រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អូស្ត្រាលី​លោក Dan Tehan បាន​ឱ្យដឹងថា ប្រទេស​នេះ​អាច​នឹង​បិទ​ព្រំដែន​អន្តរជាតិ​រហូតដល់​ពាក់​កណ្តាល​ឆ្នាំ ២០២២ ជា​រយៈពេល​យូរ​ជាង​ការរំពឹងទុក ដែល​អាច​នឹង​ប៉ះពាល់​ដល់​វិស័យ​អាកាសចរណ៍​ និង​ទេសចរណ៍​ផងដែរ។

ប្រភព​ដដែល​បានឱ្យ​ដឹងថា៖ «ពេលវេលា​ដ៏ល្អ​បំផុត ដែល​យើង​ត្រូវ​បើក​ព្រំដែន​វិញ គឺ​នៅ​ពាក់កណ្តាល​ឆមាស​ទី ២ ឆ្នាំក្រោយ ប៉ុន្តែ​ដូចដែល​យើង​បានឃើញ​អ៊ីចឹង វា​អាច​នឹងមាន​ការផ្លាស់ប្តូរ​ទៅតាម​ស្ថានភាព»។

គួរបញ្ជាក់​ផងដែរ​ថា​ព្រំដែន​អន្តរជាតិ​របស់​អូស្ត្រាលី​ត្រូវបាន​បិទ​តាំងពី​ដើម​ឆ្នាំមុន ដើម្បី​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩ បើទោះបីជា​ការធ្វើ​ដំណើរ​ផ្លូវអាកាស​ជាមួយ​ប្រទេស​នូវែលសេឡង់ ទើបនឹង​បើក​កាលពី​ខែ​មុន​ក៏ដោយ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការពន្យា​ពេល​នៃ​កម្មវិធី​ចាក់​វ៉ាក់សាំង និង​ការលេចចេញ​វ៉ារ្យ៉ង់​ថ្មី​ពី​ឥណ្ឌា ក៏​កំពុងតែ​ប៉ះពាល់​លើ​ផែនការ​បន្ធូរបន្ថយ​ការធ្វើដំណើរ​ផងដែរ។

គួរ​រំឭក​ផងដែរ​ថា រដ្ឋាភិបាល​អូស្ត្រាលី​ធ្លាប់​បាន​រំពឹងថា​នឹង​ចែកចាយ​វ៉ាក់សាំង​ឱ្យបាន​ត្រឹម​ខែតុលា តែ​បែរជា​ត្រូវបាន​ពន្យារ​ទៅដល់​ឆ្នាំ ២០២២ វិញ ដោយសារ​តែមាន​បញ្ហា​ផ្នែក​វេជ្ជសាស្ត្រ​ជាមួយនឹង​វ៉ាក់សាំង​ AstraZeneca Plc។