កាល​ពី​ថ្ងៃ​ចន្ទ ទី ១ ខែ​មីនា តុលាការ​បារាំង​បាន​ផ្ដន្ទាទោស​អតីត​ប្រធានាធិបតី​លោក Nicolas Sarkozy ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៣ ឆ្នាំ ដែល​ទោស ២ ឆ្នាំ ​ត្រូវ​បាន​ព្យួរ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្រោម​ការ​ចោទ​ប្រកាន់​ថា លោក​ព្យាយាម​ផ្ដល់​សំណូក​ចៅក្រម ១ រូប។

ជា​ប្រធានាធិបតី​បារាំង​ពី​ឆ្នាំ ២០០៧ ដល់​ឆ្នាំ ២០១២ លោក Sarkozy មាន​អាយុ ៦៦ ឆ្នាំ ជាមួយ​នឹង​មេធាវី​របស់​លោក ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា​ជាប់​ពិរុទ្ធ​ពី​ការ​ព្យាយាម​បញ្ចុះបញ្ចូល​ចៅក្រម ១ រូប ​ឱ្យ​ផ្ដល់​ព័ត៌មាន​ផ្ទៃ​ក្នុង​អំពី​ការ​ស៊ើបអង្កេត​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​យុទ្ធនាការ​បោះឆ្នោត​របស់​លោក ជា​ថ្នូរ​នឹង​ការ​ផ្ដល់​មុខ​តំណែង​ថ្មី​នៅ Monaco។

នៅ​ក្នុង​សេចក្ដី​សម្រេច​ចៅក្រម Christine Mee បាន​និយាយ​ថា អ្នក​នយោបាយ​អភិរក្ស​និយម​រូប​នេះ «ដឹង​ថា​អ្វី​ដែល​គាត់​កំពុង​ធ្វើ ​គឺ​ខុស» ហើយ​បន្ថែម​ទៀត​ថា សកម្មភាព​របស់​លោក ​និង​មេធាវី​របស់​លោក​បាន​ផ្ដល់​ឱ្យ​សាធារណជន​នូវ «រូបភាព​អាក្រក់​បំផុត​នៃ​យុត្តិធម៌»។

សេចក្ដី​សម្រេច​នេះ​បាន​ធ្វើ​ឱ្យ​​លោក Sarkozy ក្លាយ​ជា​ប្រធានាធិបតី​បារាំង​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​បច្ចុប្បន្ន ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ។

ដើម​ឡើយ​អយ្យការ​ទីក្រុង​ប៉ារីស​បាន​ស្នើ​សុំ​ឱ្យ​តុលាការ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២ ឆ្នាំ និង​ទោស​ព្យួរ ២ ឆ្នាំ សម្រាប់​លោក Sarkozy និង​សហ​ចុងចោទ​លោក​មេធាវី Thierry Herzog និង​អតីត​ចៅក្រម Gilbert Azibert។ សហ​ចុងចោទ​ទាំង ២ ក៏​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា ​ជាប់​ពិរុទ្ធ ហើយ​ត្រូវ​បាន​ផ្ដន្ទាទោស​ដូច​លោក Sarkozy។

ការ​ស៊ើបអង្កេត​ករណី​ពុករលួយ​នេះ​បាន​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ ២០១៣ ដែល​កាល​នោះ​អាជ្ញាធរ​បាន​ឃ្លាំមើល​ទំនាក់ទំនង​តាម​ទូរស័ព្ទ​រវាង​លោក Sakozy និង​លោក​មេធាវី Herzog ក្នុង​បរិបទ​ការ​ស៊ើបអង្កេត​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​យុទ្ធនាការ​បោះឆ្នោត​របស់​លោក Sakozy ដែល​កាល​នោះ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ​បាន​ទទួល​ប្រាក់​ខុស​ច្បាប់​ចំនួន ៥០ លាន​អឺរ៉ូ ​ពី​មេ​ដឹកនាំ​ប្រទេស​លីប៊ី ​លោក ​Muammar Gaddafi។

ពួក​គេ​បាន​រក​ឃើញ​ថា បុរស​ទាំង ២ នាក់ ​បាន​សន្យា​ជាមួយ​ចៅក្រម Azibert ថា នឹង​ផ្ដល់​តំណែង​ថ្មី​នៅ Monaco ជា​ថ្នូរ​នឹង​ការ​ផ្ដល់​ព័ត៌មាន​អំពី​ការ​ស៊ើបអង្កេត​ការ​ចោទ​ប្រកាន់​ថា កាល​ពី​ឆ្នាំ ២០០៧ យុទ្ធនាការ​បោះឆ្នោត​របស់​លោក Sarkozy មួយ​ផ្សេង​ទៀត ដែល​មាន​ការ​ចោទ​ប្រកាន់​ថា​បាន​ទទួល​ប្រាក់​ខុស​ច្បាប់​ពី​ម្ចាស់​ក្រុមហ៊ុន L''Oreal លោកស្រី Liliane Bettencourt។

បន្ទាប់​ពី​ការ​ស៊ើបអង្កេត​ដ៏​វែង​មួយ និង​ការ​ជាប់​ប្រទាក់ក្រឡា​ផ្នែក​ច្បាប់​ការ​ជំនុំជម្រះ​ក្ដី​បាន​ចាប់​ផ្តើម​នៅ​ចុង​ឆ្នាំ​មុន។

មេធាវី​តំណាង​លោក​បាន​និយាយ​ថា ​ពួក​គេ​មាន​បំណង​បន្ត​ប្ដឹង​ទៅ​តុលាការ​ឧទ្ធរណ៍ ដែល​ជា​ដំណើរការ​មួយ​វែង​ឆ្ងាយ​នឹង​ត្រូវ​ការ​ជំនុំ​ជម្រះ​ក្ដី​ម្ដង​ទៀត។

ទោះជា​យ៉ាង​នេះ​ក៏​ដោយ អ្នក​វិភាគ​មួយ​ចំនួន​បាន​យល់​ឃើញ​ថា លោក Sarkozy អាច​មិន​ចាំបាច់​ចូល​ពន្ធនាគារ ១ ថ្ងៃ​ឡើយ ដោយ​សាលា​ដំបូង​បាន​អនុញ្ញាត​ឱ្យ​ការ​ឃុំឃាំង​រយៈពេល ១ ឆ្នាំ​អាច​ធ្វើ​ឡើង​នៅ​ខាងក្រៅ​ពន្ធនាគារ​នៅ​ក្រោម​លក្ខខណ្ឌ​មួយ​ចំនួន​រួម​មាន​ការ​បំពាក់​ឧបករណ៍​តាម​ដាន​ទីតាំង ឬ​ការ​ឃុំឃាំង​នៅ​គេហដ្ឋាន​ជាដើម។

សាលក្រម​នេះ មិន​បាន​ហាមឃាត់​លោក Sarkozy ពី​ការ​ឈរ​ឈ្មោះ​បោះឆ្នោត ឬ​កាន់​តំណែង​សាធារណៈ​ទេ ប៉ុន្តែ​បាន​លុប​បំបាត់​ក្ដី​សង្ឃឹម​របស់​លោក​ក្នុង​ការ​វិល​ត្រឡប់​ទៅ​រក​ជីវិត​សាធារណៈ​ទាន់​ពេលវេលា​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​ក្រោយ។ មុន​ការ​សម្រេច​របស់​តុលាការ​លោក Sarkozy បាន​បង្ហាញ​គោល​បំណង​ឈរ​ឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២២ ដោយ​សមាជិក​ភាគ​ច្រើន​នៃ​គណបក្ស​អភិរក្ស​និយម Les Republicains បង្ហាញ​ការ​គាំទ្រ​នូវ​ការ​ត្រឡប់​មក​វិញ​របស់​លោក។

គណបក្ស Les Republicains មាន​ការ​លំបាក​ក្នុង​ការ​រក​បេក្ខជន​ប្រធានាធិបតី​តាំង​ពី​អតីត​នាយក​រដ្ឋមន្ត្រី​របស់​លោក Sarkozy គឺ​លោក Francois Fillon បាន​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០១៧ ដោយសារ​រឿង​អាស្រូវ​ធំ​មួយ​ដែល​ធ្វើ​ឱ្យ​បេក្ខជន​មក​ពី​គណបក្ស​កណ្ដាល​និយម En Marche! លោក Emmanuel Macron ទទួល​បាន​ជ័យជម្នះ។ ក្រោយ​មក​លោក Fillon ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៥ ឆ្នាំ និង​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ឈរ​ឈ្មោះ​បោះឆ្នោត​រយៈពេល ១០ ឆ្នាំ។

ក្រៅ​ពី​សំណុំ​រឿង​ខាង​លើ លោក Sarkozy ក៏​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​បន្ថែម​ទៀត​ផង​ដែរ។ នៅ​ពីរ​សប្ដាហ៍​ខាង​មុខ​នេះ លោក Sarkozy នឹង​ត្រូវ​បង្ហាញ​ខ្លួន​ចំពោះ​មុខ​តុលាការ​ម្ដង​ទៀត ក្នុង​ការ​ជំនុំ​ជម្រះក្ដី​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ថា កាល​ពី​ឆ្នាំ ២០១២ យុទ្ធនាការ​បោះឆ្នោត​របស់លោក​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​ទំនាក់ទំនង​សាធារណៈ ​ដើម្បី​លាក់​បាំង​លើ​ការ​ចំណាយ​ដ៏​ត្រឹមត្រូវ​មួយ​ក្នុង​ការ​ធ្វើ​យុទ្ធនាការ។

សំណុំ​រឿង​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ពី​ការ​ទទួល​ប្រាក់​ខុស​ច្បាប់​ពី​លោកស្រី Bettencourt ត្រូវ​បាន​រដ្ឋអាជ្ញា​បោះបង់​ចោល។

ប៉ុន្តែ​ការ​ចោទ​ប្រកាន់​ថា ​យុទ្ធនាការ​បោះឆ្នោត​របស់​លោក Sarkozy បាន​ទទួល​ប្រាក់​ខុស​ច្បាប់​ពី​លោក Gaddafi គឺ​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​របស់​រដ្ឋអាជ្ញា​នៅ​ឡើយ។ អតីត​មេ​ដឹកនាំ​ប្រទេស​លីប៊ី ដែល​បាន​ទទួល​មរណភាព​លោក Muammar Gaddafi ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ផ្ដល់​ប្រាក់ ៥០ លាន​អឺរ៉ូ​ដល់​យុទ្ធនាការ​ឆ្នាំ ២០០៧ របស់​លោក Sarkozy ដែល​បាន​ដឹក​ទៅ​កាន់​ទីក្រុង​ប៉ារីស​ដោយ​វេច​ខ្ចប់​ក្នុង​វ៉ាលិស​ខោអាវ៕