កាល​ពី​ថ្ងៃ​ចន្ទ ទី ១៤ ​ខែធ្នូ ​អង្គ​បោះឆ្នោត ​(Electoral College) ​បាន​ជួប​ប្រជុំ​គ្នា​ហើយ​បាន​បោះ​ឆ្នោត ​៣០៦-២៣២ ​បញ្ជាក់​ជា​ផ្លូវ​ការ​ថា​ លោក ​Joe Biden ​បាន​ឈ្នះ​ការ​បោះឆ្នោត​ ៣ វិច្ឆិកា​ ហើយ នឹង​ក្លាយ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទី​៤៦។

ការ​ជួប​ប្រជុំ​អង្គ​បោះឆ្នោត​ គឺ​ធ្វើ​ទៅ​តាម​រដ្ឋ​នីមួយៗ ​និង​រដ្ឋធានី​វ៉ាស៊ីនតោន ​ដោយ​បាន​ចាប់​​ផ្ដើម​នៅ​ម៉ោង​ ១០ ​ព្រឹក​ នៅ​រដ្ឋ ​Vermont​ និង​រដ្ឋ​ New Hampshire ដែល​អង្គ​បោះឆ្នោត​បាន​ជួប​ជុំ​គ្នា​នៅ​ក្នុង​អគារ​សភា​របស់​​រដ្ឋ​ និង​បាន​ផ្ដល់​សំឡេង​ឆ្នោត​ទាំង​អស់​របស់​ពួក​គេ​ដល់​លោក ​Joe Biden។

ក្រោយ​មក​រដ្ឋ​សំខាន់ៗ​ ដែល​លោក ​Donald Trump ​បាន​ដាក់​ពាក្យ​បណ្ដឹង​តវ៉ា​លទ្ធផល​ឆ្នោត​ដូចជា ​Arizona, Georgia, Michigan, Nevada, Pennsylvania, និង Wisconsin ​បាន​ផ្ដល់​សំឡេង​ឆ្នោត​ពួក​គេ​ទាំង​អស់​ឱ្យ​លោក​ Biden។

ដល់​ពេល​រសៀល​រដ្ឋ​ California ​បាន​ផ្ដល់​សំឡេង​ទាំង ​៥៥​ របស់​ពួក​គេ​ទៅ​កាន់​លោក ​Biden​ ដែល​ធ្វើ​ឱ្យ​លោក​ឆ្លង​ផុត​​​ចំណុច​សំឡេង ​២៧០ ​ដែល​ត្រូវ​​ការ​សម្រាប់​ទទួល​ជ័យជម្នះ។ រដ្ឋ Hawaii​ គឺ​ជា​រដ្ឋ​ក្រោយ​គេ​ដែល​បាន​ធ្វើ​ការ​ប្រជុំ​ដោយ​រដ្ឋ​នេះ​បាន​ផ្ដល់​សំឡេង​ទាំង ​៤ ​របស់​ពួក​គេ​ឱ្យ​លោក ​Biden ​បង្គ្រប់​សំឡេង ​៣០៦ ​ដូច​ការ​ព្យាករ​តាំង​ពី​ដើម​ខែ​វិច្ឆិកា។

ក្រោយ​ពី​ចេញ​លទ្ធ​ផល​នេះ ​លោក​ Biden ​បាន​ធ្វើ​ការ​ថ្លែង​សុន្ទរក​ថា ​នៅ​ឯ​រដ្ឋ ​Delaware ថា៖ «ជា​ថ្មី​ម្ដង​ទៀត​នៅ​អាមេរិក ​ច្បាប់​នីតិរដ្ឋ​ រដ្ឋ​ធម្មនុញ្ញ​របស់​យើង និង​ឆន្ទៈ​របស់​ប្រជាជន​បាន​យក​ឈ្នះ។ ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​យើង ​ដែល​ត្រូវ​គេ​បាន​រុញ​ច្រាន ​សាកល្បង ​និង​គំរាម​កំហែង​បាន​បង្ហាញ​ថា​ នៅ​មាន​ភាព​ធន់ ​ត្រង់​និង​រឹងមាំ»។

លោក ​Biden ​ក៏​បាន​និយាយ​ថា៖ «ដូច​ដែល​ខ្ញុំ​បាន​និយាយ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​នេះ ​ខ្ញុំ​នឹង​ក្លាយ​ជា​ប្រធានាធិបតី​សម្រាប់​ប្រជាជន​អាមេរិក​ទាំង​អស់។ ខ្ញុំ​នឹង​ខិតខំ​ធ្វើ​ការ​ជូន​អ្នក​​ដែល​មិន​បាន​បោះឆ្នោត​ឱ្យ​ខ្ញុំ​​ ដូច​ខ្ញុំ​នឹង​ធ្វើ​សម្រាប់​អ្នក​បាន​បោះឆ្នោត​ឱ្យ​ខ្ញុំ​»។

លោក Biden ​ក៏​បាន​កត់​សម្គាល់​​ការ​បរាជ័យ​របស់​លោក ​Trump ​នៅ​តុលាការ​កំពូល​​ដោយ​បាន​និយាយ​ថា៖ «សកម្មភាព​ផ្លូវ​ច្បាប់​នេះ ​គឺ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​មន្រ្តី​ជាប់​ឆ្នោត ​និង​រដ្ឋ​មួយ​ក្រុម ដើម្បី​ព្យាយាម​ធ្វើ​ឱ្យ​តុលាការ​កំពូល​លុប​ចោល​សំឡេង​ឆ្នោត​របស់​ប្រជាជន​អាមេរិក​ជាង ​២០ ​លាន​នាក់ ​នៅ​រដ្ឋ​ផ្សេង​ទៀត ​និង​ប្រគល់​តំណែង​ប្រធានាធិបតី​ទៅ​បេក្ខជន​ដែល​បាន​ចាញ់ ​Electoral College ​បាន​ចាញ់​ការ​បោះឆ្នោត​ប្រជាប្រិយ ​និង​រដ្ឋ​នីមួយៗ​ ដែល​ពួក​គេ​ព្យាយាម​ត្រឡប់​លទ្ធផល​បោះឆ្នោត។ ​នេះ​គឺជា​ជំហរ​ជ្រុល​​និយម ​ហើយ​មិន​ដែល​មាន​ពី​មុន​មក។​ គួរ​ឱ្យ​អរគុណ តុលាការ​កំពូល​ជា​ឯកច្ឆន្ទ​បាន​ច្រាន​ចោល​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ ​ភ្លាមៗ​ និង​ទាំង​ស្រុង​»។

លោក​បាន​បន្ត​ទៀត​ថា៖ «យើង​​ ប្រជាជន​យើង​បាន​បោះឆ្នោត ​ដោយ​មាន​ជំនឿ​លើ​ស្ថាប័ន​របស់​យើង។ ​ភាព​ត្រឹមត្រូវ​នៃ​ការ​បោះឆ្នោត​របស់​យើង ​​គឺ​រក្សា​នៅ​ដដែល។ ដូច្នេះ​ហើយ​​ឥឡូវ​នេះ​ដល់​ពេល​ដែល​ត្រូវ​បើក​ទំព័រ​ថ្មី​ហើយ ​ដើម្បី​បង្រួបបង្រួម​ ដើម្បី​ព្យាបាល​»។

លោក ​Trump ​តាំង​ពី​ថ្ងៃ​ចេញ​​លទ្ធផល​បឋម​បាន​ប្រកាន់​យក​ជំហរ​ថា​ លោក​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​នេះ ហើយ​បាន​ធ្វើការ​ចោទ​ប្រកាន់​ដោយ​មិនមាន​ភ័ស្តុតាង​ថា បក្ស​ប្រជាធិបតេយ្យ​បាន​លួច​ជ័យជម្នះ​របស់​លោក​តាមរយៈ​ការ​ក្លែង​សន្លឹក​ឆ្នោត​ផ្ញើ​តាម​ប្រអប់​សំបុត្រ។​

ក្រុម​មេធាវី​លោក ​Trump ​និង​សមាជិក​បក្ស​សាធារណរដ្ឋ​បាន​ដាក់​ពាក្យ​បណ្ដឹង​តវ៉ា​លទ្ធផល​ការ​បោះឆ្នោត​ជាង​ ៤០ ​នៅ​រដ្ឋ​សំខាន់ៗ​ ចំនួន ៦ តែ​បាន​ទទួល​បរាជ័យ​សឹង​ទាំង​អស់។ ​កាល​ពី​សុក្រ ទី ១១ ​តុលាការ​កំពូល​អាមេរិក​បាន​ច្រានចោល​ពាក្យ​បណ្ដឹង​តវ៉ា​ឱ្យ​​ពន្យារ​​ការ​ជួប​ប្រជុំ​នៅ​រដ្ឋ​ទាំង ​៦ ​នេះ​ដែល​ពាក្យ​បណ្ដឹង ​គឺ​ផ្ដួច​ផ្ដើម​ដោយ​អគ្គរដ្ឋ​អាជ្ញា​រដ្ឋ Texas ​និង​បាន​ចូលរួម​ដោយ​អគ្គរដ្ឋ​អាជ្ញា​រដ្ឋ ១៧ ផ្សេង​ទៀត​ លោក​ Trump ​និង​សមាជិក​សភា​តំណាងរាស្ត្រ​មក​ពី​បក្ស​សាធារណរដ្ឋ​ចំនួន​ ១២៦ រូប។

កាល​ពី​ថ្ងៃ​អាទិត្យ ​លោក ​Trump ​បាន​វាយ​ប្រហារ​រដ្ឋ ​Swing State ​សំខាន់ៗ​តាមរយៈ​បណ្ដាញ​សង្គម​ Twitter ថា៖ «រដ្ឋ ​Swing State ដែល​បាន​​រក​ឃើញ​ថា ​មាន​ការ​ក្លែង​អ្នក​បោះ​ឆ្នោត​ទាំង​អស់​នេះ ​គឺ​មិន​អាច​បញ្ជាក់​ដោយ​ស្រប​ច្បាប់​ថា​ សន្លឹក​ឆ្នោត​ទាំង​នេះ ​ពេញលេញ​ និង​ត្រឹម​ត្រូវ​បាន​ទេ។ ​អ្នក​រាល់​គ្នា​ដឹង​ថា​ មនុស្ស​ស្លាប់​ជន​នៅ​ក្រោម​អាយុ ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ហត្ថលេខា​ក្លែងក្លាយ​អ្នក​ទោស ​និង​អ្នក​ផ្សេង​ទៀត​ជាច្រើន​បាន​បោះឆ្នោត​ដោយ​ខុស​ច្បាប់។​ ជាមួយ​នឹង​ម៉ាស៊ីន ​«ដំណើរការ​ខុស​ប្រក្រតី» (ពាក្យ ១ ​ផ្សេង​ទៀត​សម្រាប់​ការ​ក្លែងបន្លំ) ការ​ប្រមូល​សន្លឹក​ឆ្នោត​អ្នក​បោះ​ឆ្នោត​ដែល​មិន​មាន​សិទ្ធិ​រស់នៅ ​សន្លឹក​ឆ្នោត​ក្លែងក្លាយ «ការ​បំពេញ​ហឹប​ឆ្នោត» ការ​សូក​ប៉ាន់​​អ្នក​បោះ​ឆ្នោត​ការ​ប៉ះ​ទង្គិច​ជាមួយ​អ្នក​ឃ្លាំមើល​មណ្ឌល​បោះឆ្នោត និង​ ពេល​ចំនួន​សន្លឹក​ឆ្នោត​ច្រើន​ជាង​ចំនួន​អ្នក​បោះឆ្នោត ​បាន​កើត​ឡើង​នៅ​ទីក្រុង​ Detroit, Philadelphia, Milwaukee, Atlanta, Pittsburgh, ​និង​កន្លែង​ផ្សេង​ទៀត។ក្នុង​ករណី​ទាំង​អស់​នៃ​រដ្ឋ​ Swing State ​មាន​សំឡេង​ឆ្នោត​ច្រើន​ជាង​អ្វី​ដែល​ចាំបាច់ ​ដើម្បី​ឈ្នះ​ឆ្នោត​រដ្ឋ ​និង​ការ​បោះ​ឆ្នោត​ទាំង​មូល។​ ដូច្នេះ​សន្លឹក​ឆ្នោត ​គឺ​មិន​អាច​បញ្ជាក់​បាន​ទេ។ ការ​បោះ​ឆ្នោត​នេះ ​គឺ​ស្ថិត​នៅ​​ក្រោម​ការ​តវ៉ា​!»។

លោក Trump ​គឺ​មិន​ទាន់​បាន​ប្រតិកម្ម​ទៅ​នឹង​លទ្ធផល​នៃ​​ការ​ជួប​ប្រជុំ​អង្គ​បោះឆ្នោត​នៅ​ឡើយ ​តែ​លោក​បាន​ប្រកាស​ការ​​ចេញ​របស់​អគ្គរដ្ឋ​អាជ្ញា​សហរដ្ឋ​អាមេរិក ​លោក ​William «Bill» Barr​ ទៅ​វិញ។ ​ការ​​ចាក​ចេញ​របស់​លោក ​Barr ​កើត​ឡើង​ចំ​ពេល​មាន​ភាព​តានតឹង​រវាង​បុរស​ទាំង ២ ជាប់​ទាក់ទង​​នឹង​ពាក្យ​បណ្ដឹង​តវ៉ា​លទ្ធផល​បោះឆ្នោត​របស់​លោក ​Trump ជា​ពិសេស​បន្ទាប់​ពី​ការ​ថ្លែង​របស់​លោក ​Barr ​ក្នុង​ខែ​នេះ​ថា ​ក្រសួង​យុត្តិធម៌​រក​មិន​ឃើញ​ភ័ស្តុតាង​ដែល​បង្ហាញ​ថា​ មាន​ការ​ក្លែង​បន្លំ​ការ​បោះឆ្នោត​។

យ៉ាងណា​មិញ ​ការ​ជួប​ប្រជុំ​របស់​អង្គ​បោះឆ្នោត​ដែល​តម្រូវ​ឱ្យ​ធ្វើ​ដោយ​រដ្ឋ​ធម្មនុញ្ញ ​ជា​ធម្មតា​ត្រូវ​បាន​គេ​គិត​ថា ​គ្រាន់តែ​ជា​បែប​បទ​ផ្លូវ​ការ​ប៉ុណ្ណោះ ​តែ​ដោយសារ​ការ​ប្ដឹង​តវ៉ា​ជា​ច្រើន​ដោយ​លោក ​Trump ធ្វើ​ឱ្យ​ការ​ជួប​ប្រជុំ​ឆ្នាំ​នេះ​ត្រូវ​បាន​គេ​យល់​ថា ​បាន​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ជ័យជម្នះ​របស់​លោក Biden។​ លទ្ធផល​ការ​បោះឆ្នោត​​នៃ​អង្គ​បោះឆ្នោត ​គឺ​ត្រូវ​បាន​បញ្ជូន​ទៅ​សភា​អាមេរិក ​ហើយ​នៅ​ថ្ងៃទី ​៦​ ខែ ​មករា ​ឆ្នាំ ២០២១​ សម័យ​ប្រជុំ​រួម​នៃ​សភា​អាមេរិក​នឹង​ធ្វើ​ការ​បញ្ជាក់​លទ្ធផល​នេះ៕​