កាល​ពី​ថ្ងៃ​អង្គារ កន្លង​ទៅ សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​មេ​ដឹកនាំ​យោធា​ចលនា Houthi ចំនួន ២ នាក់ ​នៅ​ប្រទេស​យេម៉ែន ​ពី​បទ​កាន់កាប់​អាវុធ​ពី​អ៊ីរ៉ង់ និង​រៀបចំ​ការ​វាយ​ប្រហារ ដែល​នេះ​ជា​ការ​ដាក់​ទណ្ឌកម្ម​ដំបូង​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Joe Biden ប្រឆាំង​នឹង​ក្រុម​នេះ។

ទណ្ឌកម្ម​នេះ មាន​លក្ខណ:​ផ្ទុយ​ពី​សេចក្តី​សម្រេច​របស់​ក្រសួង​ការបរទេស​កាល​ពី​ខែ​មុន អំពី​ការ​លុបចោល​នៃ​ការ​កំណត់​ក្រុម​ភេរវករ​ដែល​បាន​ដាក់​ចេញ​ដោយ​រដ្ឋបាល Donald Trump នៅ​ថ្ងៃ​កាន់​តំណែង​ចុង​ក្រោយ​របស់​លោក​ជុំវិញ​ការ​ព្រួយបារម្ភ​ថា ពួក​គេ​នឹង​ធ្វើ​ឱ្យ​វិបត្តិ​មនុស្ស​ធម៌​កាន់​តែ​យ៉ាប់យ៉ឺន​ឡើង​នៅ​ប្រទេស​យេម៉ែន។

រដ្ឋបាល Joe Biden បាន​ព្រមាន​ចលនា Houthi ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ថា ទីក្រុង​វ៉ាស៊ីនតោន នឹង​រក្សា​ការ​ដាក់​សម្ពាធ​លើ​ការ​ដឹកនាំ​របស់​ក្រុម​នេះ​បន្ត​ទៀត។

នាយក​ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស​លោក Andrea Gacki បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​នាយកដ្ឋាន​រតនាគារ​អាមេរិក​ថា៖ «សហរដ្ឋអាមេរិក​នៅ​តែ​ប្តេជ្ញា​ធើ្វ​យ៉ាង​ណា​ឱ្យ​ចលនា ​Houthi ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព​របស់​ពួក​គេ ដែល​បាន​រួម​ចំណែក​ធ្វើ​ឱ្យ​ប្រជាជន​យេម៉ែន​រង​ទុក្ខ​ជា​ទម្ងន់»។

ចំណាត់ការ​កាល​ពី​ថ្ងៃ​អង្គារ​នោះ​បាន​ដាក់​ឈ្មោះ​បុគ្គល​មួយ​ចំនួន​ក្នុង​ចលនា​ហ៊ូធី​ចូល​ក្នុង​បញ្ជី​ខ្មៅ ដែល​ក្នុង​នោះ​រួម​មាន​ដូចជា លោក Mansur Al-Sa''adi មេ​បញ្ជាការ​កងទ័ព​ជើងទឹក​ហ៊ូធី និង​លោក Ahmad ''Ali Ahsan al-Hamzi មេ​បញ្ជាការ​កងទ័ព​អាកាស និង​កង​ការពារ​ដែន​អាកាស​របស់​យេម៉ែន។

រតនាគារ​អាមេរិក​បាន​ចោទ​ប្រកាន់​មេ​ដឹកនាំ​ទាំង ២ ថា រៀបចំ​ការ​វាយ​ប្រហារ​ដែល​បាន​ធ្វើ​ឱ្យ​ជះ​ឥទ្ធិពល​ដល់​ប្រជាជន​យេម៉ែន ប្រទេស​ជិត​ខាង និង​នាវា​ពាណិជ្ជកម្ម​នៅ​ក្នុង​ដែន​ទឹក​អន្តរជាតិ​នៅ​ក្នុង​សកម្មភាព​មួយ​ដែល​ធ្វើ​ឡើង ដើម្បី «ជំរុញ​របៀបវារៈ​ប្រកប​ដោយ​ស្ថិរភាព​របស់​របប​អ៊ីរ៉ង់»។

ប្រភព​ដដែល​បាន​បន្ត​ថា សហរដ្ឋអាមេរិក​ថ្កោល​ទោស​ក្រុម​ចលនា​ហ៊ូធី ដែល​គ្រោង​នឹង​បង្ក​ឱ្យ​មាន​ការ​បំផ្លិចបំផ្លាញ​ដល់​តំបន់​ប្រជាជន​ស៊ីវិល​ដោយ​ពួក​សកម្ម​ប្រយុទ្ធ និង​កំណត់​ការ​ថ្កោល​ទោស​នេះ​ចាប់​ពី​ថ្ងៃ​នេះ​តទៅ។ បុគ្គល​ទាំង​នេះ​បញ្ជា​កម្លាំង​ដែល​ធ្វើ​ឱ្យ​មាន​វិបត្តិ​មនុស្សធម៌​កាន់​តែ​អាក្រក់​នៅ​ក្នុង​ប្រទេស​យេម៉ែន។ សង្គ្រាម​បាន​ធ្វើ​ឱ្យ​ប្រទេស​ក្រីក្រ​មួយ​នេះ ធ្លាក់​ខ្លួន​ទៅ​ជា​ប្រទេស ដែល​មាន​វិបត្តិ​មនុស្សធម៌​ដ៏​ធំ​បំផុត​របស់​ពិភព​លោក។ នេះ​បើ​តាម​អង្គការ​សហប្រជាជាតិ។

ទណ្ឌកម្ម​ថ្មី​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​លោក ​Biden ដក​កម្លាំង​យោធា​ជំនួយ ដែល​គាំទ្រ​ដោយ​អារ៉ាប៊ី សាអ៊ូឌីត នៅ​យេម៉ែន ដោយ​ប្រកាស​ថា សង្គ្រាម​រយៈពេល ៦ ឆ្នាំ ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​ជម្លោះ​រវាង​អារ៉ាប៊ី សាអ៊ូឌីត និង​អ៊ីរ៉ង់ «ត្រូវ​តែ​បញ្ចប់»។

រតនាគារ បាន​បន្តថា អ៊ីរ៉ង់​បាន​បង្កើន​ជម្លោះ​កាន់​តែ​ខ្លាំង​ឡើង​តាមរយៈ ការ​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ និង​សម្ភារ​ដោយ​ផ្ទាល់​ដល់​ក្រុម ​Houthi រួមមាន​អាវុធ​តូចៗ មីស៊ីល គ្រឿង​ផ្ទុះ និង​យាន​គ្មាន​មនុស្ស​បើក ឬ​ដ្រូន ដែល​ត្រូវ​បាន​ប្រើប្រាស់​ប្រឆាំង​ទៅ​នឹង​រដ្ឋាភិបាល​យេម៉ែន។

ប្រភព​ដដែល​បន្តថា លោក Al-Sa''adi បាន​ទទួល​ការ​បណ្តុះបណ្តាល​យ៉ាង​ទូលំ​ទូលាយ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ​និង​បាន​ជួយ​រត់​ពន្ធ​អាវុធ​ចូល​ទៅ​ក្នុង​ប្រទេស​យេម៉ែន ​ខណៈ​លោក al-Hamzi បាន​ទិញ​អាវុធ ដែល​ផលិត​ដោយ​អ៊ីរ៉ង់​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​រួម​ទាំង​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​ដ្រូន​ទៀត​ផង។

ទណ្ឌកម្ម​កាល​ពី​ថ្ងៃ​អង្គារ ត្រូវ​បាន​ដាក់​នៅ​ក្រោម​បទបញ្ជា​ប្រតិបត្តិ ដែល​មាន​គោល​បំណង​បង្កក​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​ដែល​គំរាមកំហែង​ដល់​សន្តិភាព​សន្តិសុខ ឬ​ស្ថិរភាព​នៃ​ប្រទេស​យេម៉ែន រារាំង​រាល់​ទ្រព្យសម្បត្តិ​ អ្នក​ដែល​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជីខ្មៅ​​អាច​មាន​នៅ​ក្រោម​យុត្តាធិការ​របស់​សហរដ្ឋអាមេរិក ហើយ​ជាទូទៅ​រារាំង​ជនជាតិ​អាមេរិក​មិន​ឱ្យ​ទាក់ទង​ពួក​គេ​ឡើយ។

យ៉ាងណា​មិញ ក្រុម​ឧទ្ទាម​មក​ពី​ប្រទេស​ក្រីក្រ​មួយ​នេះ ទំនង​ជា​មិន​មាន​គណនី​ធនាគារ​អាមេរិក​ឡើយ ដូច​នេះ​ផល​ប៉ះពាល់​មិន​សូវ​ខ្លាំង​ប៉ុន្មាន​ទេ ​ប៉ុន្តែ​ការ​ធ្វើ​ដូច​នេះ​កាន់​តែ​ធ្វើ​ឱ្យ​មាន​ការ​រិះគន់​ដល់​លោក Joe Biden កាន់​តែ​ខ្លាំង​ពី​សំណាក់​ភាគី​អ៊ីរ៉ង ​ខណៈ​ដែល​លោក​បើកទ្វារ​ការ​ទូត​ជាមួយ​នឹង អារ៉ាប៊ី សាអ៊ូឌីត ដែល​បាន​និង​កំពុង​បំផ្លិចបំផ្លាញ​ក្រុម​ហ៊ូធី​នេះ។

កាល​ពី​ខែ​មុន​សហរដ្ឋអាមេរិក​បាន​ដក​ហូត​ក្រុម​ហ៊ូធី​ចេញ​ពី​អង្គការ​ភេរវកម្ម​បរទេស​ជា​ការ​ចាត់​វិធាន​ការ​របស់​លោក​ឧត្តម​សេនីយ៍ Frank McKenzie ប្រធាន​កងកម្លាំង​អាមេរិក​នៅ​មជ្ឈិមបូព៌ា និង​បាន​ហៅ​ចំណាត់ការ​នេះ​ថា ជា «ឆន្ទៈ​ល្អ» ដើម្បី​បញ្ចុះបញ្ចូល​ក្រុម​ឧទ្ទាម​ឱ្យ​ចូលរួម​ក្នុង​កិច្ចចរចា​សន្តិភាព ដើម្បី «បញ្ចប់​សង្គ្រាម»៕