ក្រុងទ្រីប៉ូលីៈ ការប៉ះទង្គិចប្រកបដោយហិង្សា បានរាលដាលដល់ក្រុងទ្រីប៉ូលីភាគខាងត្បូងកាលពីថ្ងៃអង្គារ ដោយបង្កឲ្យមានការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើង ខណៈដែលប្រេសិតពិសេសអង្គការសហប្រជាជាតិប្រចាំនៅលីប៊ី បានព្រមានអំពី «សង្គ្រាមបង្ហូរឈាមមានរយៈពេលយូរ»។
ការបាញ់ផ្លោងគ្រាប់កាំភ្លើងធំយ៉ាងសន្ធឹកសន្ធាប់ អាចឮចេញពីកណ្តាលទីក្រុង ខណៈដែលការវាយប្រហារយ៉ាងខ្លាំងក្លាបំផុតបានធ្វើឡើង ចាប់តាំងពីថ្ងៃទី ៦ ខែ ឧសភា នៅពេលបុណ្យរ៉ាម៉ាដនដ៏ពិសិដ្ឋរបស់សាសនាមូស្លីម បានចាប់ផ្តើមប្រារព្ធធ្វើឡើង។
រយៈពេលជាង ៦ សប្តាហ៍ចាប់តាំងពីលោកមេបញ្ជាការ Khalifa Haftar បានបើកការវាយប្រហារទៅលើក្រុងទ្រីប៉ូលី ក្រុមយុទ្ធជនដែលបានគាំទ្ររដ្ឋាភិបាលបង្រួបបង្រួមជាតិ (GNA) ទទួលស្គាល់ដោយអង្គការសហប្រជាជាតិ បានវាយសម្រុករុលទៅកាន់សង្កាត់ Salaheddin ភាគខាងត្បូង។
ក្រុមអ្នកកាសែត AFP នៅជួរមុខបានវាយតម្លៃថា កងកម្លាំងគាំទ្ររដ្ឋាភិបាលបង្រួបបង្រួមជាតិ GNA បានបន្តសម្រុកទៅមុខប្រហែល ២ ទៅ ៣ គីឡូម៉ែត្រ នៅក្នុងសង្កាត់់លំនៅឋាន។
អ្នកនាំពាក្យ GNA លោក Moustafa al-Mejii បានថ្លែងថា យន្តហោះចម្បាំង បានវាយគាំទ្រកងកម្លាំងថ្មើរជើងឲ្យបង្កើនល្បឿនទៅមុខ ដោយបើកការវាយប្រហារជាច្រើនលើកប្រឆាំងកងកម្លាំងរថពាសដែក និងអាវុធធុនធ្ងន់នៅក្នុងបន្ទាយទាហាន។
លោក Haftar ដែលគាំទ្រដោយអេហ្ស៊ីប និងអារ៉ាប់រួម បានវាយប្រហារយ៉ាងខ្លាំងទៅលើក្រុងទ្រីប៉ូលី៕ AFP/SK