ក្រុង​ប៊ុយដាប៉ែស៖ ​ប្រទេស​ហុងគ្រី ​កាល​ពី​ថ្ងៃ​ពុធ​ បាន​យល់ព្រម​ទិញ​មីស៊ីល​បាញ់​ពី​អាកាស​ទៅ​អាកាស​ក្នុង​តម្លៃ​ជា​ទឹក​ប្រាក់ ​១ ​ពាន់​លាន​ដុល្លារ​ពី​អាមេរិក​ ជា​កិច្ច​ព្រមព្រៀង​មួយ​ដែល​ប្រេសិត​ពិសេស​របស់​ក្រុង​វ៉ាស៊ីនតោន​ប្រចាំ​​នៅ​ទីក្រុង​ប៊ុយដាប៉ែស​ បាន​ពិពណ៌នា​ថា ​ជា​ការ​ទិញ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​បំផុត​ មិន​ធ្លាប់​មាន​ពី​មុន​របស់​សមាជិក​អឺរ៉ុប​ ពី​ប្រទេស​របស់​លោក​។​

យោង​តាម​ទីភ្នាក់ងារ​​ព័ត៌មាន ​MTI​ របស់​ប្រទេស​ហុងគ្រី​ បាន​ឲ្យ​ដឹង​ថា ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ហុងគ្រី​ គឺ​លោក ​ទីប៊រ​ ប៊ិនកូ​ បាន​ចុះ​ហត្ថលេខា​នៅ​ក្នុង​លិខិត​បង្ហាញ​បំណង ១​ ដើម្បី​ទិញ​មីស៊ីល​ចម្ងាយ​មធ្យម​​ទំនើប​​​ដែល​អាច​បាញ់​ពី​ដែន​អាកាស​មួយ​ទៅ​ដែន​អាកាស​មួយ​ជាមួយ​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ គឺ​លោក​ដាវីដខន​ស្ទើរអ៊ីន​។ លោក ​ដាវីដ ​ខនស្ទើអ៊ីន ​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ ការ​បញ្ជា​ទិញ​ប្រព័ន្ធ​មីស៊ីល​ចម្ងាយ​មធ្យម​ដែល​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក ឈ្មោះ ​Raytheon​ Technologies ​គឺ​ជា ​«ការ​ទិញ​ប្រព័ន្ធ​មីស៊ីល​ការពារ​ជាតិ​ក្នុង​​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​បំផុត​ មិន​ធ្លាប់​មាន​ពី​មុន​» ​របស់​ប្រទេស​ហុងគ្រី ​ដែល​ជា​សមាជិក​អង្គការ​ណាតូ​ពី​ប្រទេស​អាមេរិក​។​

លោក​បាន​ថ្លែង​ថា​ ការ​បញ្ជា​ទិញ​ក្នុង​តម្លៃ​ទឹក​ប្រាក់​​ប្រហែល ​១ ​ពាន់​លាន​ដុល្លារ​នោះ​ នឹង ​«​កែ​លម្អ​ និង​ធ្វើ​ឲ្យ​ទាន់​សម័យ​ឡើង​វិញ​នូវ​សមត្ថភាព​ការពារ​ដែន​អាកាស​របស់​​ហុងគ្រី​ និង​ដើម្បី​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​សម័យ​សហភាព​សូវៀត​របស់​ខ្លួន​ចេញ​​»​។

រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី វិកទ័រ អូរបាន់​ កាល​ពី​ពេល​កន្លង​ទៅ​ បាន​កំពុង​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ទៅ​លើ​វិស័យ​យោធា​ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

សមាមាត្រ​ផលិត​ក្នុង​ស្រុក​សរុប​​របស់​ប្រទេស​ហុងគ្រី​ បាន​ចំណាយ​ទៅ​លើ​វិស័យ​ការពារ​ជាតិ​បាន​កើន​ឡើង​ចាប់​ពី ​០,៩៥ ​ភាគរយ​ នៅ​ក្នុង​ឆ្នាំ ​២០១៣​ រហូត​ដល់​ចំនួន ​១,២១ ​ភាគរយ​ នៅ​ក្នុង​ឆ្នាំ ​២០១៩​។​

ប៉ុន្តែ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ លោក ​ម៉ៃក៍​ ប៉ុមប៉េអូ​ ​បាន​ចាកចេញ​ពី​ទីក្រុង​ប៊ុយដាប៉ែស​ ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​ទៅ​កាន់​ក្រុម​ប្រទេស​អឺរ៉ុប​ភាគ​កណ្តាល​ នៅ​សប្តាហ៍​នេះ​ ដើម្បី​ពិភាក្សា​អំពី​ការ​ដាក់​ពង្រាយ​កងកម្លាំង​អាមេរិក​ ខណៈ​ប្រទេស​ចិន ​និង​រុស្ស៊ី​ កំពុង​​ពង្រីក​​ឥទ្ធិពល​នៅ​ក្នុង​តំបន់​នោះ​៕​ AFP/SK