ក្រុង​សេអ៊ូល៖ លោក​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី ស្កុត មូរីសុន ​​កាល​ពី​ថ្ងៃ​អង្គារ​បាន​ស្នើ​​ឲ្យ​​ប្រទេស ​កូរ៉េ​ខាង​ត្បូង ​គាំទ្រ​​​​​ដល់​ប្រទេស​របស់​លោក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​វីរុស​កូរ៉ូណា​​ ​និង​​​បាន​យល់ព្រម​​​​​រៀបចំ​ជំនួប​ទ្វេភាគី​​​ជាមួយ​លោក​ប្រធានាធិបតី ​មូន ជេអ៊ីន។

អ្នក​នាំពាក្យ​ការិយាល័យ​ប្រធានាធិបតី​លោក ​កាង​ មីនសឹក ​បាន​ឲ្យ​ដឹង​ដោយ​ថ្លែង​តាម​ទូរស័ព្ទ​ជាមួយ​លោក ​មូន ជេអ៊ីន ​លោក ​មូរីសុន ​បាន​ថ្លែង​ថា ​ប្រទេស​របស់​លោក​ក្នុង​ការ​នាំចូល​ឧបករណ៍​តេស្ត​ និង​បរិក្ខារ​ពេទ្យ​ពី​កូរ៉េ​ខាង​ត្បូង​។​

លោក ​មូន ​បាន​ឆ្លើយ​តប​ថា​ រដ្ឋាភិបាល​នឹង​ពិចារណា​លើ​លទ្ធភាព​គាំទ្រ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​តាមរយៈ​ការ​ប្រឹក្សា​តាម​ផ្លូវ​ការ​ទូត​។

លោក​ប្រធានាធិបតី​បាន​បញ្ជាក់​ពី​ឆន្ទៈ​របស់​ក្រុង​សេអ៊ូល ​ដើម្បី​ចែក​រំលែក​បទពិសោធ​ក្នុង​ការ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ ស្រប​ពេល​មាន​ការ​យល់​ឃើញ​ថា ​ខ្លួន​បាន​ធ្វើ​ល្អ​ប្រសើរ​ជាង​ប្រទេស​ភាគ​ច្រើន​ក្នុង​ការ​ឆ្លើយ​តប​ការ​រាល​ដាល​នៃ​ជំងឺ​កូវីដ ១៩ ​មួយ​​នេះ។

លោក មូន ​ជេអ៊ីន ក៏​លើក​ឡើង​ពី​តម្រូវ​ការ​សម្រាប់​ប្រទេស​ទាំង ២ ​ឲ្យ​បន្ត​កិច្ច​សហប្រតិបត្តិការ​ដ៏​សំខាន់ ​និង​ការ​ផ្លាស់ប្តូរ​ព័ត៌មាន​ក្នុង​នាម​ជា​ដៃគូ​ពាណិជ្ជកម្ម​ ថ្វី​បើ​មាន​ជំងឺ​រាត​ត្បាត​ក្តី​។ ​ឆ្នាំ​នេះ​ ពួក​គេ​ប្រារព្ធ​ខួប​លើក​ទី​៦០ ​នៃ​ការ​បង្កើត​ទំនាក់ទំនង​ការ​ទូត​របស់ពួក​គេ​។

លោក​ មូន​ ជេអុីន​ កំពុង​ថ្លែង​​នៅ​ក្នុង​​ជំនួ​ប​ពិភាក្សា​​​អំពី​​ ការ​ឆ្លើយ​​​តប​វី​រុស​​កូ​រ៉ូ​ណា​​សកល​ នៅ​វិមាន​​​ប្រធានាធិបតី​។ AFP

លោក​បាន​ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី ​«ចាប់​អារម្មណ៍ ​និង​គាំទ្រ​» ​រហូត​ដល់​ក្រុម​អ្នក​ជំនួញ​អាច​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ធ្វើ​ទស្សនកិច្ច​ ស្ថិត​នៅ​ក្រោម​លក្ខខណ្ឌ​ពិត​ប្រាកដ​។​

លោក ​កាង​ បាន​ថ្លែង​ថា​ លោក​នាយក​រដ្ឋមន្ត្រី​បាន​យល់​ព្រម​នៅ​ក្នុង​គោលការណ៍​ជាមួយ​ការ​ស្នើសុំ​របស់​លោក ​មូន​ ជេអ៊ីន​ ហើយ​បាន​ដាក់​សំណើ​ ដែល​បាន​រៀបចំ​នៅ​ក្នុង​ជំនួប​កំពូល ​តាម​វីដេអូ​ខនហ្វើរិន​ដោយ​ផ្ទាល់​នៅ​ក្នុង​ឆ្នាំ​នេះ​។​

លោក ​មូរីសុន ​ត្រូវ​បាន​គេ​ដក​ស្រង់​សម្តី​ ដោយ​បាន​បន្ថែម​ថា​ ប្រសិន​បើ​កិច្ច​ប្រជុំ​នោះ​បាន​ធ្វើ​ឡើង​ វា​នឹង​ក្លាយ​ជា​ឱកាស​មួយ​សម្រាប់​ធ្វើ​ការ​ពិភាក្សា​ ស្តី​ពី​មធ្យោបាយ​នានា​ ដើម្បី​ទម្លុះ​ទម្លាយ​វិបត្តិ​វីរុស​កូរ៉ូណា​ ដោយ​ធ្វើ​សហប្រតិបត្តិ​ការ​ជាមួយ​ក្រុម​ប្រទេស​ ដែល​ឈឺ​ចាប់​ដោយសារ​ជំងឺ​កូវីដ ​១៩​ និង​ជំរុញ​ឲ្យ​មាន​ភាព​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឲ្យ​មាន​ស្ថិរភាព។​

បុគ្គលិក​ម្នាក់​ សម្អាតច្រកចូល​ទៅ​​​កាន់​​វិមាន​​St Patrick's cathedral នៅ​​ទី​ក្រុង​មែលប៊ន។ AFP

លោក ​មូន​ បាន​ថ្លែង​ថា​ វា​គឺ​ជា​យោបល់​ល្អ​មួយ​ ហើយ​បាន​ស្នើ​ឲ្យ​មាន​ការ​ផ្តល់​យោបល់​ការ​ទូត​បន្ថែម​ទៀត​ ដើម្បី​ពិភាក្សា​លម្អិត​។​

លោក​ក៏​បាន​អរគុណ​រដ្ឋាភិបាល​អូស្ត្រាលី​ ជុំវិញ​ការ​ជួយ​ធ្វើ​មាតុភូមិនិវត្តន៍​ពលរដ្ឋ​កូរ៉េ​​តាម​ជើង​ហោះហើរ​មួយ​ចំនួន​ រហូត​មក​ទល់​ពេល​នេះ ​ក្រុម​ពលរដ្ឋ​កូរ៉េ​ជាង ​១ ០០០ ​នាក់​ នៅ​​អូស្ត្រាលី​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​​វិញ​ ហើយ​បន្ថែម​ពី​នេះ​មាន​ជើង​ហោះហើរ​ខ្លះ​ត្រូវ​បាន​កំពុង​រៀបចំ​ផែនការ។ ​សមាជិក ​១២ ​នាក់ ​របស់​ទីភ្នា​ងារ​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ ​(KOICA)​ ជា​ទីភ្នាក់ងារ​រដ្ឋាភិបាល​មួយ​ ទទួល​បន្ទុក​ជំនួយ​អភិវឌ្ឍ​ផ្លូវ​ការ​បាន​ហោះ​​ទៅ​កូរ៉េ​ខាង​ត្បូង​វិញ​ហើយ​៕ Yonhap/PSA/SK