ក្រុង​វ៉ាស៊ីនតោន៖​ អត្ថបទ​ចំនួន ២ ​ដែល​ចោទ​ប្រកាន់​លោក ​ដូណាល់​ ត្រាំ ​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​សភា​ទៅ​ព្រឹទ្ធសភា​កាល​ពី​ថ្ងៃ​ពុធ ​ដោយ​បាន​កំណត់​ក្នុង​ញត្តិ​អំពី​ការ​ជំនុំ​ជម្រះ​លោក​ប្រធានាធិបតី​ទី ​៤៥ ​រូប​នេះ​។

លោកស្រី​ប្រធាន​សភា ​ណានស៊ី ប៉េឡូស៊ី ​បាន​ចុះ​ហត្ថលេខា​លើ​អត្ថបទ​ទាំង​នោះ ដែល​បាន​ចោទ​ប្រកាន់​លោក​ប្រធានាធិបតី ត្រាំ ​ពី​បទ​រំលោភ​អំណាច​ និង​រារាំង​សភា​មុន​នឹង​ពួក​គេ​ត្រូវ​បាន​ឆ្លង​កាត់​សភា​កា​ពី​តូល​ទៅ​ដល់​ព្រឹទ្ធសភា​ ​​ដែល​គ្រប់គ្រង​បក្ស​សាធារណ​រដ្ឋ​នោះ​។

លោកស្រី ​ប៉េឡូស៊ី ​បាន​ថ្លែង​ថា៖ ​«គួរ​ឲ្យ​ក្រៀមក្រំ​ណាស់ ​គួរ​ឲ្យ​អាក្រក់​ណាស់​សម្រាប់​ប្រទេស​របស់​យើង​​​ដែល​វិធានការ​ទាំង​អស់​នេះ​ត្រូវ​បាន​ចាត់​ឡើង ​ដោយ​ប្រធានាធិបតី​រូប​នេះ ​ដើម្បី​បំផ្លាញ​សន្តិសុខ​ជាតិ​រំលោភ​បំពាន​ការ​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​ និង​បង្ក​គ្រោះ​ថ្នាក់​ដល់​សន្តិសុខ​នៅ​ពេល​បោះឆ្នោត​របស់​យើង ​ហើយ​បាន​នាំ​ឲ្យ​យើង​មក​ដល់​កន្លែង​នេះ ​មុន​ប្រើប្រាស់​ប៊ិក​ ​ដើម្បី​ចុះ​ហត្ថលេខា​​អត្ថបទ​ទាំង​នោះ​»។

ដោយ​ត្រូវ​បាន​ដាក់​នៅ​ក្នុង​សំណុំ​ឯកសារ​ពណ៌​លឿង​ អត្ថបទ​នោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​បុគ្គលិក​ព្រឹទ្ធសភា​​ដោយ​មន្ត្រី​ជា​ច្រើន​រូប ​នៅ​ក្នុង​នោះ​មាន​ក្រុម​មន្ត្រី​សភា​ដែល​ត្រូវ​បាន​ជ្រើសរើស ​ដើម្បី​សម្រេច​​សំណុំ​រឿង​ប្រឆាំង​លោក ​ដូណាល់ ត្រាំ​ ក្រោយ​ពី​សារ​មួយ​ដែល​ជូន​ដំណឹង​ព្រឹទ្ធសភា​អំពី​ការ​ចោទ​ប្រកាន់​ទាំង​នោះ​ត្រូវ​បាន​អាន​នៅ​ជាន់​ក្រោម ​នៃ​អគារ​ព្រឹទ្ធសភា​នោះ​។ ​

មេ​ដឹកនាំ​​ព្រឹទ្ធសភា​លោក​ Mitch McConnell​ បាន​អញ្ជើញ​ឲ្យ​ក្រុម​មន្ត្រី​​សភា​អាន​អត្ថបទ​​​ទាំង​នោះ ​នៅ​ព្រឹទ្ធសភា​កាល​ពី​ថ្ងៃ​ត្រង់​ថ្ងៃ​ព្រហស្បតិ៍​។

ក្រោយ​មក​នៅ​ម៉ោង ​២ ​រសៀល ​ប្រធាន​តុលាការ​កំពូល​អាមេរិក​ លោក John Roberts​ នឹង​​ចូលរួម​ការ​ស្បថ​ចូល​កាន់​តំណែង​។

លោក​ McConnell ​ដែល​មាន​ទឹក​មុខ​យ៉ាង​ស្រងូត​ស្រងាត់​ បាន​ថ្លែង​នៅ​ព្រឹទ្ធសភា​ថា៖​ «​បន្ទាប់​មក ​ប្រធាន​តុលាការ​កំពូល​នោះ​នឹង​ស្បថ​ចូល​កាន់​តំណែង​នៅ​ចំពោះ​មុខ​សមាជិក​ព្រឹទ្ធសភា​ទាំង​អស់​»។

ព្រឹទ្ធសភា​នឹង​ត្រូវ​បាន​ប្រែ​ក្លាយ​ឲ្យ​ទៅ​ជា​តុលាការ​ជំនុំ​ជម្រេះ​រឿង​ក្តី​ប្រធានាធិបតី​លើក​ទី ​៣ ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​។

លោក​ McConnell ​បាន​ថ្លែង​ថា​ការ​ជំនុំ​ជម្រះ​រឿង​ក្តី​នោះ​ នឹង​ចាប់​ផ្តើម​យ៉ាង​ត្រឹមត្រូវ​នៅ​ថ្ងៃ​អង្គារ។​

លោក​បាន​ថ្លែង​ថា៖ ​«យើង​នឹង​បេ្តជ្ញា​ធ្វើ​ដោយ​មិន​ប្រកាន់​បក្ខ​ពួក​ និង​ធ្វើ​ឲ្យ​មាន​ភាព​យុត្តិធម៌​សម្រាប់​ស្ថាប័ន​របស់​យើង​សម្រាប់​រដ្ឋ​ទាំង​អស់​របស់​យើង​ និង​សម្រាប់​ប្រទេស​របស់​យើង​ទាំង​មូល​»។

លោក​បាន​ថ្លែង​ទៀត​ថា៖ «​ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា​ ស្ថាប័ន​នេះ​អាច​ធ្វើ​ការ​ជំនុំ​ជម្រះ​បាន​យ៉ាង​ត្រឹមត្រូវ​ដោយ​ឥត​លម្អៀង​​ ដើម្បី​​​ផល​ប្រយោជន៍​សម្រាប់​ប្រទេស​យើង៕ AFP/PSA