បុរីញូវយ៉កៈ លោក​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ Antonio Guterres កាល​ពី​ថ្ងៃ​ពុធ បាន​ស្វាគមន៍​ការ​សម្រេច​ចិត្ត​របស់​អ៊ីស្រាអែល​បើក​ច្រក​ឆ្លង​កាត់​មួយ​ជាមួយ​តំបន់​ហ្គាហ្សា ឡើង​វិញ​និង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​គាំទ្រ​ដល់​កិច្ច​ប្រឹង​ប្រែង​របស់​អ.ស.ប.ជាមួយ​អេហ្ស៊ីប ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​ប៉ាឡេស្ទីន។

កាលពី​ព្រឹក​ថ្ងៃ​ពុធ អ៊ីស្រាអែល បាន​បើក​ច្រក​ឆ្លងកាត់ Kerem Shalom ដែល​ត្រូវបាន​បិទ​ចំពោះ​ទំនិញ​ភាគ​ច្រើន​កាល​ពី​ថ្ងៃ​ទី ៩ កក្កដា ខណៈ​ភាព​តាន​តឹង​នៅ​តំបន់​ហ្គាហ្សា ឡើង​កម្តៅ​ខ្លាំង។

ច្រក​ឆ្លងកាត់​នោះ មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រជាជន​ដែល​រស់នៅ​តំបន់​ហ្គា​ហ្សា​និង​សេដ្ឋកិច្ច​របស់​ពួកគេ ជាប់​គាំង ប៉ុន្តែ​អ៊ីស្រាអែល បាន​បិទ​ចំពោះ​ទំនិញ លើក​លែង​តែ​ស្បៀង​អាហារ និង​ថ្នាំ​ពេទ្យ​ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​ក្រុម​ឧទ្ទាម​ហាម៉ាស ជា​ចលនា​អ៊ិស្លាម​ដែល​បាន​ធ្វើការ​គ្រប់​គ្រង​ដែនដី​នេះ។

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ លោក Guterres បាន​ថ្លែងថា លោក​មាន​ទឹកចិត្ត​ចង់ឃើញ​អ្នក​ដែល​ពាក់​ព័ន្ធ​ទាំង​អស់​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​នោះ ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​នៃ​ជម្លោះ​នោះ​ពី​ជន​ស៊ីវិល​នៅ​ក្នុង និង​ជុំវិញ​តំបន់​ហ្គាហ្សា។

លោក​បាន​អំពាវនាវ​ដល់​គ្រប់ភាគី​ទាំងអស់​គាំទ្រ​កិច្ច​ប្រឹងប្រែង​នានា​ដឹកនាំ​ដោយ​ប្រេសិត​ពិសេស​អ.ស.ប.និង​អេហ្ស៊ីប​ដើម្បី​បញ្ចៀស​ភាព​តាន​តឹង និង​ដោះ​ស្រាយ​វិបត្តិ​មនុស្ស​ធម៌​នៅ​តំបន់​ហ្គាហ្សា និង​ការ​វិល​ត្រឡប់​របស់​អាជ្ញាធរ​ប៉ាឡេស្ទីន​ទៅ​តំបន់​ហ្គាហ្សា​វិញ។

ការបើក​ច្រក​ឆ្លងកាត់​នោះ​ឡើងវិញ​បានកើត​ឡើងខណៈ ជំរុញ​ឲ្យ​មានការ​ចរចា​ផ្ទាល់​ដែល​ត្រូវ​បាន​សម្រប​សម្រួល​ដោយ​អេហ្ស៊ីប និង​មន្ត្រី​អង្គការ​សហ​ប្រជា​ជាតិ​ដើម្បី​ឈាន​ដល់​បទ​ឈប់​បាញ់​មួយ​រយៈពេល​វែង​រវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស៕