បន្ទាប់ពី​មាន​ភាពតានតឹង​ទំនាក់ទំនង​អស់ ១ ឆ្នាំ​ប្រទេស​អូស្ត្រាលី​បាន​ពង្រីក​កញ្ចប់​ថវិកា​ការពារជាតិ​ដល់​កម្រិត​ខ្ពស់បំផុត​តាំងពី​ចប់​សង្គ្រាមត្រជាក់ ខណៈ​ពេល​ដែល​រដ្ឋាភិបាល​ជំរុញ​ការពង្រឹង​សន្តិសុខ​របស់​ប្រទេស​ក្នុង​ការឆ្លើយតប​ទៅនឹង​អំណាច​យោធា​កំពុង​កើនឡើង​របស់​ចិន។

សម្រាប់​ឆ្នាំ ២០២១-២០២២ រដ្ឋាភិបាល​អូស្ត្រាលី​បាន​បម្រុង​ថវិកា​ចំនួន ៤៤,៦២ ពាន់​លាន​ដុល្លារ​សម្រាប់​ក្រសួង​ការពារជាតិ ដែល​ជា​ការកើនឡើង ១៥ ភាគរយ​ពី​កញ្ចប់​ថវិកា​ការពារជាតិ ៣៨,៧ ពាន់​លាន​សម្រាប់​ឆ្នាំ ២០២០-២០២។

នៅពេល​កងទ័ព​អូស្ត្រាលី​ចាប់ផ្ដើម​វិលត្រឡប់​មកពី​ប្រទេស​អាហ្វហ្គានីស្ថាន​វិញ កញ្ចប់​ថវិកា​សហព័ន្ធ​បាន​និយាយថា​ការផ្ដោត​លើ​វិស័យ​ការពារជាតិ​នឹងត្រូវ​ផ្លាស់​ទៅ​តំបន់​ឥណ្ឌូ - ប៉ាស៊ីហ្វិក បន្ទាប់​ភាពតានតឹង​កើនឡើង​អស់​ពេល ១ ឆ្នាំ​រវាង​អូស្ត្រាលី និង​ចិន។ ជា​ផ្នែក​មួយ​នៃ​ការពង្រីក​នេះ កញ្ចប់​ថវិកា​នេះ​បាន​ចែងថា​នឹង​ធ្វើការ​ជាមួយ​ប្រទេស​ដទៃ​ ដើម្បី​ទទួលបាន «តំបន់​ឥណ្ឌូ - ប៉ាស៊ីហ្វិក សេរី បើកចំហ និង​ធន»។

រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​អូស្ត្រាលី​លោក Josh Frydenberg បាន​និយាយថា​ខណៈពេល​ដែល​ប្រទេស​អូស្ត្រាលី​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ១៩ ការគំរាមកំហែង​ដទៃទៀត​ចំពោះ​សន្តិសុខ «មិនបាន​បាត់​ទៅណា​ទេ»។

«យើង​ចាំបាច់​ត្រូវ​ត្រៀមខ្លួន​សម្រាប់​ពិភពលោក ដែល​មិនមាន​ស្ថិរភាព និង​មានការ​ប្រកួតប្រជែង​ច្រើនជាង​មុន»។លោក Frydenbergបាន​និយាយ​បែបនេះ​ក្នុង​បទបង្ហាញ​កញ្ចប់​ថវិកា ហើយ​បាន​បន្តទៀត​ថា៖ «នេះ​ជា​មូលហេតុ​ដែល​យើង​វិនិយោគ ២៧០ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ១០ ឆ្នាំ​ខាងមុខ​ក្នុង​សមត្ថភាព​ការពារជាតិ​របស់​យើង»។

រដ្ឋាភិបាល​អូស្ត្រាលី​បាន​គ្រោង​នឹង​ចំណាយ​ប្រាក់​ចំនួន ៧៤៧ លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍ​តំបន់​ហ្វឹកហាត់​យោធា​សំខាន់ៗ​ចំនួន ៤ នៅ​ដែនដី​ភាគ​ខាងជើង​ក្នុង​គោលបំណង​ ដើម្បី «ការពារ​ផលប្រយោជន៍​របស់​យើង» នៅក្នុង​តំបន់។ ពួកគេ​និយាយ​ថា​កន្លែង​ដែល​ត្រូវបាន​ធ្វើឱ្យ​ប្រសើរ​ទាំងនេះ​នឹង​ជួយ​ឱ្យកម្លាំង​ការពារជាតិ​អូស្ត្រាលី (ADF) ធ្វើ​សមយុទ្ធ​បណ្ដុះបណ្ដាល និង​ធានាថា​កងទ័ព​របស់ខ្លួន «ត្រៀម​រួចរាល់»។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក Peter Dutton បាន​និយាយ​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «ការអភិវឌ្ឍ​សំខាន់ៗ​នឹង​ធ្វើ​ឡើង​នៅ​តំបន់​បណ្ដុះបណ្ដាល​យោធា និង​កន្លែង​បាញ់​អាវុធ​ចំនួន ៤ រួមមាន​តំបន់ Robertson Barracks, Kangaroo Flats, Mount Bundy និង Bradshaw»។ លោក​បាន​បន្តទៀតថា៖ «ការវិនិយោគ​ដ៏សំខាន់​នេះ​នឹង​ធានា​ថា​កងកម្លាំង​ការពារជាតិ​អូស្ត្រាលី​បន្ត​ចូលរួម​ជាមួយ​សម្ព័ន្ធមិត្ត និង​ប្រទេស​ដទៃទៀត​តាមរយៈ​ការហ្វឹកហាត់​រួមគ្នា»។

ទីភ្នាក់ងារ​ចារកម្ម​អូស្ត្រាលី ASIO ដែល​មាន​ទំនួល​ខុសត្រូវ​ប្រឆាំង​ចារកម្ម ការជ្រៀតជ្រែក​ពី​បរទេស និង​អំពើ​ភេរវកម្ម​នឹង​ទទួលបាន​ថវិកា​បន្ថែមចំនួន ១,៣ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ១ ទសវត្សរ៍​ខាងមុខ។

នៅក្នុង​សញ្ញា​មួយ​នៃ​ការព្រួយបារម្ភ​របស់​រដ្ឋាភិបាល​អំពី​ការដួលរលំ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​បានកំណត់​ការចំណាយ​ប្រាក់​ជិត ២០០ លាន​ដុល្លារ​ក្នុង​រយៈពេល ៤ ឆ្នាំ​ខាងមុខ ដើម្បី​ជំរុញ​សមត្ថភាព​ពាណិជ្ជកម្ម​ និង​យុទ្ធសាស្ត្រ​នាំចេញ​របស់ខ្លួន រួមទាំង​ការផ្ដល់​ការណែនាំ​ដល់​អ្នក​នាំចេញ​ក្នុង​ការធ្វើ​ពិពិធកម្ម​ទីផ្សារ​របស់​ពួកគេ។ រដ្ឋាភិបាល​បាន​និយាយថា​ការចំណាយ​នេះ ក៏​បង្កើន​សមត្ថភាព​ដល់​អូស្ត្រាលី​ក្នុង​ការតវ៉ា​ជម្លោះ​ពាណិជ្ជកម្ម​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

ក្រៅពីនេះ​រដ្ឋាភិបាល​ក៏បាន​ពង្រឹង​ផ្នែក​ដទៃទៀត​នៃ​វិស័យ​សន្តិសុខ​ជាតិ​ផងដែរ ដូចជា​ការការពារ​ព្រំដែន អង្គភាព​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ជាដើម។

យ៉ាងណាមិញ កាលពី​ឆ្នាំ ២០១៩ ប្រទេស​ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​របស់​អូស្ត្រាលី​ដោយ ២៩% ភាគរយ​នៃ​ការនាំចេញ​របស់​អូស្ត្រាលី​គឺ​ទៅ​ចិន។ នៅ​ឆ្នាំ ២០២០ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ បាន​ធ្លាក់ចុះ ៦១% នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​មួយ​ដែល​បន្ត​មកដល់​សព្វថ្ងៃ ហើយ​បង្កឡើង​ដោយ​ជម្លោះ​ជុំវិញ​ប្រភព​ជំងឺ​កូវីដ១៩។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ អូស្ត្រាលី​បាន​ពង្រឹង​ទំនាក់ទំនង​ជាមួយ​សម័ន្ធមិត្ត​នៅ​លោកខាងលិច និង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាពិសេស​សម្ព័ន្ធ​ជាមួយ​ប្រទេស​ជប៉ុន ឥណ្ឌា និង​អាមេរិក​ហៅថា Quad ដែល​មាន​គោលបំណង​ប្រឆាំង និង​ប្រកួតប្រជែង​ជាមួយ​ចិន៕