អតីត​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ម៉ិកស៊ិក ​ត្រូវ​បាន​អាជ្ញាធរ​សហរដ្ឋ​អាមេរិក​ចាប់​ខ្លួន​។ ការ​ចាប់​ខ្លួន​នេះ​កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ ទី ​១៦​ ​​តុលា ​​នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ ​ទីក្រុង​ឡូស​អេនជឺលេស​ រដ្ឋ​កាលីហ្វ័រនីញ៉ា​។​

យោង​តាម​រដ្ឋអាជ្ញា​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ញូវយ៉ក​បាន​ឱ្យ​ដឹង​ថា ​នាយ​ឧត្ដមសេនីយ៍ ​Salvador​ Cienfuegos ​ដែល​មាន​តួនាទី​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ម៉ិកស៊ិក​ ពី​ឆ្នាំ ​២០១២ ​ដល់​ឆ្នាំ​ ២០១៨​ ត្រូវ​បាន​ចាប់​ខ្លួន​តាម​ការ​ស្នើសុំ​របស់​រដ្ឋបាល​ប្រឆាំង​ការ​ជួញ​ដូរ​គ្រឿង​ញៀន ​(DEA)​។ ​លោក​ Cienfuegos ​ត្រូវ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ឃុបឃិត​ចែកចាយ​​គ្រឿង​ញៀន​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ និង​ពី​បទ​លាង​លុយ​កខ្វក់​នៅ​ក្នុង​ដែនដី​អាមេរិក​ បទល្មើស​ទាំង ​២ នេះ​បាន​កើត​ឡើង​នៅ​អំឡុង​ខែ​ធ្នូ ​ឆ្នាំ ​២០១៥ ​និង​ខែ ​មករា ​ឆ្នាំ ​២០១៧​។ ​លោក ​Cienfuegos ​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់ ​៣០ ​ឆ្នាំ​ ប្រសិន​ជា​តុលាការ​រក​ឃើញ​ថា​ លោក​ពិត​ជា​បាន​ប្រព្រឹត្ត​បទល្មើស​ទាំង​នេះ​មែន​។​

ក្នុង​ពាក្យ​បណ្ដឹង​បញ្ជូន​ទៅ​តុលាការ​រដ្ឋអាជ្ញា​បាន​សរសេរ​ថា​៖ «ជា​ថ្នូរ​នឹង​ការ​បង់​ប្រាក់​សំណូក ​គាត់ ​(​លោក ​Cienfuegos)​ បាន​អនុញ្ញាត​ឱ្យ​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​ H-2 ​ដែល​ជា​ក្រុម ​១​ តែងតែ​ប្រព្រឹត្ត​អំពើ​ហិង្សា​រួម​មាន​ទាំង​ការ​ធ្វើ​ទារុណកម្ម​ និង​ឃាតកម្ម​ អាច​ធ្វើ​សកម្មភាព​ដោយ​មិន​ចាំបាច់​ខ្លាច​ការ​ចាប់​ខ្លួន​»​។​

ឯកសារ​ពាក្យ​បណ្ដឹង​ក៏​បាន​លើក​ឡើង​នូវ​ភ័ស្តុតាង​ប្រមូល​បាន​ពី​ការ​ឃ្លាំ​មើល​ ទំនាក់ទំនង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដែល​បង្ហាញ​ថា​ លោក​ Cienfuegos ​បាន​ណែនាំ​ក្រុម ​H-2​ ឱ្យ​ស្គាល់​មន្ត្រី​ពុក​រលួយ​ផ្សេង​ទៀត​ និង​បាន​បញ្ចេញ​អត្តសញ្ញាណ​របស់​សាក្សី​មួយ​ចំនួន​ ជា​ហេតុ​នាំ​ឱ្យ​មាន​ការ​សម្លាប់​សាក្សី​ទាំង​នោះ​ទៀត​ផង​។​

លោក Cienfuegos ​នឹង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ចំពោះ​មុខ​តុលាការ​ តាមរយៈ​ការ​ទំនាក់ទំនង​តាម​វីដេអូ ​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ ទី ​១៧ ​តុលា ​ហើយ​បន្ទាប់​មក ​លោក​នឹង​ត្រូវ​បញ្ជូន​ទៅ​ទី​ក្រុង​ញូវយ៉ក​ ជា​ទី​កន្លែង​ផ្ដើម​ការ​ស៊ើប​អង្កេត​។​

ការ​ចាប់​ខ្លួន​លោក​ Cienfuegos ​បាន​ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​ លើ​សុចរិតភាព​របស់​កង​យោធា​ម៉ិកស៊ិក​នៅ​ក្នុង​សង្គ្រាម​កម្ចាត់​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​។​ កាល​ពី​មុន​កង​យោធា ​ម៉ិកស៊ិក​ត្រូវ​បាន​ប្រជាជន​ និង​ដៃ​គូ​អន្តរជាតិ​ចាត់​ទុក​ថា​ ​ជា​ស្ថាប័ន​រដ្ឋាភិបាល​តែ ​១ ​គត់​ ដែល​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ក្រុម​ជួញ​ដូរ​គ្រឿង​​ញៀន​ ហើយ​មាន​អំពើ​ពុករលួយ​តិចតួច​បំផុត​។​

ជាក់​ស្តែង​ក្នុង​រយ:ពេល​ជាង ​១ ទសវត្សរ៍​ចុង​ក្រោយ​មក​នេះ ​កង​យោធា​ម៉ិកស៊ិក​បាន​ដើរ​តួនាទី​ចម្បង​នៅ​ក្នុង​សង្គ្រាម​កម្ចាត់​ក្រុម​ជួញដូរ​គ្រឿង​ញៀន​ ពី​ព្រោះ​កង​កម្លាំង​ប៉ូលិស​ម៉ិកស៊ិក​នៅ​មាន​លក្ខណ:​ប្រមូល​ផ្តុំ​នៅ​ឡើយ​ ហើយ​ពោរ​ពេញ​ទៅ​ដោយ​អំពើ​ពុក​រលួយ ​និង​ខ្វះ​សមត្ថភាព​នៅ​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​នឹង​ក្រុម​ប្រដាប់​អាវុធ​ទាំង​នេះ​។​

កាល​ពី ​២ ឆ្នាំ​មុន​លោក​ Cienfuegos ​ត្រូវ​បាន​មន្ទីរ​បញ្ចកោណ​ផ្តល់​កិត្តិយស​សម្រាប់​ឧត្តមភាព​របស់​លោក។​ តែ​ឆ្នាំ​នេះ​ សកម្មភាព​ឧក្រិដ្ឋ​របស់​លោក​ បើ​សិន​បង្ហាញ​ថា​ ជា​ការ​ពិត​មែន​នោះ​ គឺ​នឹង​ក្លាយ​ជា​សញ្ញា ​១ ទៀត​នៃ​គុណ​វិបត្តិ​នៅ​ក្នុង​សង្គ្រាម​កម្ចាត់​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​ ដែល​សង្គ្រាម​នេះ​មាន​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក​។​

ប្រធានាធិបតី​ម៉ិកស៊ិក ​លោក ​Andres ​Manuel​ Lopez-Obrador​ បាន​ឆក់​ឱកាស​នៃ​ការ​ចាប់​ខ្លួន​លោក Cienfuegos ​ដើម្បី​វាយ​ប្រហារ​រដ្ឋបាល​មុន​របស់​អតីត​ប្រធានាធិបតី​ Enrique ​Pena ​Nieto ​ថា​ ពោរពេញ​ទៅ​ដោយ​អំពើ​ពុក​រលួយ​។​

លោក ​Lopez ​Obrador​ បាន​និយាយ​ថា៖ ​«​នេះ​គឺ ​ជា​ឧទាហរណ៍ ដែល​មិន​អាច​ប្រកែក​បាន​នៃ​ការ​រលំ​រលាយ​រដ្ឋាភិបាល ​និង​ជា​ឧទាហរណ៍​អំពី​របៀប​ដែល​រដ្ឋបាល​សាធារណៈ​ និង​សេវា​សាធារណៈ​របស់​រដ្ឋាភិបាល​ ត្រូវ​បាន​បន្ទាប​បន្ថោក​ក្នុង​សម័យ​សេរី​និយម​ថ្មី (Neo-​Liberal ​Period​)​»​។​

ប្រធានាធិបតី​ម៉ិកស៊ិក​រូប​នេះ​ក៏​បាន​អះអាង​ផង​ដែរ​ថា ​ថ្នាក់​ដឹកនាំ​យោធា​បច្ចុប្បន្ន​គឺ ​«​មិន​ងាយ​ពុក​រលួយ​នោះ​​ទេ​» ​ហើយ​បាន​សន្យា​ថា ​នឹង​ព្យួរ​ការងារ​ មន្ត្រី​ណា​មួយ​នៅ​ក្នុង​រដ្ឋាភិបាល​របស់​លោក​ ប្រសិន​បើ​រក​ឃើញ​ថា ​ពួក​គេ​បាន​ជាប់​ទាក់ទង​ទៅ​នឹង​អំពើ​ពុក​រលួយ​មែន​នោះ​។​

គួរ​បញ្ជាក់​ថា ​លោក​ Cienfuegos ​មាន​ងារ​ថា ​«El Padrino» ​ឬ​ជា​ភាសា​អង់គ្លេស​ថា «The Godfather​»​ គឺ​ជា​អតីត​រដ្ឋមន្ត្រី​ម៉ិកស៊ិក​ទី​ ២​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សហរដ្ឋ​អាមេរិក​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​។ ​មុន​នេះ ​លោក​ Genaro ​Garcia​ Luna​ ជា​អតីត​រដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ ​មាន​តួនាទី​គ្រប់គ្រង​ប៉ូលិស​ ចាប់​ពី​ឆ្នាំ ២០០៦​ រហូត​ដល់​ឆ្នាំ​ ២០១២​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រដ្ឋ​តិចសាស់​កាល​ពី​ឆ្នាំ​មុន​ ពី​បទ​ឃុបឃិត​ ចែកចាយ​គ្រឿង​ញៀន​ជាមួយ​នឹង​ការ​ចោទ​ប្រកាន់​ថា​ បាន​ទទួល​សំណូក​សូក​ប៉ាន់​រាប់​លាន​ដុល្លារ​ពី​ស្ដេច​ជួញ​ដូរ​គ្រឿង​ញៀន​ឈ្មោះ​ Joaquin«El-Chapo​» ​Guzman​៕​