
គ្រូពេទ្យម្នាក់កំពុងបូមយកវ៉ាក់សាំង AstraZeneca ដើម្បីចាក់ឱ្យប្រជាជននៅក្នុងសហគមន៍ Nossa Senhora Livramento កាលពីថ្ងៃទី ៩ កុម្ភៈ។ AFP
អាហ្វ្រិកខាងត្បូងកំពុងស្វែងរកផែនការចាក់វ៉ាក់សាំងថ្មី ដើម្បីប្រឆាំងនឹងទម្រង់នៃវីរុស ដែលបំប្លែងខ្លួនពីវីរុសកូវីដ ១៩ ក្រោយបង្អាក់ការចាក់វ៉ាក់សាំង AstraZeneca ជាបណ្ដោះអាសន្ន ដោយសារទិន្នន័យបឋមដែលទទួលបានបង្ហាញថា វ៉ាក់សាំងនេះ អាចមានប្រសិទ្ធភាពតិចតួចបំផុត។
កាលពីថ្ងៃចន្ទកន្លងទៅអាហ្វ្រិកខាងត្បូង កំពុងដំណើរការសិក្សា និងពិសោធលទ្ធភាពរបស់វ៉ាក់សាំង AstraZeneca នេះ។ អ្នកសិក្សាស្រាវជ្រាវបានលាយវ៉ាក់សាំង AstraZeneca ជាមួយវ៉ាក់សាំងមួយផ្សេងទៀតឬជាមួយនឹងវ៉ាក់សាំងផលិតដោយក្រុមហ៊ុន Johnson & Johnson ដែលវ៉ាក់សាំងនេះ ត្រូវគេមិនទាន់អនុញ្ញាតឱ្យប្រើនៅកន្លែងផ្សេងនៅឡើយនោះបានប្រើលើការចាក់ដល់បុគ្គលិកសុខាភិបាលប្រមាណ ១០០ ០០០ នាក់សិន ខណៈពេលអ្នកសិក្សានៅកំពុងតាមដានប្រសិទ្ធភាពរបស់វា ដើម្បីប្រឆាំងនឹងវីរុស បំប្លែង (501Y.V2 ឬ B1.351.) នៅឡើយ។
ការផ្លាស់ប្តូរយុទ្ធសាស្ត្រភ្លាមៗ បង្ហាញឱ្យឃើញលទ្ធផលបឋមនៅក្នុងការសិក្សាតូចមួយដែលបង្ហាញថា វ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាពតិចតួចបំផុតប្រឆាំង នឹងករណីស្រាល និងមធ្យមនៃជំងឺដែលបណ្តាលមកពីវីរុសបំប្លែងនេះ។
យ៉ាងណាមិញ ក្រុមអ្នកស្រាវជ្រាវនៅមានសង្ឃឹមនៅឡើយថា វ៉ាក់សាំង Johnson & Johnson អាចនឹងធ្វើឱ្យស្ថានភាពជំងឺនៅក្នុងប្រទេសមួយនេះប្រសើរជាងមុន។ លទ្ធផលដំបូងពីការធ្វើតេស្តវ៉ាក់សាំងអន្ដរជាតិបានបង្ហាញថា វ៉ាក់សាំង Johnson & Johnson មានប្រសិទ្ធភាព ៥៧% នៅអាហ្វ្រិកខាងត្បូងក្នុងការការពារវីរុសកូវីដ ១៩ កុំឱ្យមានការវិវឌ្ឍទៅដល់កម្រិតធ្ងន់ធ្ងរ។
ទោះជាយ៉ាងណាក្ដី កម្រិតប្រសិទ្ធភាពនៃវ៉ាក់សាំងនេះ នៅមានកម្រិតទាបជាងបណ្តាប្រទេសដទៃទៀតនៅឡើយ ខណៈប្រសិទ្ធភាពវ៉ាក់សាំងនេះនៅអាមេរិកមានកម្រិត ៧២% និងរឹតតែមានប្រសិទ្ធភាពជាងនេះទៀត ពោលគឺនៅតាមបណ្ដាប្រទេសជាអន្តរជាតិដែលមានកម្រិតទៅដល់ ៨៥% ក្នុងការការពាររោគសញ្ញាធ្ងន់ធ្ងរបំផុត។
អ្នកស្រីបណ្ឌិត Glenda Gray ប្រធានក្រុមប្រឹក្សាស្រាវជ្រាវខាងវេជ្ជសាស្ត្រនៅអាហ្វ្រិកខាងត្បូងដែលដឹកនាំក្រុមសិក្សាវ៉ាក់សាំងនៅផ្នែកអាហ្វ្រិកខាងត្បូងបានឱ្យដឹងថា៖ «យើងមិនអាចរង់ចាំបានទេ។ ទិន្នន័យពីប្រសិទ្ធភាពនៃវ៉ាក់សាំងក្នុងស្រុកយើងវាល្អគួរសមហើយ»។
អ្នកស្រីបានសង្កត់ធ្ងន់ថា ការសាកល្បងវ៉ាក់សាំង Johnson & Johnson បង្ហាញថា មានសុវត្ថិភាពហើយដូចនឹងវ៉ាក់សាំង AstraZeneca ដែរ វាងាយស្រួលប្រើជាងវ៉ាក់សាំង Pfizer និង Moderna ដែលត្រូវការសីតុណ្ហភាពត្រជាក់ខ្លាំង។
ទោះបីជាយ៉ាងណាក្ដីអាហ្វ្រិកខាងត្បូងហាក់ដូចជាកំពុងស្តាប់តាមវិធីសាស្ត្ររបស់អ្នកស្រី។ អ្នកស្រីបាននិយាយថា ប្រទេសនេះកំពុងរៀបចំផែនការបន្ទាន់ ដើម្បី «ដាក់ចេញផែនការ និងវាយតម្លៃលទ្ធភាពរបស់វាឱ្យបានឆាប់រហ័ស»។
អ្នកស្រី MugeCevik អ្នកឯកទេសខាងជំងឺឆ្លងនៅសាកលវិទ្យាល័យ St. Andrews ក្នុងប្រទេសស្កុតឡែន បានមានប្រសាសន៍ថា៖ «គោលបំណងធំ និងសំខាន់បំផុតនៃវ៉ាក់សាំង គឺដើម្បីការពារកុំឱ្យមានមនុស្សឆ្លងចូលពេទ្យ និងចំនួនមនុស្សស្លាប់ច្រើន។ លទ្ធផលទាំងនេះ (របស់អាហ្វ្រិកខាងត្បូង) ក៏ដូចតែគោលបំណងរបស់វ៉ាក់សាំងទូទៅដូចគ្នា។ ប៉ុន្តែប្រសិនបើវា មិនមានសមត្ថភាពការពារកុំឱ្យមានជំងឺឆ្លងបានមែននោះ យើងចាំបាច់ត្រូវសម្របនឹងយុទ្ធសាស្ត្រយើងដើមវិញពោលគឺផ្តោតលើការការពារកុំឱ្យមនុស្សឆ្លង និងចូលមន្ទីរពេទ្យ ក៏ដូចជា ចំនួនការស្លាប់ច្រើនតាមរយៈការចាក់វ៉ាក់សាំងការពារអ្នកដែលងាយរងគ្រោះបំផុត និងកាត់បន្ថយការឆ្លងសហគមន៍ជាដើម»។
ឥឡូវនេះពិភពលោកទាំងមូលកំពុងរង់ចាំមើលយុទ្ធសាស្ត្ររបស់អាហ្វ្រិកខាងត្បូង ពីព្រោះវីរុសបំប្លែងនេះ ត្រូវបានគេរកឃើញ ហើយឥឡូវនេះ ក៏កំពុងតែពង្រីកខ្លួនក្នុងប្រទេសនេះ ក៏ដូចជារីករាលដាលទៅប្រទេសជាង ៣០ ឯទៀតដែរ។ ក្រុមមន្ត្រីនិយាយថា វីរុសបំប្លែងនេះ កំពុងរាលដាលកាន់តែខ្លាំង ហើយភ័ស្តុតាងកំពុងបង្ហាញឱ្យឃើញថា វីរុសបំប្លែងនេះកាន់តែសាហាវ។ ដោយឡែក ការសិក្សាថ្មីៗ ក៏បានបង្ហាញផងដែរថា វីរុសនេះនឹងអាចឆ្លងទៅមនុស្សដែល ធ្លាប់ឆ្លងវីរុសទម្រង់ដើមផងដែរ។
គួរបញ្ជាក់ផងដែរថា វេជ្ជបណ្ឌិត Shabir Madhi ដែលជាអ្នកសិក្សាផ្នែកវ៉ាក់សាំងជាន់ខ្ពស់ ដែលដឹកនាំការសាកល្បងវ៉ាក់សាំងដើមរបស់អាហ្វ្រិកខាងត្បូង ដែលកំពុងតែបន្តការសិក្សាលើប្រសិទ្ធភាពវ៉ាក់សាំងជាបន្តបន្ទាប់បានប្រកាសបង្អាក់ការចាក់វ៉ាក់សាំង AstraZeneca នៅអាហ្វ្រិកខាងត្បូងដោយអះអាងថា ប្រសិទ្ធភាពនៃវ៉ាក់សាំងនៅមានកម្រិតនៅឡើយក្នុងការទប់ទល់នឹងប្រភេទបំប្លែង B1.351 នេះ។
លោក Barry Schoub ប្រធានគណៈកម្មាធិការពិគ្រោះយោបល់អំពីការចាក់ថ្នាំបង្ការរបស់អាហ្វ្រិកខាងត្បូង ក៏បានគាំទ្រចំពោះការផ្អាកនេះដូចគ្នាដោយសង្ឃឹមថា ការសិក្សាថ្មីក្នុងការចាក់លាយជាមួយវ៉ាក់សាំង Johnson & Johnson នឹងមានប្រសិទ្ធភាពជាងមុន។
បន្ថែមពីនេះលោក Salim Abdool Karim ប្រធានក្រុមទទួលបន្ទុកផ្នែកប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងនៃប្រទេសនេះបានពន្យល់ទាក់ទិននឹងការចាក់វ៉ាក់សាំងលាយនេះថា៖ «អ្នកត្រូវប្រើវ៉ាក់សាំងដែលមានស្រាប់ ដើម្បីបង្កើតភាពស៊ាំដល់រាងកាយអ្នកប្រឆាំងនឹងប្រភេទវីរុសបំប្លែង ដែលមានស្រាប់ក្នុងខ្លួនហើយវ៉ាក់សាំងលើកទី២ (ដែលជាវ៉ាក់សាំងប្រភេទផ្សេងពីទី១) នឹងការពារប្រឆាំងនឹងប្រភេទបំប្លែង 501Y.V2 នេះ»។
លោកបានបន្ថែមថា៖ «ហើយយើងក៏នឹងចង់ឃើញវ៉ាក់សាំងជំនាន់ក្រោយដែលជាវ៉ាក់សាំងមានប្រសិទ្ធភាពទូលំទូលាយជាងនេះ ពោលគឺអាចការពារទាំងប្រភេទថ្មី ដែលកំពុងបំប្លែងនាពេលបច្ចុប្បន្ន និងនាពេលអនាគតផងដែរ»៕