ក្រុងប៊្រុចសែល៖ ក្រុមរដ្ឋមន្ត្រីការបរទេសអឺរ៉ុបបានឯកភាពគ្នាកាលពីថ្ងៃចន្ទ ដើម្បីធ្វើប្រតិបត្តិការតាមផ្លូវទឹក ដើម្បីហាមប្រាមមិនឲ្យមានការទិញលក់អាវុធ នៅក្នុងប្រទេស លីប៊ី ដែលហែកហួរដោយសង្គ្រាមមួយនេះ ដោយបានពុះពារនឹងការប្រឆាំងជំទាស់ពីក្រុមប្រទេសមួយចំនួន ដែលបានព្រួយបារម្ភថា វាអាចនឹងបង្កឲ្យមានលំហូរចំណាកស្រុកជាច្រើនថ្មីបន្ថែមទៀត។
រដ្ឋមន្ត្រីការបរទេសអ៊ីតាលីលោក ឡូវីសជី ឌី ម៉ៃអូ បានថ្លែងថា បេសកកម្មថ្មីនេះ នឹងរាប់បញ្ចូលជាមួយក្រុមនាវាមួយចំនួន យន្តហោះចម្បាំងដ៏មានសមត្ថភាព និងលទ្ធភាពនៃកងកម្លាំងថ្មើរជើងផងដែរ។
បេសកកម្មថ្មីនោះ នឹងផ្តោតទៅលើមហាសមុទ្រមេឌីទែរ៉ាណេភាគខាងកើត តាមរយៈដែលអាវុធទាំងនោះ បានឆ្លងកាត់តាមផ្លូវច្រកសមុទ្ររបស់ពួកគេទៅកាន់ប្រទេស លីប៊ី។
ជម្លោះនៅក្នុងប្រទេសសម្បូរដោយប្រេងមួយនេះ ប៉ុន្តែអំពើហិង្សានៅក្នុងប្រទេស អាហ្រ្វិកខាងជើង គឺជារបៀបវារៈសម្រាប់កិច្ចប្រជុំរបស់ក្រុមមន្ត្រីការបរទេសអឺរ៉ុប នៅក្នុងទីក្រុងប៊្រុចសែល ប៉ុន្តែប្រមុខអ្នកការទូតអឺរ៉ុបលោក ចូសិប បូរ៉ែល បានថ្លែងសម្រួលក្តីសង្ឃឹមអំពីកិច្ចព្រមព្រៀងមួយ ជុំវិញការប្រឆាំងជំទាស់ពីប្រទេស អូទ្រីស និងហុងគ្រី។
លោក ឡូវីសជី ឌី ម៉ៃអូ បានថ្លែងថា៖ «យើងទាំងអស់គ្នាបានឯកភាពបង្កើតបេសកកម្មមួយ ដើម្បីបិទច្រកចូលមិនឲ្យនាំអាវុធទៅកាន់លីប៊ី ដោយមានការសម្រេចចិត្តចូលរួមនៅក្នុងបេសកកម្មនោះ»។
«ប្រសិនបើបេសកកម្មនេះ បានបង្កើតភូមិសាស្ត្រមួយដែលចង់និយាយថា នាវានោះបានធ្វើឲ្យក្រុមជនចំណាកស្រុកចាប់អារម្មណ៍ ហើយបេសកកម្មនោះ នឹងត្រូវបានបញ្ឈប់ទៅវិញ»។
ប្រទេស អូទ្រីស បានធ្វើការប្រឆាំងជំទាស់ទៅនឹងប្រតិបត្តិការ «Operation Sophia» ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៥ ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឆ្លងកាត់មហាសមុទ្រមេឌីទែរ៉ាណេ ដើម្បីហាមប្រាមការទិញលក់អាវុធជាមួយក្រុមនាវាមួយចំនួននៅទីនោះ ដោយបានបង្កឲ្យមានការព្រួយបារម្ភថា វាអាចធ្វើឲ្យមានដំណើរការកងនាវាជួយសង្គ្រោះឡើងវិញ ដែលនឹងត្រូវបញ្ចប់ការដឹកជញ្ជូនក្រុមជនចំណាកស្រុក ឆ្លងកាត់មហាសមុទ្រមេឌីទែរ៉ាណេទៅប្រទេសអឺរ៉ុប។
ប្រទេស ហុងគ្រី ដែលជារដ្ឋាភិបាលស្តាំនិយមបានចាត់វិធានការប្រកាន់ជំហរប្រឆាំងការធ្វើអន្តោប្រវេសន៍យ៉ាងតឹងរ៉ឹង ត្រូវបានគេយល់ឃើញថា បានគាំទ្រការប្រឆាំងជំទាស់របស់ប្រទេស អូទ្រីស។
ការបង្កើតការងារហាមប្រាមទិញលក់អាវុធត្រូវបានគេមើលឃើញថា មានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីធ្វើឲ្យមានស្ថិរភាពនៅក្នុងជម្លោះប្រទេស លីប៊ី ជាទីដែលរដ្ឋាភិបាលក្រុងទ្រីប៉ូលី បានគាំទ្រដោយអង្គការសហប្រជាជាតិនោះ គឺស្ថិតនៅក្រោមការវាយប្រហារចេញពីកងកម្លាំងយោធារបស់បុរសខ្លាំងលោក ហ្គាលីហ្វា ហាហ្វតារ ដែលបានគ្រប់គ្រងទឹកដីជាច្រើន នៅភាគខាងត្បូង និងខាងកើត។
លោក ម៉ៃអូ និងសមភាគីអូទ្រីសរបស់លោក គឺលោក អាឡិចសាន់ដ្រា ស្កូលឡេនប៊ឺហ្គ បានអះអាងថា ប្រតិបត្តិការ Operation Sophia បានបញ្ចប់ហើយ៕ AFP/SK