ក្រុងសិង្ហបុរីៈ អាមេរិក នឹងជំរុញសហគមន៍អន្តរជាតិឲ្យបន្តសម្ពាធទណ្ឌកម្មប្រឆាំងនឹង កូរ៉េខាងជើងនៅឯវេទិកាសន្តិសុខក្នុងប្រទេសសិង្ហបុរី នៅសប្ដាហ៍នេះ ដោយក្តីបារម្ភបានកើនឡើង ព្រោះតែក្រុងព្យុងយ៉ាង មិនបានធ្វើអ្វីដែលជាដុំ កំភួនក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរនោះទេ។
រដ្ឋមន្រី្តការបរទេសលោក Mike Pompeo និងភាគីខាងកូរ៉េខាងជើង នឹងចូលរួមកម្មវិធីជួបជុំនៅប្រទេសសិង្ហបុរី ជាទីដែលលោកត្រាំ និងលោកគីមជុងអ៊ុន បានជួបចរចាគ្នាកាលពីខែមិថុនាកន្លងមក។
លោក និងមន្ត្រីការទូតកំពូលមកពីប្រទេសដទៃ ដែលជាប់ទាក់ទងក្នុងការទប់ស្កាត់មហិច្ឆតានុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង នឹងពិនិត្យថា តើ កូរ៉េខាងជើងបានធ្វើអ្វីជាដុំកំភួនសំដៅទៅលើការបោះបង់ចោលអាវុធនុយក្លេអ៊ែរឬទេ?
កាលពីនៅក្នុងកិច្ចប្រជុំជាមួយនឹងលោកត្រាំក្នុងខែមិថុនាលោកគីម ជុងអ៊ុន បានចុះកិច្ចព្រមព្រៀងជាមួយការប្ដេជ្ញា មិនច្បាស់លាស់ក្នុង «ការលុបបំបាត់នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ» ដែលនេះ វាខុសឆ្ងាយពីការទាមទាររបស់អាមេរិកឲ្យមានការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង ដោយស្មោះត្រង់ និងមិនអាចកែប្រែបាន។
ខណៈដែលមានសញ្ញាណនៃការអភិវឌ្ឍតិចតួចភ្នាក់ងារព័ត៌មានមួយ បានបង្ហាញថាទីក្រុងព្យុងយ៉ាង កំពុងតែបន្តផលិតគ្រាប់រ៉ុក្កែត និងក្ដីព្រួយបារម្ភក៏បានកើនឡើងជុំវិញការអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលដាក់លើកូរ៉េខាងជើង កំពុងត្រូវបន្ធូរបន្ថយដោយសមាជិកខ្លះ។
មន្ត្រីអាមេរិកម្នាក់ បានថ្លែងថា៖ «ក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភ ដោយការបំពានទណ្ឌកម្មរបស់អ.ស.ប.ដោយកូរ៉េខាងជើង រួមមានទាំងការដឹកជញ្ជូនប្រេងខុសច្បាប់តាមសមុទ្រផងដែរ»។
មន្ត្រីអាមេរិកនោះ បានថ្លែងថា ការជួបជុំដូចជាវេទិកាតំបន់របស់អាស៊ាន «គឺជាឱកាសសម្រាប់រំឭកប្រទេសទាំងអស់អំពីកាតព្វកិច្ចរបស់ពួកគេក្នុងការគោរពសេចក្ដីសម្រេចរបស់អ.ស.ប.៕