រដ្ឋបាល​ប្រធានាធិបតី Joe Biden បាន​ស្នើ​ទៅ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ឱ្យ​ធ្វើ​កិច្ច​ព្រមព្រៀង​ចែក​រំលែក​អំណាច​ជាមួយ​តាលីបង់​ជា​បណ្ដោះ​អាសន្ន​ដែល​រដ្ឋាភិបាល​បច្ចុប្បន្ន​នឹង​ត្រូវ​ជំនួស​ដោយ​រដ្ឋាភិបាល​រួម​បណ្ដោះអាសន្ន​មួយ​រហូត​ដល់​ពេល​រដ្ឋធម្មនុញ្ញ​ថ្មី​ត្រូវ​បាន​ព្រមព្រៀង និង​ការ​រៀបចំ​ការ​បោះឆ្នោត​បាន​ធ្វើ​ឡើង នេះ​បើ​តាម​សេចក្ដី​ព្រាង​ផែនការ​សន្តិភាព​ថ្មី​មួយ​ពី​ប្រេសិត​ពិសេស​របស់​អាមេរិក​ប្រចាំ​អាហ្វហ្គានីស្ថាន​ដែល​ត្រូវ​បាន​បែក​ធ្លាយ​ជា​សាធារណ:។

មាន​ប្រភព​ផ្នែក​កិច្ច​ការ​នយោបាយ​ចំនួន ៤ រួមទាំង​មន្ត្រី​វិមាន​ប្រធានាធិបតី​ជាន់​ខ្ពស់ ១ រូប នៅ​ក្នុង​ទីក្រុង​កាប៊ុល ​ដែល​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​បាន​បញ្ជាក់​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន Reuters កាល​ពី​ថ្ងៃ​ចន្ទ ទី ៨ មីនា​ថា ឯកសារ​បែកធ្លាយ​នេះ​ គឺ​ជា​ផែនការ​ព្រាង​របស់​អាមេរិក​ពិត​មែន។ ផែនការ​នេះ​ត្រូវ​បាន​រាយការណ៍​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​អាទិត្យ ទី ៧ មីនា ដោយ TOLONews និង​សារព័ត៌មាន​អាហ្វហ្គានីស្ថាន​ផ្សេង​ទៀត។

ប្រេសិត​ពិសេស​របស់​អាមេរិក​ប្រចាំ​អាហ្វហ្គានីស្ថាន​លោក ZalmayKhalilzad ដែល​ជា​អ្នក​តំណាង​អាមេរិក​ក្នុង​ការ​ចរចា​ជាមួយ​តាលីបង់ បាន​ចែកចាយ​ផែន​ការ «រដ្ឋាភិបាល​សន្តិភាព​អន្តរកាល» ទៅ​កាន់​រដ្ឋាភិបាល​លោក​ប្រធានាធិបតី Ashraf Ghani មេដឹក​នាំ​បក្ស​ប្រឆាំង​មេ​ដឹកនាំ​សង្គម​ស៊ីវិល និង​អ្នក​តំណាង​ក្រុម​តាលីបង់។

ផែនការ​នេះ នឹង​បង្កើត​រដ្ឋាភិបាល​អន្តរកាល​មួយ​ដែល​រួម​មាន «រដ្ឋបាល​ប្រតិបត្តិ» ជ្រើសរើស​ដោយ​ភាគី​សង​ខាង​ដោយ​មាន​ការ​ពិចារណា​ពិសេស​សម្រាប់​ការ​ដាក់បញ្ចូល​ស្ត្រី និង​សមាជិក​ជនជាតិ​ទាំង​អស់។

រដ្ឋបាល​បណ្ដោះអាសន្ន​ដែល​ស្ថិត​នៅ​ក្រោម​ប្រធានាធិបតី​មួយ​រូប​ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​ភាគី​ទាំង​សង​ខាង​នឹង​ដឹកនាំ​ប្រទេស​រហូត​ដល់​ការ​បោះឆ្នោត​អាច​ត្រូវបាន​ធ្វើ​ឡើង​នៅ​ក្រោម​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​ព្រាង​ដោយ​គណៈកម្មការ​ជ្រើសរើស​ដោយ​ភាគី​ទាំង ២ និង​ប្រធានាធិបតី។

បទ​ឈប់​បាញ់​ទូទាំង​ប្រទេស​នឹង​ត្រូវ​បាន​អនុវត្ត​ក្រោម​ការ​ត្រួត​ពិនិត្យ​ដោយ​គណៈកម្មការ​ចម្រុះ​មួយ​ដោយ​ភាគី​នីមួយៗ​ជ្រើសរើស​សមាជិក ៤ រូប ហើយ​សមាជិក​ទី៩ នឹង​ត្រូវ​បាន​តែងតាំង​ដោយ​ប្រធានាធិបតី​រដ្ឋបាល​បណ្ដោះអាសន្ន។ សេចក្តីព្រាង​នេះ បាន​និយាយ​ថា អ្នក​សង្កេតការណ៍​អន្តរជាតិ​ចំនួន ៣ រូប ​នឹង​ធ្វើ​ការ​ជាមួយ​គណៈកម្មការ​នេះ។

ក្រោម​រដ្ឋាភិបាល​អន្តរកាល​រដ្ឋសភា​អាច​ត្រូវ​បាន​ពង្រីក ​ដើម្បី​រួម​បញ្ចូល​សមាជិក​ពី​ក្រុម​តាលីបង់ ឬ​ត្រូវ​ព្យួរ​រហូត​ដល់​ការ​បោះឆ្នោត​ថ្មី។ ផែន​ការ​នេះ​ក៏​បាន​ចែង​ថា អាហ្វហ្គានីស្ថាន​មិន​អាច «ធ្វើ​ជា​ទីជម្រក​របស់​ភេរវករ ឬ​អនុញ្ញាត​ឱ្យ​សកម្មភាព​ទាក់ទង​នឹង​ភេរវករ​នៅ​លើ​ទឹកដី​របស់​ខ្លួន» ដែល​គំរាម​កំហែង​ដល់​ប្រទេស​ដទៃ​ទៀត ហើយ​ក្រុម​តាលីបង់​ត្រូវ​តែ​បោះបង់​ទី​ជម្រក​សុវត្ថិភាព និង​ទំនាក់ទំនង​យោធា​ក្នុង​ប្រទេស​ជិត​ខាង។

កាល​ពី​ថ្ងៃ​សៅរ៍ លោក​ប្រធានាធិបតី Ghani បាន​និយាយ​ថា លោក​មិន​យល់ព្រម​នឹង​គំនិត​នៃ​ការ​បង្កើត​រដ្ឋាភិបាល​បណ្ដោះអាសន្ន​ជាមួយ​តាលីបង់ ហើយ​មធ្យោបាយ​តែ ១ គត់ ​ដើម្បី​បង្កើត​រដ្ឋាភិបាល គឺ​តាមរយៈ​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌។ លោក​ក៏​បាន​ទទូច​ផង​ដែរ​ថា លោក​នឹង​មិន​ធ្វើ​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​តាម​ការ​ទាមទារ​របស់​តាលីបង់​ទេ។

តាលីបង់​បាន​និយាយ​ថា​រដ្ឋាភិបាល​របស់​លោក Ghani គឺ​ជា​រដ្ឋាភិបាល​ខុស​ច្បាប់ និង​ផលិតផល​ការ​កាន់កាប់​អាហ្វហ្គានីស្ថាន​ដោយ​អាមេរិក។ ពួក​គេ​ទទូច​ថា កិច្ច​ពិភាក្សា​សន្តិភាព​រវាង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​គួរ​តែ​នាំ​ទៅ​រក​ការ​បង្កើត​រដ្ឋាភិបាល​អ៊ិស្លាម​នៅ​ទីក្រុង​កាប៊ុល។ ពួក​គេ​បាន​ច្រានចោល​បទ​ឈប់​បាញ់​មួយ​ជាមួយ​នឹង​រដ្ឋាភិបាល​ហើយ​បដិសេធ​ការ​ធ្វើ​ការ​បោះឆ្នោត។

រដ្ឋបាល​អាមេរិក​ថ្មី​របស់​លោក Biden មាន​គោល​បំណង​ពន្លឿន​កិច្ច​ចរចា​សន្តិភាព​ដែល​បាន​ជាប់​គាំង​ឱ្យ​រួចរាល់​មុន​ថ្ងៃទី ១ ខែឧសភា ​នៅ​ពេល​ដែល​កងទ័ព​អាមេរិក ២ ៥០០ នាក់​ចុង​ក្រោយ​ត្រូវ​ចាក​ចេញ​ពី​អាហ្វហ្គានីស្ថាន​ក្រោម​កិច្ច​ព្រមព្រៀង​មួយ​កាល​ពី​ខែ កុម្ភៈ ឆ្នាំ ២០២០ រវាង​ក្រុម​តាលីបង់ និង​អតីត​រដ្ឋបាល​ប្រធានាធិបតី ​Donald Trump។

ជំហរ​ផ្ទុយ​គ្នា​របស់​ភាគី​សង​ខាង​បាន​ធ្វើ​ឱ្យ​អ្នក​វិភាគ​មួយ​ចំនួន​យល់​ឃើញ​ថា កិច្ច​ព្រមព្រៀង​សន្តិភាព​មិន​អាច​ធ្វើ​ទាន់​កាល​កំណត់​នេះ​ទេ ហើយ​អាមេរិក​អាច​នឹង​ត្រូវ​បន្ត​ដាក់​ទាហាន​នៅ​ប្រទេស​នេះ។

លោក Biden អាច​ប្រឈម​មុខ​នឹង​ការ​រិះគន់​នៅ​អាមេរិក ប្រសិន​បើ​លោក​បរាជ័យ​ក្នុង​ការ​ដក​ទ័ព​ចេញ​ទាន់​ការ​កំណត់​នេះ ប៉ុន្តែ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ ប្រទេស​អាហ្វហ្គានីស្ថាន នៅ​តែ​មិន​មាន​ស្ថានភាព​ស្ថិតស្ថេរ​នៅ​ឡើយ​ដោយ​ថ្មីៗ​នេះ​តាលីបង់​បាន​បង្កើន​ការ​គ្រប់គ្រង​របស់​ពួកគេ​លើ​វិសាលភាព​ធំ​ទូលាយ​របស់​ប្រទេស។

អ្នក​វិភាគ​មួយ​ចំនួន​គិត​ថា ​តាលីបង់​នឹង​មិន​ទទួល​យក​ការ​បន្ត​ដាក់​ពង្រាយ​ទាហាន​បរទេស​ក្នុង​អាហ្វហ្គានីស្ថាន​ទេ លុះត្រា​តែ​ពួក​គេ​ទទួល​បាន​អ្វី​មួយ​ពី​អាមេរិក​ដូចជា​ការ​ដោះលែង​អ្នក​ទោស ៧ ៥០០ នាក់ ​ដែល​នៅ​ជាប់​ឃុំ និង​ការ​ដក​ឈ្មោះ​មេ​ដឹកនាំ​របស់​ពួក​គេ​ចេញ​ពី​បញ្ជី​ទណ្ឌកម្ម​អង្គការ​សហប្រជាជាតិ៕