តំបន់ Darfur នៃប្រទេសស៊ូដង់ ត្រូវបានរាយការណ៍ថា មានភាពស្ងប់ស្ងាត់ ក្រោយពីមានការដាក់ពង្រាយទាហានយ៉ាងច្រើន បន្ទាប់ពីអំពើហិង្សាប៉ុន្មានថ្ងៃ ដែលបានបណ្តាលឱ្យមនុស្ស ១៥៥ នាក់ស្លាប់ រាប់សិបនាក់រងរបួស និងរាប់ម៊ឺននាក់ បានខ្ចាត់ព្រាត់។
អំពើហិង្សាបានផ្ទុះឡើងកាលពីថ្ងៃសៅរ៍ រវាងក្រុមជនចំណាកស្រុក និងសមាជិកនៃក្រុមជនជាតិភាគតិច Masalit នៅរដ្ឋធានីEl Geneina ជារដ្ឋធានីនៃរដ្ឋ Darfur ភាគខាងលិច ដែលបានបណ្តាលឱ្យមនុស្សយ៉ាងតិច ១០០ នាក់ស្លាប់ និងជាង ១៣០ នាក់រងរបួស។ នេះបើយោងតាមលោកអភិបាលរដ្ឋ Mohamed Abdalla al-Douma។
អង្គការ Save the Children ជាក្រុមផ្តល់ជំនួយមួយបាននិយាយថា ការប៉ះទង្គិចគ្នានោះ បានជំរុញឱ្យមនុស្សប្រហែល ៥ ម៊ឺននាក់រត់ភៀសខ្លួនចេញពីតំបន់នានា នៅក្នុង និងជុំវិញជំរំមួយសម្រាប់ជនភៀសខ្លួន ដែលត្រូវបានបង្ខំឱ្យភៀសខ្លួនពីផ្ទះសំបែងរបស់ពួកគេនៅក្នុងជម្លោះមុនៗ។
អាជ្ញាធរនៅតំបន់ Darfur ខាងលិចបានដាក់បម្រាមគោចរទូទាំងរដ្ឋ ខណៈដែលរដ្ឋាភិបាលអន្តរកាលនៃប្រទេសស៊ូដង់ នៅក្នុងរដ្ឋធានីនេះ បានដាក់យោធាជាច្រើនកងនៅក្នុងតំបន់ភាគខាងលិចពីទីក្រុងខារទុំ និងផ្នែកដទៃនៃប្រទេសនេះ ដើម្បីរក្សាសណ្តាប់ធ្នាប់ឡើងវិញ។
លោក al-Douma បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃអង្គារថា៖ «មិនមានការប៉ះទង្គិចគ្នាទេ កាលពីថ្ងៃអាទិត្យ ប៉ុន្តែមានការលួចទ្រព្យសម្បត្តិជាពិសេសនៅតាមផ្ទះ និងកសិដ្ឋានរបស់ប្រជាជនដែលរស់នៅក្នុងជំរំជនភៀសខ្លួន Kerindig»។
«ស្ថានភាពស្ងប់ស្ងាត់នៅក្នុងរដ្ឋនេះ ខណៈដែលកងកម្លាំងសន្តិសុខត្រូវបានដាក់ពង្រាយនៅក្នុង និងជុំវិញទីក្រុង El Geneina និងជំរំ Kerindig»។
លោក Al-Douma បានថ្លែងថា ផ្ទះជាច្រើនខ្នងបានឆេះ និងផលិតផលកសិកម្មនៅតាមភូមិក្បែរជំរំ El Geneina ត្រូវគេលួច ប៉ុន្តែលោកបានបន្ថែមថា យើងបានបញ្ជូនកងកម្លាំងសន្តិសុខទៅកាន់ភូមិទាំងនោះ ហើយឥឡូវនេះមានសុវត្ថិភាព។
ចំណែកការប៉ះទង្គិចដាច់ដោយឡែកកាលពីថ្ងៃចន្ទនៅតំបន់ Darfur ខាងត្បូងរវាងសមាជិកក្រុមជនជាតិភាគតិច Fallata និងក្រុមកុលសម្ព័ន្ធបានបណ្តាលឱ្យមនុស្សយ៉ាងតិច ៥៥ នាក់ស្លាប់ និង ៣៧ នាក់ផ្សេងទៀតរងរបួស។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការ SUNA បានរាយការណ៍ថា វត្តមានកងទ័ពយ៉ាងច្រើននៅទីនោះ ក៏បានជួយស្តារសណ្តាប់ធ្នាប់ឡើងវិញដែរ។
មេដឹកនាំកុលសម្ព័ន្ធលោក Mohamed Saleh បានថ្លែងប្រាប់ AFP តាមទូរស័ព្ទថា មិនមានការប៉ះទង្គិចទេ ហើយស្ថានភាពស្ងប់ស្ងាត់ ដោយបានបន្ថែមថា ប្រជាជនមានការព្រួយបារម្ភ ដោយសារភ័យខ្លាចមានអំពើហិង្សាផ្ទុះឡើងជាថ្មីទៀត។
អំពើហិង្សាថ្មីៗនេះ គឺអាក្រក់បំផុតចាប់តាំងពីចុះកិច្ចព្រមព្រៀងសន្តិភាពនៅក្នុងខែតុលា ដែលក្រុមអ្នកសង្កេតការណ៍សង្ឃឹមថា នឹងបញ្ចប់សង្គ្រាមរយៈពេលជាច្រើនឆ្នាំនោះ៕