នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​ Boris​ Johnson​ បាន​បង្ហើប​ពី​គម្រោង​វិនិយោគ​លើ​វិស័យ​យោធា​ធំ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អង់គ្លេស​ ចាប់តាំង​ពី​ប្រទេសមួយ​​នេះ​ មាន​សង្គ្រាម​ត្រជាក់​មក​។​

លោក Johnson​ នឹង​ដាក់​​ចេញ​កិច្ច​ព្រមព្រៀង​ហិរញ្ញវត្ថុ​រយៈ​ពេល​ ៤​ ឆ្នាំ ​សម្រាប់​ក្រសួង​ការពារ​ជាតិ​ ដើម្បី​ «ប្រែ​ក្លាយ»​ វិស័យ​យោធា​ជា​ថ្មី​ដោយ​ពង្រឹង​សមត្ថភាព​កងកម្លាំង​ប្រដាប់​អាវុធ​សំដៅ​ត្រៀម​សមរភូមិ​អ៊ីនធឺណិត​ និង​អាកាស​នា-ពេល​អនាគត​។​

គម្រោង​នេះ ​មាន​រួម​បញ្ចូល​ទាំង​ការ​បង្កើត​ទីភ្នាក់ងារ​មួយ​សំដៅ​បង្កើត​បញ្ញា​សិប្បនិម្មិត ​(​artificial-intelligence​ ទ្រឹស្តី​និង​ការ​បង្កើត​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​អាច​បំពេញ​ការងារ​បាន​ច្រើន​យ៉ាង) ​និង​ «បញ្ជា​បាញ់​ទៅ​លើ​អាកាស​»​ ដែល​អាច​បាញ់​រ៉ុក្កែត​លើក​ដំបូង​បង្អស់​របស់​អង់គ្លេស​នៅ​ឆ្នាំ​ ២០២២ ខាង​មុខ​។ ​ផែនការ​ត្រូវ​បាន​ប្រកាស​ក្នុង​សភា ​(House​ of​ Commons​) ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។​ លោក​ Johnson​ បាន​ប្រកាស​ក្នុង​សុន្ទរកថា​ទៅ​កាន់​សមាជិក​សភា​ថា​ នឹង​បន្ថែម​ថវិកា​ចំនួន ​២៩,៥​ ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត សម្រាប់​គម្រោង​យោធា​សម្រាប់​រយៈពេល​ ៤ ​ឆ្នាំ​ខាង​មុខ​។​

លោក Jonhson ​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​អំឡុង​ពេល​មាន​ជំងឺ​រាត​ត្បាត​នេះ ​ដោយសារ​កិច្ច​ការពារ​ប្រទេស​ជាតិ​ត្រូវ​តែ​ជា​អាទិភាព​ជានិច្ច​។​ ​ស្ថានភាព​អន្តរជាតិ​បច្ចុប្បន្ន​កាន់​តែ​មាន​គ្រោះ​ថ្នាក់​ និង​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ជាង​ពេល​ណាៗ​ទាំង​អស់​ ចាប់​តាំង​ពី​ពេល​សង្គ្រាម​ត្រជាក់​មក​ ចក្រភព​អង់គ្លេស​ត្រូវ​តែ​រក្សា​ប្រវត្តិសាស្ត្រ​ ហើយ​ឈរ​រឹងមាំ​ជា​មួយ​សម្ព័ន្ធ​មិត្ត​របស់​យើង​»​។​

លោក​បាន​បន្ថែម​ទៀត​ថា​ ការ​ផ្តល់​ថវិកា​ថ្មី​នេះ​គឺ​ជា «ឱកាស​របស់​យើង ​ឱ​ឈប់​ដក​ថយ​ទៀត​»​ និង​ដើម្បី​ «បង្កើន​សមត្ថភាព​របស់​យើង​នៅ​ទូទាំង​ប្រទេស​ផង​ដែរ​»​។​

លោក​ John ​Healey​ រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​ បាន​និយាយ​ថា​៖​ «នេះ​ជា​សញ្ញា​បង្ហាញ​ពី​ការ​ស្វាគមន៍​ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​នូវ​វិស័យ​យោធា​អង់គ្លេស​បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​អស់​ជាង ​១ ​ទសវត្សរ៍​។ ​ចាប់​តាំង​ពី​ឆ្នាំ ២០១០ ​មក​ ទំហំ​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​អង់គ្លេស​ត្រូវ​បាន​កាត់​បន្ថយ​ ១ ​ភាគ ​៤​ ដោយ​កាត់​បន្ថយ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​បាន​ប្រមាណ ​១០,៥ ​ពាន់​លាន​ដុល្លារ ​ដែល​ថវិកា​សម្រាប់​ការពារ​ជាតិ​ត្រូវ​ការ​ ១៧ ​ពាន់​លាន​ដុល្លារ ​ដើម្បី​ផ្គត់ផ្គង់​វិស័យ​នេះ​។​ ចក្រភព​អង់គ្លេស​បាន​រៀបចំ​ផែនការ​សម្រាប់​អនុវត្ត ​ដើម្បី​ក្លាយ​ទៅ​ជា​ប្រទេស​មេ​ដឹកនាំ​ពិភព​លោក​ សម្រាប់​សមរ​ភូមិ​អ៊ីនធឺណិត​ និង​អាកាស ​ហើយ​រដ្ឋាភិបាល​នឹង​ចាត់​ចែង​រឿង​នេះ​»​។​

ការ​បង្កើន​ចំណាយ​យោធា​របស់​ចក្រភព​អង់គ្លេស​នឹង​កើន​ឡើង​ប្រមាណ​ ៣០ ​ពាន់​លាន​ដុល្លារ​ សម្រាប់​រយៈពេល​ ៤ ឆ្នាំ ​ខាង​មុខ​គឺ​ជា​ពេល​វេលា​ ដ៏​សំខាន់​សម្រាប់​ប្រទេស​នេះ​។​ គម្រោង​នេះ​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជិត​ ២​ ពាន់​លាន​ដុល្លារ​ ក្នុង​ការ​ស្រាវជ្រាវ ​និង​ការ​អភិវឌ្ឍ​ផ្នែក​យោធា ​ហើយ​គ្រោង​នឹង​ចំណាយ​បន្ថែម​លើស​ពី​នេះ​ទៀត​នៅ​ថ្ងៃ​អនាគត​ ដើម្បី​​រៀបចំ​យុទ្ធសាស្ត្រ​សម្រាប់​កងទ័ព​អាកាស ​និង​សម្រាប់​យោធា​ជំនាន់​ក្រោយ​ផង​ដែរ​។​

របាយការណ៍​បាន​ឱ្យ​ដឹង​ថា ​ការ​ត្រួត​ពិនិត្យ​ចំណាយ​បង្ហាញ​ថា​ សេដ្ឋកិច្ច​ចក្រភព​អង់គ្លេស​នឹង​ធ្លាក់​ចុះ​ជិត ១១ ភាគរយ ​នៅ​ឆ្នាំ ​២០២០​ ដែល​ជា​លទ្ធផល​ប្រចាំ​ឆ្នាំ​អាក្រក់​បំផុត​របស់​ប្រទេស​អង់គ្លេស ​ក្នុង​រយៈពេល​ជាង​ ៣ ​សតវត្សរ៍​នេះ​។​

ក្រុម​មន្រ្តី​បាន​និយាយ​ថា​ ផែនការ​នេះ​នឹង​ពង្រឹង​ជំហរ​របស់​ចក្រភព​អង់គ្លេស ​និង​ធ្វើ​ឱ្យ​ប្រទេស​នេះ​ក្លាយ​ជា​ប្រទេស ​ដែល​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​ធំ​ជាង​គេ​នៅ​អឺរ៉ុប​ និង​ធំ​ជាង​គេ​ទី២ ​នៅ​ណាតូ​។​

រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​លោក​ Ben ​Wallace​ បាន​ពណ៌នា​ការ​ប្រកាស​ផែនការ​នេះ​ថា ​ជា ​«ដំណឹង​ដ៏​ល្អ​សម្រាប់​វិស័យ​ការពារ​ជាតិ​» ​ដោយ​បន្ថែម​ថា​៖ «ផែនការ​នេះ​នឹង​ផ្តល់​ឱ្យ​យើង​នូវ​ភាព​ប្រាកដប្រជា​ផ្នែក​ហិរញ្ញវត្ថុ ​ដែល​យើង​ត្រូវ​ការ​ដើម្បី​ធ្វើ​ទំនើបកម្ម​សម្រាប់​អនាគត​និង​បត់បែន​ទៅ​តាម​ស្ថានភាព​នៅ​ពេល​មាន​ការ​គំរាម​កំហែង​ដល់​ប្រទេស​យើង​»​។​

លោក​បាន​កោត​សរសើរ​ដល់​នាយក​រដ្ឋមន្រ្តី​ថា​៖​ ​«នេះ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​នាយក​រដ្ឋមន្រ្តី​អំពី​សារៈសំខាន់​នៃ​កិច្ចការ​ពារជាតិ​ ដើម្បី​ រក្សា​ជាតិ​ឱ្យ​បាន​រឹងមាំ​ និង​រក្សា​កិត្តិនាម​របស់​ចក្រភព​អង់គ្លេស​ផង​ដែរ​។ ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ធានា​នូវ​ការងារ​ និង​ជីវភាព​របស់​ចក្រភព​អង់គ្លេស​ ដោយ​វិនិយោគ​ទៅ​លើ​ឧស្សាហកម្ម​ផលិត​នាវា ​និង​អាកាសយានិក​ផង​ដែរ​។ ​ឆ្នាំ​ក្រោយ​ ផែនការ​នេះ​នឹង​ក្លាយ​ជា​ឱកាស​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​នេះ​ ជា​ពិសេស​បង្កើត​ការងារ​ និង​ឱកាស​អាជីវកម្ម​ដែល​នឹង​ជួយ​យើង​ឱ្យ​ងើប​ឡើង​វិញ​ពី​ជំងឺ​រាត​ត្បាត ​(ជំងឺ​កូវីដ ​១៩​) ​នេះ​»​៕