ករណីឆ្លងកូវីដ ១៩ នៅប្រទេសឥណ្ឌាមានការកើនឡើងខ្លាំងបំផុតក្នុងប៉ុន្មានខែកន្លងមកនេះ ដោយកាលពីថ្ងៃអង្គារកន្លងទៅ ប្រទេសនេះបានរកឃើញករណីថ្មីចំនួន ២៩៥ ០៤១ ក្នុង ១ ថ្ងៃ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន និងជាសញ្ញាណមួយបង្ហាញថា ករណីកូវីដនឹងមិនងាយថយចុះក្នុងរយៈពេលខ្លីនោះឡើយ។
បើយោងតាមសារព័ត៌មាន The Guardian មានកត្តាចំនួន ៤ ធំៗ ដែលបណ្ដាលឱ្យរលកទី ២ នេះកាន់តែកាចសាហាវជាងរលកទី ។ កត្តាទី ១ គឺ កង្វះការត្រៀមខ្លួនរបស់រដ្ឋាភិបាល។ កាលពីដើមខែកុម្ភៈកន្លងទៅ ស្ថានភាពកូវីដ១៩ នៅប្រទេសនេះហាក់ដូចជាស្ថិតនៅក្នុងការគ្រប់គ្រងបាននៅឡើយ ដោយមានករណីឆ្លងថ្មីប្រចាំថ្ងៃប្រមាណជាង ១០ ០០០ នាក់ក្នុង ១ ថ្ងៃប៉ុណ្ណោះ ដែលនេះត្រូវបានគេចាត់ទុកថា មានកម្រិតទាបហើយសម្រាប់ប្រទេស ដែលមានប្រជាជន ១,៣ ពាន់លាននាក់ដូចប្រទេសឥណ្ឌា។
ប៉ុន្តែក្រោយមកចំនួនករណីវិជ្ជមានបានកើនឡើងដល់ទៅ ២០ ដងក្នុងអំឡុងពេលដែលរដ្ឋាភិបាលបាត់បង់ការប្រុងប្រយ័ត្ន និងមិនបានត្រៀមទុកជាមុន។ លោក Bhramar Mukherjee អ្នកជំនាញជីវវិទ្យានៅសាកលវិទ្យាល័យ Michigan ដែលតែងតាមដានករណីនេះនៅឥណ្ឌាបានឱ្យដឹងថា ប្រទេសឥណ្ឌាមិនបានស្វែងយល់អំពីករណី ដែលប្រទេសអាចនឹងទទួលរលកនូវរលកថ្មីជាច្រើនលើក ដូចក្នុងករណីនៅប្រទេសប្រេស៊ីល និងចក្រភពអង់គ្លេស ដើម្បីត្រៀមរួចរាល់សម្រាប់ស្ថានភាពស្រដៀងគ្នានោះទេ។
កត្តាទី ២ គឺកត្តាវ៉ារ្យ៉ង់ថ្មីនៃវីរ៉ុសកូវីដ១៩ និងការមិនបានព្រាងទុករបស់វិស័យសុខាភិបាល ដែលត្រូវបានមនុស្សភាគច្រើនអះអាងថា ជាកត្តាចម្បង ដែលជំរុញឱ្យមានរលកទី ២ នេះ។ មានរបាយការណ៍ជាច្រើនបានរាយការណ៍អំពីចំនួនករណីកង្វះគ្រែពេទ្យ និងសម្ភារផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រនៅមន្ទីរពេទ្យ ជាពិសេស ឧស្ម័នអុកស៊ីហ្ស៊ែន។ លោក A Velumani ប្រធាន និងជានាយកគ្រប់គ្រងនៅមន្ទីរពិសោធន៍ឯកជនធំបំផុតរបស់ឥណ្ឌា Thyrocare បាននិយាយថា ម្នាក់ៗគ្មានបានព្រាងទុកចំពោះករណីដ៏ច្រើនបែបនេះទេ។ ចំនួននេះមានចំនួនច្រើនជាងឆ្នាំមុនដល់ទៅ ៣ ដងឯណោះ។
អ្នកជំនាញភ័យខ្លាចថា កត្តាវ៉ារ្យ៉ង់ថ្មីនេះបង្កឱ្យករណីឆ្លងនៅរលកទី ២ នេះ ហើយប្រទេសឥណ្ឌាដើរទៅតាមគន្លងប្រទេសប្រេស៊ីលដោយបារម្ភថា នឹងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសុខាភិបាល និងសេដ្ឋកិច្ចផងដែរ។ លោក K Srinath Reddy ប្រធានមូលនិធិសុខភាពសាធារណៈនៃប្រទេសឥណ្ឌាបានឱ្យដឹងថា៖ «ប្រព័ន្ធសុខាភិបាលមិនបានត្រៀមខ្លួនចំពោះរលកទី ២ នេះទេ។ មនុស្សជាច្រើននៅក្នុងរដ្ឋបាល ទូទាំងប្រទេសមិននឹកស្មានថា វានឹងកើនឡើងច្រើនដូចនេះទេ ហើយអ្នកខ្លះក៏បានសន្មតថា ប្រទេសគ្រប់គ្រងបានហើយ»។
កត្តាទី ៣ គឺប្រកាសបញ្ចប់ការបិទខ្ទប់ប្រទេសលឿនពេក។ ប្រទេសឥណ្ឌា ត្រូវបានគេកោតសរសើរ ចំពោះវិធានការបិទខ្ទប់ប្រទេសយ៉ាងឆាប់រហ័សកាលពីឆ្នាំមុន ប៉ុន្តែក៏ត្រូវទទួលរងការរិះគន់ដែរ ដោយសាររដ្ឋាភិបាលអនុញ្ញាតឱ្យបន្ធូរបន្ថយការបិទខ្ទប់លឿនពេក។ លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌាបានបដិសេធនឹងការលើកឡើងថា វិធានការទូទាំងប្រទេសគួរតែត្រូវរឹតបន្តឹងក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យហិណ្ឌូផងដែរ។
លោក Modi និងគណបក្ស Bharatiya Janata របស់លោកត្រូវបានគេចោទប្រកាន់ថា បានចាត់ទុកផលប្រយោជន៍នយោបាយធំជាងបញ្ហាសុខភាពសាធារណៈ ដោយអនុញ្ញាតឱ្យមានការប្រារព្ធពិធីបុណ្យ ជាពិសេសពិធីបុណ្យ Kumbh Mela ដែលជាការជួបជុំដ៏ធំមួយនៅ Haridwar ដែលបានទាក់ទាញមនុស្សជាង ២៥ លាននាក់ចាប់តាំងពីខែមករា ដោយក្នុងនោះមានមនុស្សប្រហែល ៤,៦ លាននាក់បានចូលរួមកាលពីសប្តាហ៍មុន និងភាគច្រើនមានការធ្វេសប្រហែស និងមិនអើពើគោរពតាមគោលការណ៍ការពារជំងឺឆ្លងនោះទេ។
កត្តាចុងក្រោយនោះ គឺការចែកចាយវ៉ាក់សាំង។ ប្រទេសឥណ្ឌាបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងដ៏ធំមួយ ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់ ដើម្បីទប់ទល់នឹងស្ថានភាពនៅឡើយទេ។ ឥណ្ឌាបាននាំចូលវ៉ាក់សាំងប្រមាណ ១០០ លានដូស ប៉ុន្តែប្រទេសនេះបែរជាត្រូវជួបបញ្ហាកង្វះការផ្គត់ផ្គង់វ៉ាក់សាំងទៅវិញ។ រដ្ឋាភិបាលបានឱ្យដឹងកាលពីសប្តាហ៍មុនថា ប្រទេសនេះនៅសល់វ៉ាក់សាំងតិចជាង ២៧ លានដូសទៀតប៉ុណ្ណោះ ដែលគ្រប់គ្រាន់សម្រាប់ចែកចាយក្នុងរយៈពេលតែ ៩ ថ្ងៃ។
គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌាគឺជាប្រទេសផលិតវ៉ាក់សាំងធំជាងគេបំផុតនៅលើពិភពលោក ហើយបច្ចុប្បន្នត្រូវបានគេរំពឹងថានឹងបង្វែរផលិតកម្មមួយចំនួនរបស់ខ្លួន ដើម្បីប្រើប្រាស់ក្នុងស្រុកវិញ ដែលជាហេតុបង្កឱ្យមានការព្រួយបារម្ភអំពីបញ្ហាកង្វះខាតផ្គត់ផ្គង់ឱ្យប្រទេសផ្សេងទៀតនៅលើពិភពលោក៕