រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​អូស្ត្រាលី​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ថា អូស្ត្រាលី​នឹង​សហការ​គ្នា​ជាមួយ​អាមេរិក​ធ្វើ​មីស៊ីល​ល្បឿនលឿន​ (hypersonic cruise missiles) ដោយ​គ្រោង​វិនិយោគ​លើ​ «បច្ចេកទេស​ចុង​ក្រោយ​បង្អស់» ​ក្នុង​ការ​ផ្តល់​សេវា​យោធា​ក្នុង​ប្រទេស​ ដើម្បី​ទប់ទល់ និង​បន្ថយ​ការ​ឈ្លាន​ពាន​របស់​ប្រទេស​ផ្សេងៗ​មក​លើ​ប្រទេស​ខ្លួន​។

សេចក្តី​ប្រកាស​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​កិច្ច​ព្រមព្រៀង​មួយ​ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​សប្តាហ៍​មុន​រវាង​អូស្ត្រាលី ​និង​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ហោះហើរ​សាកល្បង​មីស៊ីល​ល្បឿន​លឿន​គំរូ ដែល​មាន​ទំហំ​ដូច​មីស៊ីល​ដើម។

គម្រោង​មីស៊ីល​នេះ​ធ្វើ​ដំណើរ​លឿន​ជាង​សំឡេង​ល្បឿន​ចលនា​ និង​កម្ពស់​របស់​វា ​៥​ ដង ដែល​ធ្វើ​ឱ្យ​ចិន​ពិបាក​តាម​ដាន​ និង​ចាប់​បាន​។

លោក​ស្រី ​Linda ​Reynolds ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​អូស្ត្រាលី​ចាត់​ទុក​គម្រោង​នេះ​ ជា​គម្រោង​ទ្វេភាគី​ជាមួយ​អាមេរិក​ថា ​ជា «បច្ចេកទេស​មិន​ធ្លាប់​មាន​ពី​មុន​មក​» យ៉ាង​ណា​មិញ​លោក​មិន​បាន​បង្ហាញ​ពី​តម្លៃ​វិនិយោគ​ ឬ​ពេល​វេលា​ជាក់លាក់​ណា​មួយ​ដែល​គេ​គ្រោង​នឹង​ចាប់​ផ្ដើម​គម្រោង​ឡើយ​។

ទោះ​ជា​យ៉ាង​ណា​ក្ដី ​អូស្ត្រាលី​បាន​ត្រៀម​ថវិកា​ចំនួន​ ៦,៨ ​ពាន់លាន​ដុល្លារ​អាមេរិក នៅ​ក្នុង​ឆ្នាំ​នេះ សម្រាប់​ចំណាយ​លើ​ប្រព័ន្ធ​ការពារ​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ និង​ល្បឿន​លឿន ព្រម​ទាំង​ការ​ស្រាវជ្រាវ​លើ​គម្រោង​មីស៊ីល​នេះ​​ផង​ដែរ​។

កាល​ពី​ខែ​កក្កដា​ អូស្ត្រាលី​បាន​និយាយ​ថា​ ខ្លួន​នឹង​បង្កើន​ការ​ចំណាយ​ការពារ​ជាតិ​ ៤០ ភាគរយ ​ក្នុង​រយៈពេល ១០ ​ឆ្នាំ​ខាង​មុខ​ ដើម្បី​មាន​លទ្ធភាព​ក្នុង​ការ​បាញ់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​នៅ​លើ​អាកាស​ សមុទ្រ​ និង​ដី​ផង​ដែរ​ ដោយ​គ្រោង​ពង្រីក​យោធា​ពី​តំបន់​ប៉ាស៊ីហ្វិក​ទៅ​កាន់​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក។

លោកស្រី​ Reynolds ​បាន​និយាយ​ថា៖ «ការ​វិនិយោគ​បច្ចេកទេស​ទំនើប​ចុង​ក្រោយ​បង្អស់​នេះ អាច​រារាំង​សកម្មភាព​នានា​របស់​ចិន​ក្នុង​ការ​ប្រឆាំង​អូស្ត្រាលី​ក៏​ដូចជា​ផ្តល់​ផលប្រយោជន៍​ដល់​តំបន់​សម្ព័ន្ធមិត្ត​ និង​ដៃគូ​សន្តិសុខ​របស់​យើង​ផង​ដែរ​។ ​យើង​ប្តេជ្ញា​ចិត្ត​ថា​ នឹង​រក្សា​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​ឥណ្ឌូ-​ប៉ាស៊ីហ្វិក​ដោយ​បើក​ចំហ​ និង​ធានា​បាន​នូវ​ភាព​រុងរឿង​រីក​ចម្រើន​តទៅ​មុខ​។

លោក Michael Kratsios អនុរដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​បាន​មាន​ប្រសាសន៍​ថា ​គម្រោង​នេះ​ត្រូវ​បាន​គេ​ស្គាល់​ជា​ផ្លូវ​ការ​ថា ការ​សាកល្បង​ស្រាវជ្រាវ​ជើង​ហោះហើរ​ឆ្លង​កាត់​ភាគ​ខាង​ត្បូង​ (SCIFiRE) ត្រូវ​សាងសង់​ក្នុង​រយៈពេល ​១៥ ឆ្នាំ ក្រោម​កិច្ច​សហការ​រវាង​យោធា​អាមេរិក ​និង​អូស្ត្រាលី​។

លោក​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «គំនិត​ផ្តួចផ្តើម​នេះ​មាន​សារៈសំខាន់​សម្រាប់​អនាគត​នៃ​ការ​ស្រាវជ្រាវ​ និង​ការ​អភិវឌ្ឍ​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​នេះ​ ដោយ​ធានា​ថា​ សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធ​មិត្ត​របស់​យើង​ក្នុង​ការ​ដឹកនាំ​ពិភព​លោក​ដោយ​ជំរុញ​សមត្ថភាព​ប្រយុទ្ធ និង​ការ​ធ្វើ​សង្គ្រាម​ដោយ​ប្រើប្រាស់​បច្ចេកទេស​ចុង​ក្រោយ​បង្អស់»។

កិច្ច​សហប្រតិបត្តិការ​អូស្ត្រាលី​ និង​អាមេរិក ​លើ​ការ​អភិវឌ្ឍ​មីស៊ីល​នេះ អាច​បង្ក​ឱ្យ​មាន​ភាព​តានតឹង​រវាង​ស្ថានភាព​អូស្ត្រាលី​ជាមួយ​ប្រទេស​ចិន ​ខណៈ​ដែល​ស្ថានភាព​នេះ​ចាប់​​ផ្ដើម​តាំងតែ​ពី​អូស្ត្រាលី​រក​ឃើញ​យុទ្ធនាការ​ពង្រីក​ឥទ្ធិពល​របស់​ចិន​ ហើយ​ស្ថានភាព​ក៏​កាន់​តែ​យ៉ាប់យ៉ឺន​ថែម​ទៀត​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​ទីក្រុង​កង់បេរ៉ា​បាន​ស្នើ​សុំ​ការ​ស៊ើប​អង្កេត​លើ​ប្រភព​ដើម​នៃ​ជំងឺ​រាតត្បាត​​ COVID-19។

កាល​ពី​ឆ្នាំ​មុន​នេះ​ រុស្ស៊ី​ក៏​បាន​ដាក់​ពង្រាយ​មីស៊ីល ដែល​មាន​សមត្ថភាព​នុយក្លេអ៊ែរ​ដំបូង​របស់​ខ្លួន​ប្រហាក់​ប្រហែល​នឹង​មីស៊ីល ​ដែល​ប្រទេស​ទាំង​ ២ ​កំពុង​ធ្វើ​ដែរ​ដែល​គោលដៅ​រុស្ស៊ី គឺ​ចង់​ពង្រឹង​សមត្ថភាព​សង្គ្រាម​មីស៊ីល​ពី​ដើម​ឆ្នាំ​ដល់​ពាក់​កណ្តាល​ឆ្នាំ​ ២០២០ ​ហើយ​ បច្ចុប្បន្ន​ ចិន​កំពុង​អភិវឌ្ឍ​មីស៊ីល​ប្រភេទ​ប្រហាក់​ប្រហែល​គ្នា​ដែរ​រួមមាន​ការ​អភិវឌ្ឍ​អាវុធ​យោធា​កម្រិត​បច្ចេកទេស​ខ្ពស់ៗ ​រួម​ទាំង​មីស៊ីល​ល្បឿន​លឿន និង​ដ្រូន​ផង​ដែរ។

យោង​តាម​របាយការណ៍​របស់​សហរដ្ឋ​អាមេរិក​កាល​ពី​ខែ​សីហា ​ចិន​មាន​មីស៊ីល​ផ្លោង​អន្តរ​ទ្វីប ​DF-41 ដែល​មាន​សមត្ថភាព​ដឹក​យានយន្ត​ពោង​នុយក្លេអ៊ែរ​ (hypersonic glide vehicle) ប៉ុន្តែ​អាមេរិក​ទំនង​មិន​ទាន់​ដាក់​អាវុធ​របស់​មីស៊ីល​ល្បឿន​លឿន​ឱ្យ​ចេញ​ធ្វើ​ប្រតិបត្តិការ​មុន​ឆ្នាំ​ ២០២៣ ​ទេ​ ហើយ​បើ​យោង​តាម​របាយការណ៍​ចុង​ក្រោយ ចេញ​ដោយ​សេវាកម្ម​ស្រាវជ្រាវ​សភា​អាមេរិក​កាល​ពី​សប្តាហ៍​មុន ប្រទេស​ចិន ​កំពុង​ពង្រឹង​ការ​ស្រាវជ្រាវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​អភិវឌ្ឍន៍​ឱ្យ​កាន់​តែ​រឹងមាំ​ជាង​មុន ​ដោយ​ផ្តោត​លើ​អាវុធ​មីស៊ីល​ខ្លាំង​ជាង​គេ៕