ក្រុង​ម៉ាឌ្រីដ៖ ​​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក អង់តូនីញ៉ូ ​ហ្គុយតឺរេស​ បាន​ព្រមាន​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​មុន​សន្និសីទ​សំខាន់​ស្តីពី​អាកាស​ធាតុ​​ថា​ ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​នៃ​កម្តៅ​ភព​ផែនដី​ដែល​គំរាម​កំហែង​មនុស្ស​ជាតិ ​គឺ​ជា​ការ​រុញ​ច្រាន​ពី​ធម្មជាតិ​ដែល​ត្រូវ​រង​ការ​វាយ​ប្រហារ​ពី​មនុស្ស​នោះ​។​

លោក​បាន​ថ្លែង​ថា៖ «អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​ហើយ​ដែល​មនុស្ស​ជាតិ​បាន​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​​ភព​ផែនដី​​ ហើយ​បច្ចុប្បន្ន​នេះ ​ភព​ផែន​ដី​នេះ កំពុង​វាយ​បក​មក​វិញ ​ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ច​ប្រឹងប្រែង​មិន​​គ្រប់គ្រាន់​របស់​ក្រុម​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​របស់​ពិភព​លោក ​ដើម្បី​ទប់ស្កាត់​ការ​បំពុល​ដោយ​ឧស្ម័ន​កាបូន»។

លោក​ថា៖ «យើង​បាន​ប្រឈម​នឹង​វិបត្តិ​អាកាសធាតុ​ពិភព​លោក​ និង​ចំណុច​គ្មាន​ការ​វិល​ត្រឡប់​មក​រក​ភាព​ដើម​នោះ ​​គឺ​លែង​មាន​លទ្ធភាព​តទៅ​ទៀត​ហើយ​។ យើង​អាច​មើល​ឃើញ​ វា​កំពុង​បង្ក​មហន្តរាយ​ចំពោះ​យើង​​ទាំង​អស់​គ្នា​»។

លោក​ ហ្គុយតឺរេស​ បាន​បង្ហាញ​របាយការណ៍​របស់ ​UN ​ដែល​ត្រូវ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ ដោយ​បាន​អះអាង​ថា​ រយៈពេល ​៥ ឆ្នាំ​ចុង​ក្រោយ​នេះ​ ក្តៅ​បំផុត​បើ​តាម​​របាយការណ៍​នោះ ​ដោយ​ឆ្នាំ ​២០១៩ ​ទំនង​ជា​ក្តៅ​បំផុត​ទី ​២ ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។

លោក​បាន​ថ្លែង​នៅ​មុន​កិច្ច​ពិភាក្សា​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​ COP25​ ដែល​មាន​ប្រទេស ​១៩៦ ​ចូលរួម​នៅ​ក្នុង​ក្រុង​ម៉ា្រឌីដ​ ថា៖ «​មហន្តរាយ​ទាក់ទង​នឹង​អាកាស​ធាតុ​កើត​ឡើង​ជា​ញឹកញាប់​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​ និង​កាន់​តែ​បំផ្លិច​បំផ្លាញ​»។​​

លោក​បាន​បន្ថែម​ថា ​សុខភាព​របស់​មនុស្ស ​និង​សន្តិសុខ​ស្បៀង​ប្រឈម​នឹង​ភាព​គ្រោះ​ថ្នាក់ ​ដោយ​បាន​បញ្ជាក់​ថា ​ការ​បំពុល​បរិយាកាស​ទាក់ទង​ជាមួយ​ការ​ប្រែប្រួល​អាកាសធាតុ​នាំ​ឲ្យ​មនុស្ស​ស្លាប់ ​៧ ​លាន​នាក់ ​ជា​រៀងរាល់​ឆ្នាំ​។

កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ​អំពាវនាវ​ឲ្យ​កាត់​បន្ថយ​កម្តៅ​នៅ​លើ​ភព​ផែនដី​នៅ​ក្រោម ​២ ​អង្សារសេ ​ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​នា​ពេល​ថ្មីៗ​នេះ​ បាន​បញ្ជាក់​ច្បាស់​ថា ​គោល​បំណង​ជំរុញ​របស់​កិច្ច​ព្រមព្រៀង​ត្រឹម ១,៥​ អង្សារសេ​ គឺ​ជា​ការ​កំណត់​ថា​មាន​សុវត្ថិភាព​ច្រើន​ជាង​។

របាយការណ៍​របស់​កម្មវិធី​បរិស្ថាន​អង្គការ​សហប្រជាជាតិ​កាល​ពី​សប្តាហ៍​មុន ​បាន​សន្និដ្ឋាន​ថា ការ​បញ្ចេញ​ឧស្ម័ន​កាបូន​ នឹង​ត្រូវ​ការ​ធ្វើ​ឲ្យ​ថយ​ចុះ​ត្រឹម​ ៧,៦ ​ភាគរយ ​ក្នុង ​១ ឆ្នាំ ​នៅ​ទសវត្សរ៍​ក្រោយ​ ដើម្បី​ឲ្យ​ស្ថិត​នៅ​ក្នុង​​ការ​កំណត់​មួយ​។

លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បញ្ជាក់​ថា ​គោល​បំណង​ត្រឹម ១,៥ ​អង្សារសេ​នេះ អាច​ធ្វើ​បាន៕ AFP/PSA