អគ្គរដ្ឋ​អាជ្ញា​អាមេរិក​លោក​ William Barr ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ ​ទី ១​ ខែ​ធ្នូ ថា ​ក្រសួង​យុត្តិធម៌​អាមេរិក​មិន​បាន​រក​ឃើញ​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា ​មាន​ការ​ក្លែងបន្លំ​ទ្រង់ទ្រាយ​ធំ​ណា​មួយ ដែល​អាច​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី ៣​ ខែ​វិច្ឆិកា​ នោះ​ទេ​។

ការ​លើក​ឡើង​របស់​លោក​ Barr ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ភ្នាក់ងារ​ព័ត៌មាន​ The Associated Press ​បែប​នេះ​ គឺ​ផ្ទុយ​ពី​ការ​អះអាង​ដោយ​មិន​មាន​មូលដ្ឋាន​របស់​លោក​ប្រធានាធិបតី Donald Trump ​និង​ក្រុម​មេធាវី​ផ្ទាល់​ខ្លួន​របស់​លោក​ថា ​មាន​ការ​ក្លែងបន្លំ​អត្តសញ្ញាណ​អ្នក​បោះឆ្នោត ​និង​ក្លែង​សន្លឹកឆ្នោត​ផ្ញើ​តាម​សំបុត្រ​ក្នុង​ការ​បោះឆ្នោត​ ៣ ​វិច្ឆិកា។

លោក​ Barr ​បាន​និយាយ​ថា៖ «រហូត​​មក​ដល់​បច្ចុប្បន្ន​នេះ​ យើង​មិន​បាន​ឃើញ​ការ​ក្លែង​បន្លំ​ក្នុង​កម្រិត​មួយ​ដែល​អាច​ជះ​ឥទ្ធិពល​ដល់​លទ្ធផល​ក្នុង​ការ​បោះឆ្នោត​នោះ​ទេ​»។

លោក Barr ​ក៏​បាន​ច្រានចោល​ការ​ផ្សព្វផ្សាយ​របស់​ក្រុម​មេធាវី​ផ្ទាល់​ខ្លួន​លោក ​Trump ​ដែល​បាន​អះអាង​ថា ម៉ាស៊ីន​រាប់​​សន្លឹក​ឆ្នោត​ផលិត​ដោយ​ក្រុមហ៊ុន​ Dominion Voting Systems​ បាន​ត្រឡប់​សន្លឹក​ឆ្នោត​លោក​ Trump ​ទៅ​ជា​សន្លឹក​​លោក ​Biden​ និង​អះអាង​ថា​ កម្មវិធី​ដំណើរការ​របស់​ម៉ាស៊ីន​ទាំង​នេះ​ គឺ​បង្កើត​ដោយ​អតីត​ប្រធានាធិបតី​វេណេហ្ស៊ីយអេឡា​​លោក Hugo Chavez ​ដែល​ស្លាប់​តាំង​ពី​ឆ្នាំ​ ២០១៣។

លោក Barr ​និយាយ​ថា៖​ «មាន​ការ​អះអាង​មួយ​ដែល​អាច​​​ជា​ការ​លួច​បន្លំ​លក្ខណៈ​ជា​ប្រព័ន្ធ​​ហើយ​ការ​អះអាង​នោះ​គឺ​​ថា ​ម៉ាស៊ីន​រាប់​សន្លឹក​ឆ្នោត​ត្រូវ​បាន​គេ​រៀបចំ​ចេញ​លទ្ធផល​លម្អៀង។ ក្រសួង​សន្តិសុខ​មាតុភូមិ​ និង​ក្រសួង​យុត្តិធម៌​ក៏​បាន​ពិនិត្យ​លើ​​រឿង​នេះ​ផង​ដែរ​ ប៉ុន្តែ​មក​ដល់​ពេល​នេះ​យើង​មិន​អាច​រក​ឃើញ​អ្វី​ដែល​អាច​បញ្ជាក់​បាន​ឡើយ។»

ជា​ការ​កត់​សម្គាល់​លោក​ Barr ​គឺ​ជា​អ្នក​គាំទ្រ​លោក​ Trump ​ខ្លាំង​បំផុត​ក្នុង​ចំណោម​គណៈ​រដ្ឋមន្ត្រី​បច្ចុប្បន្ន។ ​តាំង​ពី​ពេល​មុន​បោះ​ឆ្នោត​ លោក​ Barr បាន​អះអាង​ជា​ច្រើន​លើក​ច្រើន​សា​ថា ​ការ​បោះ​ឆ្នោត​​​តាម​ប្រអប់​សំបុត្រ​ គឺ​ងាយ​នឹង​រង​ការ​ក្លែងបន្លំ។​

ក្រោយ​ការ​បោះឆ្នោត​លោក ​Barr ​បាន​ចេញ​ការ​ណែនាំ​ទៅ​កាន់​រដ្ឋអាជ្ញា​ទូទាំង​ប្រទេស​អាមេរិក ​ឱ្យ​ស៊ើប​អង្កេត​ទៅ​លើ​ការ​ចោទ​ប្រកាន់​ណា​មួយ ដែល​ទាក់ទង​នឹង​ភាព​មិន​ប្រក្រតី​ការ​បោះឆ្នោត។​ ដូច្នេះ​ចង់​មិន​ចង់​សម្តី​របស់​លោក ​Barr ក្នុង​ការ​សម្ភាស​នេះ​ គឺ​បាន​ច្រានចោល​ការ​អះអាង​ទាំង​អស់​នា​ពេល​កន្លង​មក។

លោក​ Trump​ មិន​បាន​អត្ថាធិប្បាយ​លើ​សម្តី​របស់​លោក ​Barr​ តែ​លោក​មេធាវី ​Rudy Giuliani​ បាន​ច្រាន​ចោល​ការ​វាយ​តម្លៃ​របស់​លោក ​Barr។ លោក Giuliani បាន​សរសេរ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា៖ «ដោយ​គោរព​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អគ្គរដ្ឋអាជ្ញា ​មតិ​របស់​លោក​ហាក់​ដូច​ជា​គ្មាន​ចំណេះដឹង ​ឬ​ការ​ស៊ើប​អង្កេត​អំពីភាព​មិន​ប្រក្រតី​ និង​ភ័ស្តុតាង​នៃ​ការ​ក្លែងបន្លំ​លក្ខណៈ​ជា​ប្រព័ន្ធ​។»

លោក​ Giuliani​ បាន​បន្ត​ទៀត​ថា៖ «យើង​មាន​សាក្សី​ជា​ច្រើន​បាន​ស្បថ​ថា ​ពួក​គេ​បាន​ឃើញ​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បន្លំ​អត្តសញ្ញាណ​អ្នក​បោះ​ឆ្នោត។ តាម​ដែល​យើង​ដឹង​មិនមែន​មាន​មនុស្ស​ម្នាក់​ណា ​ដែល​ត្រូវ​បាន​សម្ភាស​ដោយ​ក្រសួង​យុត្តិធម៌។ ក្រសួង​យុត្តិធម៌​ក៏​មិន​បាន​ធ្វើ​សវនកម្ម​លើ​ម៉ាស៊ីន​បោះឆ្នោត​ណា​មួយ​ឡើយ​ ឬ​ប្រើ​អំណាច​ដីកា​របស់ខ្លួន ​ដើម្បី​ស្វែងរក​ការ​ពិត។»

ក្រុម​មេធាវី​ដឹកនាំ​ដោយ​លោក ​Giuliani បាន​ដាក់​ពាក្យ​បណ្ដឹង​នៅ​រដ្ឋ​សំខាន់​ចំនួន​ ៦ ​ដើម្បី​ធ្វើ​ការ​ត្រឡប់​លទ្ធផល​ពី​លោក​ Biden ​ទៅ​លោក ​Trump វិញ​តាម​ការ​ចោទ​ប្រកាន់​ដោយ​មិន​មាន​ភ័ស្តុតាង​ទាំង​នេះ។ ​ក្នុង​​រដ្ឋ​ទាំង ៦ ​ក្រុម​មេធាវី​ និង​សហការី​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រមាណ​ជាង​ ៤០។ ពាក្យ​បណ្ដឹង​សឹង​ទាំង​អស់​ត្រូវ​បាន​ទទួល​បរាជ័យ។

មក​ដល់​ពេល​នេះ​ លោក ​Biden ​ត្រូវ​បាន​គេ​សន្មត​ថា ​ទទួល​បាន​អង្គ​បោះឆ្នោត​ ៣០៦ ​ធៀប​នឹង​​ ២៣២ ​របស់​លោក ​Trump។ រដ្ឋ​សំខាន់​ដូច​ជា ​Arizona, Georgia, Michigan, Nevada, Pennsylvania, និង Wisconsin​ បាន​ធ្វើ​ការ​បញ្ជាក់​លទ្ធផល​បោះឆ្នោត​រួច​ហើយ​​តែ​លោក ​Trump នៅ​បន្ត​ប្ដឹង​ឱ្យ​លុប​ចោល​ការ​បញ្ជាក់​របស់​រដ្ឋ​ទាំងនេះ​៕