អង្គការសុខភាពពិភពលោក (WHO) បានទទូចដល់ប្រទេសអភិវឌ្ឍន៍ពិចារណាឡើងវិញ នូវផែនការចាក់វ៉ាក់សាំងដល់កុមារដោយងាកមកបរិច្ចាគដូសទាំងនោះដល់ប្រទេសកំពុងអភិវឌ្ឍន៍វិញ ខណៈជំងឺរាតត្បាតឆ្នាំនេះ ហាក់មានលក្ខណៈកាចសាហាវជាងឆ្នាំមុនទៅទៀត។
អគ្គនាយកអង្គការសុខភាពពិភពលោក លោក TedrosAdhanom Ghebreyesus បានសម្តែងការខឹងសម្បានៅពេលដែលប្រទេសអភិវឌ្ឍន៍មានមួយចំនួនកំពុងចាក់វ៉ាក់សាំងដល់កុមារ និងក្មេងជំទង់ ខណៈពេលដែលប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនមិនទាន់បានចាប់ផ្តើមចាក់វ៉ាក់សាំងដល់បុគ្គលិកសុខាភិបាល និងក្រុមប្រជាជនងាយរងគ្រោះនៅឡើយ។
លោកបានឱ្យដឹងថា ជំនួសឱ្យការផ្តល់ថ្នាំដល់ប្រជាជនវ័យក្មេង និងមានសុខភាពល្អ ប្រទេសទាំងនោះគួរតែផ្តល់វ៉ាក់សាំងរបស់ខ្លួនដល់គម្រោងចែកចាយវ៉ាក់សាំងសកល Covax ដើម្បីធានាឱ្យបានថា ប្រទេសដែលកំពុងត្រូវការវ៉ាក់សាំងបំផុតទទួលបានវ៉ាក់សាំង ដើម្បីចែកចាយប្រជាជនខ្លួន។
អង្គការ WHO សង្ឃឹមថា ប្រទេសជាច្រើននឹងយកគំរូតាមប្រទេសបារាំង និងស៊ុយអែតក្នុងការបរិច្ចាគវ៉ាក់សាំងដល់គម្រោង Covax ក្រោយចែកចាយវ៉ាក់សាំងដល់ប្រជាជនអាទិភាពរបស់ខ្លួនរួច។ គួរបញ្ជាក់ផងដែរថា ប្រទេសកាណាដា និងសហរដ្ឋអាមេរិកស្ថិតក្នុងចំណោមប្រទេសដែលបានផ្តល់សិទ្ធិចាក់វ៉ាក់សាំងដល់កុមារ និងក្រុមវ័យជំទង់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
បើយោងតាមទិន្នន័យពីទីភ្នាក់ងារសារព័ត៌មាននៃប្រទេសបារាំង (AFP) វ៉ាក់សាំងកូវីដ ១៩ ជិត ១,៤ ពាន់លានដូស ត្រូវបានចែកចាយទៅប្រទេសចំនួន ២១០ ជុំវិញពិភពលោក ដោយ ៤៤% នៃចំនួនវ៉ាក់សាំងសរុបត្រូវបានចែកចាយដល់ប្រទេសមានចំណូលខ្ពស់ (ស្មើនឹង ១៦% នៃចំនួនប្រជាជនសរុបលើពិភពលោក)។
ដោយឡែកវ៉ាក់សាំងប្រមាណតែ ០,៣% ប៉ុណ្ណោះ ដែលត្រូវបានចែកចាយទៅប្រទេសដែលមានប្រាក់ចំណូលទាបបំផុត (២៩ ប្រទេស) ឬ ស្មើនឹងចំនួនប្រជាជន ៩% នៃប្រជាជនសរុបលើពិភពលោក៕