ក្រុង​ឡុងដ៍ៈ ​យោង​តាម​តួលេខ​ចុងក្រោយ​បំផុត​ ចេញ​ពី​ក្រសួងសុខាភិបាល​ និង​គាំ​ពារ​សង្គម​បាន​ឲ្យ​ដឹង​ថា​ ចំនួន​ករណី​ដែល​បាន​អះ​អាង​ អំពី​ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩​ នៅ​ក្នុង​ប្រទេស​អង់​គ្លេស​ បាន​កើន​ឡើង​ដល់ ​៨០៧៧ ​នាក់ ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​។​

​ក្រសួង​សុខាភិ​បាល​ និង​គាំ​ពារ​សង្គម ​បាន​ថ្លែង​ថា ​មនុស្ស​សរុប​ចំនួន ៩០៤៣៦ ​នាក់​ ត្រូវ​បាន​ធ្វើ​តេស្ត​នៅ​ទូទាំង​ប្រទេស​អង់​គ្លេស​ ដែល​មាន​ចំនួន​ ៨០៧៧​ នាក់​ ត្រូវ​បាន​គេ​អះ​អាង​ថា​ មាន​ផ្ទុក​ជំងឺ​កូវីដ​១៩​ ចំណែក​ឯ​អ្នកជំងឺ​ចំនួន ​៤២២​ នាក់​ផ្សេង​ទៀត​ ដែល​មាន​ផ្ទុក​វី​រុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មីដ៏ចម្លែកបាន​ស្លាប់​។​

​រដ្ឋ​មន្ត្រី​សុខាភិ​បាល​លោក​ ម៉ាតត៍ហាន​ខុក​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​ថា​​ មន្ទីរពេទ្យ​បណ្តោះ​អាសន្ន​មួយ​កន្លែង ​នឹង​ត្រូវ​បាន​រៀបចំ​បង្កើត​ឡើង​នៅ​ក្នុង​មជ្ឈ​មណ្ឌល​អុីច​សែល​ ជាមជ្ឈ​មណ្ឌល​តាំង​ពិព័រណ៍​មួយ​កន្លែង​ នៅ​ទី​ក្រុងឡុងដ៍​ភាគ​ខាង​កើត​ ដោយ​មាន​សមត្ថភាព​អាច​ដាក់​អ្នក​ជំងឺ​រហូត​ដល់​ ៤០០០​ នាក់​។

​លោក​ ហាន​កុក ​បាន​ថ្លែង​ថា ​ចំណែក​ឯ​ប្រទេស​អង់​គ្លេស ​ក៏​កំពុង​ស្វែង​រក​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​ ២៥០០០០ ​នាក់​ ដើម្បី​ជួយ​ដល់​បុគ្គ​លិក​ផ្តល់​សេវា​សុខាភិ​បាល​ជាតិ ​(NHS) ​ជា​មួយ ​«​ការដើរ​ផ្សារ​ទិញ​អីវ៉ាន់​ ដឹក​ជញ្ជូន​ថ្នាំ​ពេទ្យ​និង​ដើម្បី​គាំទ្រ​អ្នក​​ដែល​ត្រូវ​បាន​គេ​ទុក​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​»​។

ដោយ​បាន​ស្នើ​សុំ​ទៅ​តាម​ការ​អំពាវនាវ​របស់​​អង់​គ្លេស​ ទៅ​កាន់​ក្រុម​គ្រូពេទ្យ​ចូល​និវត្តន៍​​ឲ្យ​​ត្រឡប់​មក​ធ្វើ​ការ​វិញ​ លោក​បាន​ថ្លែង​ថា​ ​ជាង​ ១១៥០០ នាក់បាន​ចូល​ធ្វើ​ការ៕ Xinhua/SK