«យើងមានឱកាស ដើម្បីរក្សាប្រជាជាតិអឺរ៉ុបឱ្យមានភាពរឹងមាំ មានសេរីភាព ស្របជាមួយសហរដ្ឋអាមេរិក ចំណុចទាំងនេះហើយជាអ្វីដែលប្រទេសខ្ញុំចង់បាន។ ជាមួយនឹងការផ្គត់ផ្គង់ថវិកាគ្រប់គ្រាន់ គួបផ្សំការផ្តោតលើការធ្វើសកម្មភាព នៃគម្រោងគំនិតផ្តួចផ្តើមសមុទ្រទាំង ៣ (Three Seas Initiative) នឹងអាចជួយឱ្យសម្រេចបាននូវគោលដៅរួមទាំងអស់នេះ»។ នេះគឺជាសម្ដីរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo នៅក្នុងកិច្ចប្រជុំតាមរយៈវីដេអូនៃគម្រោងគំនិតផ្តួចផ្តើមសមុទ្រទាំង ៣ (Three Seas Initiative ឬ ហៅកាត់ថា 3SI) កាលពីថ្ងៃចន្ទទី ១៩ តុលា។
គម្រោង 3SI ត្រូវគេស្គាល់ថា ជាគម្រោងរួមមួយនៃសមុទ្របាល់ទិក សមុទ្រអាឌ្រីអាទិក និងសមុទ្រខ្មៅ (BABS)។ គម្រោងនេះបង្កើតឡើងនៅឆ្នាំ ២០១៥ ដោយប្រទេសប៉ូឡូញ និងប្រទេសក្រូអាស៊ី ក្នុងគោលបំណងធ្វើឱ្យមានកិច្ចសហការគ្នា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យថាមពល ដឹកជញ្ជូន និងទំនាក់ទំនងឌីជីថល។
ប្រទេសទាំង ១២ នៃគម្រោង 3SI គឺជាសមាជិកសហភាពអឺរ៉ុបមកពីតំបន់អឺរ៉ុបកណ្ដាល និងអឺរ៉ុបខាងកើតរួមមាន៖ ប្រទេសអូទ្រីស ប៊ុលហ្គារី ក្រូអាស៊ី សាធារណរដ្ឋឆែក អេស្តូនី ហុងគ្រី ឡេតូនី លីទុយអានី ប៉ូឡូញ រូម៉ានី ស្លូវ៉ាគី និង ស្លូវេនី។
សមាជិកទាំងអស់របស់ 3SI លើកលែងតែអូទ្រីស គឺជាប្រទេសអភិវឌ្ឍន៍តិចតួចបំផុតក្នុងចំណោមប្រទេសជាសមាជិកសហភាពអឺរ៉ុប។ ដែនដីប្រទេសទាំងនេះ គឺស្មើនឹង ២៨ ភាគរយ នៃទំហំទឹកដីរបស់សហភាពអឺរ៉ុប និងមាន ២២ ភាគរយ នៃចំនួនប្រជាជនសរុប ប៉ុន្តែមានការចូលរួមសកម្មភាពសេដ្ឋកិច្ចត្រឹមតែ ១០ ភាគរយ នៃ GDP របស់ EU។
មេដឹកនាំប្រទេសទាំងនេះបានលើកឡើងនូវការវិនិយោគទៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចជា ការសាងសង់បំពង់ឧស្ម័នធម្មជាតិតភ្ជាប់ពីប្រទេសប៉ូឡូញ ទៅក្រូអាស៊ី ការសាងសង់ស្ថានីយនាំចូលឧស្ម័នធម្មជាតិនៅកំពង់ផែនៃប្រទេសនីមួយៗ ការសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីសមុទ្របាល់ទិក ដល់សមុទ្រមេឌីទែរ៉ាណេ។ ក៏ប៉ុន្តែរហូតមកទល់ពេលនេះគម្រោងគំនិតផ្តួចផ្តើមសមុទ្រទាំង ៣ មានការរីកចម្រើនតិចតួច ដោយសារកង្វះថវិកា ខណៈប្រទេសជាសមាជិកមិនបានបង់ចំណែករបស់ពួកគេនៅក្នុងមូលនិធិសម្រាប់វិនិយោគរួម។
នៅខែកុម្ភៈ ឆ្នាំ ២០២០ លោក Pompeo បានសន្យាថា អាមេរិកនឹងផ្ដល់ថវិកាចំនួន ១ ពាន់លានដុល្លារសម្រាប់មូលនិធិនេះ។ អ្នកវិភាគមួយចំនួនបានគិតថា សហរដ្ឋអាមេរិកខំប្រឹងគាំទ្រគម្រោងនេះ ដោយសារចង់កាត់បន្ថយឥទ្ធិពលរបស់ចិន និងរុស្ស៊ី ក្នុងតំបន់អឺរ៉ុប។
នៅក្នុងកិច្ចប្រជុំជាមួយប្រទេសទាំង ១២ ដដែលនេះ លោក Mike Pompeo បាននិយាយថា៖ «ខណៈយើងកំពុងអង្គុយនៅទីនេះ អ្នកផ្ដាច់ការនិយមនៅម៉ូស្គូ និងប៉េកាំងកំពុងតែប្រើឧបាយកលយកកិច្ចព្រមព្រៀងហេដ្ឋារចនាសម្ព័ន្ធ ធ្វើជាមធ្យោបាយ ដើម្បីពង្រីកយុទ្ធសាស្ដ្រ និងនយោបាយគ្របដណ្ដប់លើជនសេរីនិយម។ យើងបានឃើញករណីនេះជាមួយនឹង Nord Stream2។ យើងក៏បានឃើញពីផលប៉ះពាល់នៃកិច្ចព្រមព្រៀងហេដ្ឋារចនាសម្ព័ន្ធរបស់ចិនរួចហើយនៅជុំវិញពិភពលោក ដែលរាប់ចាប់ពីនៅប៉ាគីស្ថាន ម៉ុងតេណេហ្គ្រោ និងប៉ាគីស្ថាន»។
កាលពីខែសីហា លោក Pompeo បានធ្វើទស្សនកិច្ចនៅប្រទេសអូទ្រីស សាធារណរដ្ឋឆែក ប៉ូឡូញ និងស្លូវេនី ដើម្បីផ្សព្វផ្សាយកម្មវិធី Clean Network របស់អាមេរិក ដែលគម្រោងនេះមានគោលបំណងហាមឃាត់ការប្រើប្រាស់ឧបករណ៍ប្រព័ន្ធទូរស័ព្ទ 5G ផលិតដោយក្រុមហ៊ុន Huawei របស់ចិន។ ប្រទេសជាសមាជិក 3SI ភាគច្រើនបានជ្រើសរើសចៀសវាងផលិតផលនេះ ហើយប្រទេសអេស្តូនី ក៏បានសម្រេចចូលរួមក្នុងកម្មវិធី Clean Network របស់អាមេរិក។
ការសន្យាឧបត្ថម្ភថវិការបស់អាមេរិកក៏ត្រូវបានគេគិតថា ជាសកម្មភាពពង្រឹងគម្រោងគំនិតផ្តួចផ្តើមសមុទ្រទាំង ៣ ដើម្បីកាត់បន្ថយឥទ្ធិពលនៃគម្រោងក្រវាត់ និងផ្លូវរបស់ចិន។ អេស្តូនី និងហ្វាំងឡង់ បានខ្ចីថវិកាពីគម្រោងក្រវាត់ និងផ្លូវ ដើម្បីសាងសង់ផ្លូវក្រោមសមុទ្រ ដើម្បីតភ្ជាប់ប្រទេសទាំង ២។
អាមេរិកក៏បានប្រឆាំងនឹងការសាងសង់បំពង់ឧស្ម័នធម្មជាតិ Nord Stream 2 របស់រុស្ស៊ីដោយបានអះអាងថា បំពង់នេះនឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរបស់វិស័យថាមពលអឺរ៉ុប។ អាមេរិកបានជំរុញឱ្យធ្វើការសាងសង់ស្ថានីយនាំចូលឧស្ម័នធម្មជាតិតាមរយៈគម្រោង 3SI ដើម្បីលក់ឧស្ម័នធម្មជាតិរបស់ខ្លួនក្នុងទីផ្សារអឺរ៉ុប។
ក្រៅពីនេះសហរដ្ឋអាមេរិកក៏មានពាក់ព័ន្ធនឹងគម្រោងថាមពលជាច្រើនទៀតនៅក្នុងតំបន់។ ជាក់ស្តែង នៅរូម៉ានី អាមេរិកបានសន្យាចំណាយ ៨ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ឬធ្វើទំនើបកម្មទៅលើរោងចក្រដែលមានស្រាប់៕