ក្រុងវ៉ាស៊ីនតោន: ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ប្រឈម​ជាមួយ​សេចក្តី​សម្រេច​មួយ​ស្តី​អំពី​លទ្ធភាព​ការ​វាយ​ប្រហារ​លើ​ស៊ីរី និង​ការ​ប្រឈម​ការ​ប៉ះទ​ង្គិច​គ្នា​ជាមួយ​សម្ព័ន្ធ​មិត្ត​ក្រុង​ដាម៉ាស​គឺ​រុស្ស៊ី បន្ទាប់​ពី​ក្រុម​រដ្ឋ​សមាជិក​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​អង្គារ មិន​បាន​ឯកភាព​គ្នា​លើ​វិធានការ​ដើម្បី​ធ្វើការ​ស៊ើប​អង្កេត​អំពី​ការ​វាយ​ប្រហារ​អាវុធ​គីមី​នៅ​ក្នុង​ប្រទេស ដែល​រង​ការ​បំផ្លិច​បំផ្លាញ​ដោយសារ​សង្គ្រាម​នេះ។

មេដឹកនាំ​អាមេរិក​រូបនេះ បានបញ្ជាក់​យ៉ាងច្បាស់​ថា លោក​គ្រោង​ធ្វើ​ឲ្យ​លោក បាសារ អាល់​អាសាដ និង​ក្រុម​អ្នក​គាំទ្រ​រុស្ស៊ី​និង​អ៊ី​រ៉ង់​របស់​មេដឹកនាំ​របប​នេះ ធ្វើ​ការ​សង​ការ​ខូចខាត​ចំពោះ​បទ​ចោទ​ប្រកាន់​អំពើ​សាហាវ​ឃោរ​ឃៅ​ដោយ​ប្រើប្រាស់​ឧស្ម័ន​ជាតិ​ពុល​នាពេល​ថ្មីៗ​បំផុត​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​នៅ​ស៊ីរី។

ប៉ុន្តែ ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ មិនបាន​ធ្វើការ​ឯកភាព​គ្នា​លើ​វិធានការ​ឆ្លើយ​តប​ជា​សកល​ទៅ​នឹង​ឧប្បត្តិហេតុ​នៃ​ការ​វាយ​ប្រហារ​នោះ បន្ទាប់​ពី​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ម៉ូស្គូ​បាន​ប្រឆាំង​ចំពោះ ញត្តិ​ប្រកប​ដោយ​ចម្រូង​ចម្រាស​របស់​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​បង្កើត​ការស៊ើប​អង្កេត​ជា​អន្តរជាតិ​មួយ​ស្តី​អំពី​បញ្ហា​នៃ​ការ​ប្រើប្រាស់​អាវុធ​គីមី​អំឡុង​ជម្លោះ​អូស​បន្លាយ​រយៈពេល ៧ ឆ្នាំ​នៅ​ស៊ីរី​នេះ។

យោងតាម​ប្រភពព័ត៌មាន​ពី​ក្រុម​ជួយសង្គ្រោះ បាន​ឲ្យ​ដឹងថា កាល​ពី​ថ្ងៃ​សៅរ៍ មនុស្ស​ជាង ៤០ នាក់ បាន​ស្លាប់​នៅ​ក្នុង​ទីប្រជុំជន​ដូម៉ា ត្រួតត្រា​នៅ​ក្នុង​តំបន់​ជាយ​ក្រុង​ដាម៉ាស​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​ដែល​តាម​ការ​ចោទ​ប្រកាន់​នោះ បាន​បណ្តាល​ឲ្យ​ក្រុម​ជន​រង​គ្រោះ​ដល់​ការ​ដក​ដង្ហើម​តឹងៗ ជាមួយ​នឹង​មាន​ប្រែ​ពណ៌​នៅ​លើ​ស្បែក និង​បែក​ពពុះ​មាត់។

អាមេរិក អង់គ្លេស និង បារាំង បាន​លើកឡើងថា ការវាយប្រហារ​តាម​ការ​ចោទ​ប្រកាន់​នេះ មាន​លក្ខណៈ​ជា​ការ​វាយ​ប្រហារ​មួយ ដែល​ត្រូវ​បាន​បញ្ជា​ដោយ​របប​របស់​សម្ព័ន្ធ​មិត្ត​រុស្ស៊ី គឺ លោក​អាសាដ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ធ្វើការ​វាយ​ប្រហារ​លើក​មុនៗ ដោយ​អង្គការ​ហាម​ប្រាម​ការ​ប្រើប្រាស់​អាវុធ​គីមី (OPCW)។

លោក​ត្រាំ​បាន​ថ្លែងថា លោក​អាសាដ និង​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ាឌីមៀរ ពូ​ទីន ទំនង​ជា​ត្រូវ «សងការ​បង់ខាត​ដ៏​ធំធេង» ចំពោះ​ទង្វើ​របស់​ខ្លួន ដែល​តាម​ការ​ចោទ​ប្រកាន់​នេះ និង ដែល អគ្គរដ្ឋទូត​របស់​ក្រុង​វ៉ាស៊ីនតោន​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ លោកស្រី នីកគី ហាលី បាន​ធ្វើការ​បញ្ជាក់​ថា ការ​មិន​បាន​ទទួល​បាន​ការ​បោះឆ្នោត​គាំទ្រ​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ នឹង​មិន​អាច​ជា​ឧបសគ្គ​ដល់​អាមេរិក និង​ក្រុម​រដ្ឋ​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ឡើយ។

លោកស្រី បាន​ថ្លែងថា៖ «រុស្ស៊ី​បាន​បំផ្លាញ​ទំនុកចិត្ត​របស់​ក្រុម​ប្រឹក្សា»។ «ពេលណា​ក៏ដោយ​ដែល​យើង​បាន​ស្នើ​ឡើង​នូវ​អ្វីមួយ ដែល​មានន័យ​ចំពោះ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ស៊ីរី រុស្ស៊ី តែង​តែ​ឈរ​ជំទាស់​ជានិច្ច។ វា​គឺជា​ការ​សើច​ចំអក​មួយ»។

លោកស្រី ហា​លី បាន​ទាត់ចោល​សេចក្តីព្រាង​នៃ​សេចក្តីសម្រេច​របស់​រុស្ស៊ី​ជា «អ្វីៗ​ទាំង​អស់​ធ្វើ​ឡើង ដើម្បី​ការពារ​របប​លោក​អាសាដ» ដោយសារ​តែ​បញ្ញត្តិ ដែល​មាន​ចែង​នានា ដែល​បាន​តម្រូវ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ ធ្វើការ​អនុម័ត​ឯកភាព​លើ​របក​គំហើញ​របស់​ខ្លួន។ ម្យ៉ាង​វិញ​ទៀត ការ​ផ្តល់​សិទ្ធិ​វ៉េតូ​ដល់​រុស្ស៊ី​ជុំវិញ​ការ​ប៉ុន​ប៉ង​បែប​ណា​មួយ ដើម្បី​បែង​ចែក​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ឧក្រិដ្ឋ​មួយ​នេះ។

ជាការ​ឆ្លើយតប រុស្ស៊ី​បាន​ប្រើប្រាស់​សិទ្ធិ​ជំទាស់ (សិទ្ធិ​វ៉េតូ) របស់​ខ្លួន ដើម្បី​ជំទាស់​ចំពោះ​ញត្តិ​សំណើ ដែល​គាំទ្រ​ដោយ​អាមេរិក ដែល​បាន​បង្កើត​ឡើង​យន្តការ​ស៊ើប​អង្កេត​រួម​ជា​អន្តរជាតិ (JIM) ដើម្បី​បើក​ការ​ស៊ើប​អង្កេត​អំពី​ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​នៅក្នុ​ង​ទឹកដី​ស៊ីរី និង​តាម​ស្វែងរក​កំណត់​ភិន​ភាគ​ក្រុម​ឧក្រិដ្ឋជន​អ្នក​ប្រព្រឹត្ត​នូវ​ទង្វើ​អាក្រក់​នេះ។

អគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ​នៅ​អ.ស.ប. លោក Vassily Nebenzia បាន​ចោទ​ប្រកាន់​លោកស្រី ហាលី ពី​ការ​ស្វែងរក​ឆ្នោត​គាំទ្រ​ដើម្បី​ជួយ​បិទ​បាំង​ការ​វាយ​ប្រហារ​ដោយ​យោធា​របស់​ប្រទេស​លោក​ខាង​លិច​លើ​របប​ស៊ីរី៕