កាលពីថ្ងៃអាទិត្យ ទី ៧ ធ្នូ អតីតនាយកទីភ្នាក់ងារសន្តិសុខអ៊ីនធឺណិត និងហេដ្ឋារចនាសម្ព័ន្ធ (CISA) នៃក្រសួងសន្តិសុខមាតុភូមិ (DHS) របស់អាមេរិកលោក Christopher Krebs បាននិយាយថា ប្រទេសជាគូប្រជែងបានប៉ុនប៉ងលួចកម្មសិទ្ធិបញ្ញាទាក់ទងនឹងវ៉ាក់សាំង Covid-19។
«ប្រទេសធំទាំង ៤ គឺរុស្ស៊ី ចិន អ៊ីរ៉ង់ និងកូរ៉េខាងជើង ដែលយើងបានមើលឃើញដល់កម្រិតមួយថា ប្រទេសទាំងអស់នេះ បានធ្វើសកម្មភាពឃ្លាំមើល ឬចារកម្មមួយចំនួន ដើម្បីទាញយកកម្មសិទ្ធិបញ្ញាទាក់ទងនឹងវ៉ាក់សាំងនោះ [Covid-19]។»
លោក Krebs បាននិយាយបែបនេះក្នុងកម្មវិធី Face the Nation នៃប៉ុស្តិ៍ទូរទស្សន៍ CBS ហើយបានបន្តទៀតថា៖ «អ្វីដែលយើងបានគិតក្នុង CISA គឺមិនត្រឹមតែក្រុមហ៊ុនបង្កើតវ៉ាក់សាំងប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងខ្សែចង្វាក់ផ្គត់ផ្គង់ទាំងមូលរបស់ពួកគេ និងព្យាយាមរកចំណុចខ្សោយសំខាន់ៗទាំងអស់នៅក្នុងនោះ»។
កាលពីសប្ដាហ៍មុនក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាន IBM បានធ្វើការប្រកាសមុនថា ពួកគេបានរកឃើញថា មានការក្លែងបន្លំអត្តសញ្ញាណ ដើម្បីធ្វើចារកម្មក្នុងខ្សែចង្វាក់ផ្គត់ផ្គង់របស់កម្មវិធីដឹកជញ្ជូនវ៉ាក់សាំងអន្តជាតិ «Cold Chain» ដែលមានគោលដៅវាយប្រហារជាស្ថាប័នសាធារណៈ និងឯកជនជាច្រើននៅអាល្លឺម៉ង់ អ៊ីតាលី កូរ៉េខាងត្បូង សាធារណរដ្ឋឆែក និងតៃវ៉ាន់។ CISA បានណែនាំឱ្យស្ថាប័នណាដែលទាក់ទងនឹងកម្មវិធីវ៉ាក់សាំងអាមេរិកឱ្យមើលរបាយការណ៍របស់ IBM ដើម្បីប្រុងប្រយ័ត្ន។
លោក Krebs បានបន្ថែមទៀតថា៖ «ដូច្នេះយើងគិតមិនត្រឹមតែក្រុមហ៊ុន Moderna និងក្រុមហ៊ុនបង្កើតវ៉ាក់សាំងផ្សេងទៀតទេ គឺខ្សែចង្វាក់ទាំងមូលរបស់ពួកគេ។ គិតអំពីបណ្ដាញចែកចាយ និងស្ថាប័នសុខភាពសាធារណៈ។ ទាំងនោះហើយ គឺជាបុគ្គលដែលយើងត្រូវបន្តចែកចាយជំនួយសន្តិសុខអ៊ីនធឺណិតពីសហគមន៍សន្តិសុខជាតិ និងពីវិស័យឯកជន»។
ការអត្ថាធិប្បាយរបស់លោក Krebs គឺស្រដៀងនឹងការប្រកាសរបស់មជ្ឈមណ្ឌលជាតិសន្តិសុខអ៊ីនធឺណិតចក្រភពអង់គ្លេស ដែលកាលពីខែវិច្ឆិកា ក៏បានចោទប្រកាន់រុស្ស៊ី ចិន អ៊ីរ៉ង់ និងកូរ៉េខាងជើង ថាបានប៉ុនប៉ងលួចកម្មសិទ្ធិបញ្ញាទាក់ទងនឹងវ៉ាក់សាំង Covid-19 ដែលរួមមានលទ្ធផលសាកល្បងដំបូង និងព័ត៌មានសម្ងាត់អំពីផលិតកម្មនៃវ៉ាក់សាំងក្នុងទ្រង់ទ្រាយធំ។ កាលពីខែកក្កដា សហរដ្ឋអាមេរិកបានចោទប្រកាន់ចិន និងរុស្ស៊ីថា បានលួចទិន្នន័យសម្ងាត់ពីក្រុមហ៊ុនផលិតឱសថ។
យ៉ាងណាមិញលោក Christopher Krebs គឺបានធ្វើជានាយក CISA ពីឆ្នាំ ២០១៨ ដល់ ២០២០ ដែលក្នុងរយៈពេល នោះលោកទទួលបន្ទុកការពារប្រព័ន្ធអ៊ីនធឺណិត និងឌីជីថលរបស់អាមេរិក ដែលរួមមានការពារការបោះឆ្នោត ២០២០។
លោក Krebs ត្រូវបានប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បណ្ដេញចេញពីតំណែងបន្ទាប់ពីលោក Krebs បានធានាថា ការបោះឆ្នោតឆ្នាំ ២០២០ នេះ មិនមានការក្លែងបន្លំសន្លឹកឆ្នោតណាមួយទេ ដែលផ្ទុយពីការអះអាងដោយមិនមានភ័ស្តុតាងរបស់លោក Trump ថាមានការក្លែងបន្លំទ្រង់ទ្រាយធំ៕