មួយ ​ដើម្បី​បង្កើន​ផលិតកម្ម​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។

សហរដ្ឋអាមេរិក​តាមរយៈ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​ខ្លួន ជាមួយ​រដ្ឋាភិបាល​ជប៉ុន និង​អូស្ត្រាលី នឹង​ផ្ដល់​ហិរញ្ញប្បទាន​ដើម្បី​គាំទ្រ​ក្រុមហ៊ុន​ឱសថ​ឥណ្ឌា ​Biological E Ltd ក្នុង​ការ​ពង្រីក​សមត្ថភាព​ផលិត​វ៉ាក់សាំង ដែល​រួមមាន​វ៉ាក់សាំង Johnson & Johnson និង Novavax របស់​អាមេរិក​យ៉ាង​ហោច​ណាស់ ១ ពាន់​លាន​ដូស​ត្រឹម​ចុង​ឆ្នាំ ២០២២។

សេតវិមាន​បាន​និយាយ​ថា ​សមាជិក Quad នឹង​ធានា​ថា​សមត្ថភាព​ការផលិត ដែល​ត្រូវ​បាន​ពង្រីក ​គឺ​ដើម្បី​ផលប្រយោជន៍​ជា​សកល​តាមរយៈ​ការ​ផ្គត់ផ្គង់​ជូន​កម្មវិធី​ពហុភាគី​ដូចជា​កម្មវិធី COVAX របស់ WHO ជាដើម។

COVAX គឺ​ជា​យន្តការ​សកល​សម្រាប់​ចែកចាយ​វ៉ាក់សាំង​កូវីដ ១៩ ចំនួន ២ ពាន់​លាន​ដូស​ទៅ ៩៤ ប្រទេស ​ដែល​មាន​ប្រាក់​ចំណូល​ទាប ឬ​កណ្ដាល​ត្រឹម​ចុង​ឆ្នាំ​នេះ ដោយ​កម្មវិធី​នេះ​ប្រើប្រាស់​វ៉ាក់សាំង​ដែល​របស់ AstraZeneca /សាកលវិទ្យាល័យ Oxford ផលិត​ដោយ​វិទ្យាស្ថាន Serum នៃ​ប្រទេស​ឥណ្ឌា។

សហរដ្ឋអាមេរិក ជប៉ុន និង​អូស្ត្រាលី​បាន​សន្យា​ផ្ដល់​ថវិកា​យ៉ាង​ហោច​ណាស់​ចំនួន ៦០០ លាន​ដុល្លារ​អាមេរិក ​ដើម្បី​គាំទ្រ​ដល់​ការ​ចែកចាយ​វ៉ាក់សាំង​នៅ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយ​រួមទាំង​សន្យា​ធ្វើការ​ជាមួយ WHO ផងដែរ។

លោក Biden បាន​រង​សម្ពាធ​ក្នុង​ការ​ឆ្លើយតប​ចំពោះ «ការ​ទូត​វ៉ាក់សាំង» របស់​ទីក្រុង​ប៉េកាំង​នៅ​ពេល​ដែល​លោក​ព្យាយាម​ចាក់​វ៉ាក់សាំង​ការពារ​ប្រជាជន​អាមេរិក​ទាំង​អស់​ជាមុន​សិន។ ប្រធានាធិបតី​ចិន ​លោក Xi Jingping បាន​និយាយ​កាល​ពី​ខែ​ឧសភា ឆ្នាំ​មុន​ថា វ៉ាក់សាំង​របស់​ចិន​នឹង​ក្លាយ​ជា «ផលិតផល​សាធារណៈ​សកល»។

សារព័ត៌មាន AP បាន​រាយការណ៍​ថា តាំង​ពី​ពេល​នោះ​មក ប្រទេស​ចិន ​បាន​សន្យា​ផ្ដល់​វ៉ាក់សាំង​ជាង ៥០០ លាន​ដូស​ទៅ​ប្រទេស​ចំនួន ៤៥។ អ្នក​វិភាគ​មួយ​ចំនួន​គិត​ថា ​ការផ្ដល់​វ៉ាក់សាំង​ទាំង​នេះ គឺ​ជា​មធ្យោបាយ​មួយ​សម្រាប់​ចិន ពង្រីក​ឥទ្ធិពល​របស់​ពួក​គេ។

«Quad» ឬ​កិច្ចសន្ទនា​សន្តិសុខ​ចតុ​ភាគី គឺ​ជា​វេទិកា​យុទ្ធសាស្ត្រ​ក្រៅ​ផ្លូវ​ការ​របស់​ប្រទេស​ទាំង ៤ សម្រាប់​ប្រទេស​ទាំង ៤ ដែល​ត្រូវ​បាន​បង្កើត​តាំង​ពី​ឆ្នាំ ២០០៧។ តាមរយៈ​វេទិកា​នេះ​ប្រទេស​ទាំង ៤ បាន​បើក​កិច្ច​ប្រជុំ​កំពូល​ជារឿយៗ និង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ព័ត៌មាន​ទៅវិញទៅមក។

បើ​ទោះបី​មិនមែន​ជា​សម្ព័ន្ធមិត្ត​យោធា​ផ្លូវការ​ដូច​អង្គការ​ណាតូ (NATO) «Quad» ត្រូវ​គេ​មើល​ឃើញ​ថា អាច​ប្រឈម​នឹង​ឥទ្ធិពល​ និង​មហិច្ឆតា​កំពុង​កើនឡើង​របស់​ចិន​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ «Quad» ត្រូវ​បាន​អ្នកវិភាគ​មួយ​ចំនួន​ដាក់​ងារ​ថា «Asian NATO» ឬ​អង្គការ​ណាតូ​អាស៊ី ដោយ​លើក​ឡើងថា Quad អាច​នឹង​រក្សា​តុល្យភាព​ជាមួយ​ចិន​បាន​ ហើយ​មាន​សក្ដានុពល​ក្នុង​ការ​ឡោមព័ទ្ធ​ប្រទេស​ចិន បើ​សិន​វេទិកា​យុទ្ធសាស្ត្រ ក្លាយ​នេះ​ជា​សម្ព័ន្ធភាព​យោធា​ផ្លូវ​ការ​មួយ។

ប្រទេស​ទាំង ៤ មាន​ទំនាក់ទំនង​យ៉ាង​ច្របូកច្របល់​ជាមួយ​ចិន ជាពិសេស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ធ្វើ​ឱ្យ​មាន​ការ​ពង្រឹង​ចំណាប់​អារម្មណ៍​របស់​ពួកគេ​នៅ​ក្នុង «Quad»។

ក្នុង​កិច្ចប្រជុំ​កំពូល​នេះ មេ​ដឹកនាំ​ទាំង ៤ បាន​យល់​ព្រម​ធ្វើ​ការ​ដើម្បី​ធានា​ឱ្យបាន​នូវ​ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែល​សេរី និង​បើកចំហ និង​ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ​លើ​សន្តិសុខ​ផ្ទៃ​សមុទ្រ អ៊ីនធឺណិត និង​សេដ្ឋកិច្ច។

លោក Biden បាន​និយាយ​ថា៖ «យើង​កំពុង​បន្ត​ការ​ប្ដេជ្ញាចិត្ត​របស់​យើង ​ដើម្បី​ធានា​ថា​តំបន់​របស់​យើង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ច្បាប់​អន្តរជាតិ ប្ដេជ្ញា​លើក​ស្ទួយ​គុណ​តម្លៃ​សកល និង​គ្មាន​ការ​បង្ខិតបង្ខំ»។

ការ​ប្រជុំ​នៅ​ថ្ងៃ​សុក្រ​នេះ បាន​ធ្វើ​ឡើង​ស្រប​គ្នា​នឹង​សហរដ្ឋ​អាមេរិក​កំពុង​ជំរុញ​ការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​សម្ព័ន្ធមិត្ត​នៅ​អាស៊ី ​និង​អឺរ៉ុប ដើម្បី​ប្រឆាំង​នឹង​ចិន។ រដ្ឋមន្ត្រី​ការ​បរទេស​លោក Antony Blinken និង​រដ្ឋមន្ត្រី​ការពារជាតិ​លោក Lloyd Austin នឹង​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង​នៅ​សប្ដាហ៍​ក្រោយ។

ពេល​ត្រឡប់​មក​វិញ លោក Bliken នឹង​ចុះចត​នៅ​រដ្ឋ Alaka ដើម្បី​ជួប​ជាមួយនឹង​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក Wang Yi និង​ទីប្រឹក្សា​រដ្ឋ​ចិន​លោក Yang Jiechi ដែល​នេះ​ជា​ការ​ជួបប្រជុំ​ដំបូង​រវាង​មន្ត្រី​ការទូត​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំង ២ តាំង​ពី​ពេល​លោក Biden ចូល​កាន់​ដំណែង៕