ក្រុងកូឡុំបូ: ស្រីលង្កាបានធ្វើការប្រកាសកាលពីថ្ងៃសុក្រថាខ្លួននឹងបង្កើតប៉ុស្តិ៍ប៉ូលិសថ្មីៗទៀតនិងបង្កើនការយាមល្បាតនៅរមណីយដ្ឋានប្រជាប្រិយជាច្រើនកន្លែងបន្ទាប់ពីមានការវាយប្រហារពាក់ព័ន្ធបញ្ហាផ្លូវភេទជាបន្តបន្ទាប់និងអំពើហិង្សាមានគោលដៅលើក្រុមអ្នកទេសចរបរទេស។
មេបញ្ជាការប៉ូលិសលោក Pujith Jayasundara បានឲ្យដឹងថាស្នងការប៉ូលិសថ្មីៗ២០កន្លែងទៀតនឹងត្រូវបង្កើតឡើងនៅចំណុចក្តៅគគុកត្រង់តំបន់ដំណើរកំសាន្តវិស្សមកាលនានាដើម្បីការពារក្រុមភ្ញៀវទេសចរពីការវាយប្រហារពីក្រុមអ្នកដើរពពាយនាយលក់និងក្រុមឧក្រិដ្ឋជននានាថ្វីបើមានក្តីបារម្ភយ៉ាងនេះក៏ដោយកងកម្លាំងរបស់លោកត្រូវបានដាក់ពង្រាយរួចជាស្រេច។
លោកJayasundara បានថ្លែងថា៖«ខ្ញុំបួងសួងសុំឲ្យពួកយើងមានកងកម្លាំងនិងធនធានច្រើនសម្រាប់ការអនុវត្តចំពោះកិច្ចការនេះក៏ប៉ុន្តែយើងក៏កំពុងតែធ្វើការកែសម្រួលខ្លះៗចំពោះការដាក់ពង្រាយកងកម្លាំងរបស់យើងដើម្បីធានាបាននូវផលិតភាពប្រសើរជាងនេះ»។
លោកបានថ្លែងបន្ថែមថាវិធានការទាំងនោះត្រូវបានសម្រេចធ្វើឡើងបន្ទាប់ពីអ្នកទេសចរជនជាតិហូលឡងដ៍ត្រូវបានប្រមាថអាសគ្រាមផ្លូវភេទនិងក្រុមអ្នកទេសចរជាច្រើននាក់ដទៃទៀតត្រូវបានវាយប្រហារដោយក្រុមជនមួយក្រុមនៅឯសណ្ឋាគារមួយនៅក្នុងទីប្រជុំជនរមណីយដ្ឋាន Mirissa ភាគខាងត្បូងកាលពីសប្តាហ៍មុន។
ក្រុមប៉ូលិសបានឲ្យដឹងថាអ្នកទេសចរអ៊ីស្រាអែល៥នាក់ត្រូវបានគេវាយរហូតដល់សន្លប់បាត់ស្មារតីនៅក្នុងតំបន់ដដែលនេះនាសប្តាហ៍នេះហើយមនុស្ស១៤នាក់ត្រូវបានចាប់ខ្លួនអំឡុងឧប្បត្តិហេតុចំនួនពីរ។
របាយការណ៍សារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយអំពីបណ្តឹងពាក់ព័ន្ធការបៀតបៀនផ្លូវភេទដោយក្រុមភ្ញៀវបរទេសដែលភាគច្រើនស្ទាក់ស្ទើរមិនធ្វើការប្តឹងជាផ្លូវការដោយសារការភ័យខ្លាចការប្រើប្រាស់ពេលវេលាយូរក្នុងការទទួលការជំនុំជម្រះរឿងក្តីពីតុលាការ។
រដ្ឋមន្ត្រីទេសចរណ៍ លោកJohn Amaratungaបានអំពាវនាវឲ្យក្រុមជនរងគ្រោះដំណើររឿងក្តីទាំងនោះដល់តុលាការនិងបានសន្យាចេញប្រាក់ចំណាយទាំងអស់ជូនក្រុមជនណាដែលវិលត្រឡប់មកកាន់ទីកោះនេះវិញជួយកំណត់ភិនភាគក្រុមជនអ្នកប្រព្រឹត្តអំពើអាក្រក់រំលោភបំពានទាំងនេះ។
កាលពីឆ្នាំទៅក្រសួងការបរទេសអាមេរិកបានព្រមានថាឧក្រិដ្ឋកម្មពាក់ព័ន្ធបញ្ហាផ្លូវភេទប្រឆាំងកំពុងមានការកើនឡើងខ្លាំងនៅក្នុងប្រទេសស្រីលង្កា៕ AFP/ SN