កាលពី​ថ្ងៃ​ចន្ទ ទី ១៩ មេសា ប្រទេស​អូស្ត្រាលី និង​នូវែលសេឡង់ បាន​បើក​ច្រក​ធ្វើ​ដំណើរ​សុវត្ថិភាព ដែល​អនុញ្ញាត​ឱ្យ​មាន​ការ​ធ្វើដំណើរ​ដោយ​សេរី​រវាង​ប្រទេស​ទាំង ២ ដោយ​មិនចាំបាច់​ធ្វើ​ចត្តាឡីស័ក​នៅពេល​មក​ដល់។

ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ១៩ អូស្ត្រាលី និង​នូវែលសេឡង់​បាន​បិទ​ព្រំដែន​របស់​ពួកគេ កាលពី​ខែ​មីនា ឆ្នាំមុន និង​បានដាក់​តម្រូវការ​ឱ្យធ្វើ​ចត្តាឡីស័ក ចំពោះ​ពលរដ្ឋ​ដែល​ត្រឡប់​មកពី​បរទេស។ ចាប់​តាំងពី​ខែតុលា អ្នកធ្វើ​ដំណើរ​ពី​នូវែលសេឡង់​ត្រូវ​បាន​អនុញ្ញាត​ឱ្យចូល​រដ្ឋ​អូស្ត្រាលី​ភាគច្រើន ដោយ​មិនបាច់​ធ្វើ​ចត្តាឡីស័ក ប៉ុន្តែ​អ្នក​ធ្វើ​ដំណើរ​ពី​អូស្ត្រាលី​ចូល​នូវែលសេឡង់ នៅតែ​ត្រូវធ្វើ​ចត្តាឡីស័ក ដោយសារ​ការព្រួយបារម្ភ​ការរីករាលដាល​កូវីដ១៩។

ឥឡូវនេះ​ប្រទេស​ទាំង ២ បាន​ទប់ស្កាត់​ការរីករាលដាល​កូវីដ១៩​បាន​ល្អ និង​បាន​រក្សា​អត្រា​ឆ្លង​បាន​ទាប ទើប​ពួកគេ​សម្រេច បើក​ច្រក​ធ្វើដំណើរ​សុវត្ថិភាព​នេះ។ ក្រោយពី​ការប្រកាស​បើក​ច្រក​នេះ អ្នក​ធ្វើ​ដំណើរ​រាប់ពាន់នាក់ បាន​ធ្វើការ​កក់​ជើងហោះហើរ​នៅ​ថ្ងៃ​ចន្ទ។

ដើម្បី​ធ្វើដំណើរ​តាម​ច្រក​នេះ អ្នកធ្វើ​ដំណើរ​ត្រូវតែ​ចំណាយពេល ១៤ ថ្ងៃ មុនពេល​ចេញដំណើរ​នៅក្នុង​អូស្ត្រាលី ឬ​នូវែលសេឡង់។ អ្នក​ដែល​កំពុង​រង់ចាំ​ការធ្វើ​តេស្ត​សំណាក ឬ​អ្នកមាន​រោគសញ្ញា​កូវីដ១៩ គឺ​មិន​អនុញ្ញាត​ឱ្យ​ធ្វើដំណើរ​ទេ៕