កាល​ពី​ចន្ទ ទី ​២៥ ​នេះ​ រដ្ឋាភិបាល​អូស្ត្រាលី​ប្រកាស​ថា ​ខ្លួន​នឹង​ចំណាយ​ថវិកា​ចំនួន ១ ពាន់​លាន​ដុល្លារ​អូស្ត្រាលី ​ឬ​ស្មើ​នឹង ​៧៧០ ​លាន​ដុល្លារ​ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​សព្វាវុធ​ថ្មី​របស់​កងទ័ព​ជើង​ទឹក ដែល​រួមមាន​ទាំង​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ និង​កាំជ្រួច​ធុន​ស្រាល​ផង​ដែរ។​ នេះបើ​តាម​សារព័ត៌មាន​ Reuters។

រដ្ឋាភិបាល​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ​ប្រទេស​នេះ​គ្រោង​នឹង​ពង្រឹង​ដល់​សន្តិសុខ និង​ស្ថិរភាព​រឹងមាំ​តាមរយៈ​ការ​ផ្ដល់​នូវ​កាំជ្រួច​មីស៊ីល​ប្រឆាំង​នាវា​ចម្បាំងរយៈ​ចម្ងាយ​ឆ្ងាយ ​កាំជ្រួច​បាញ់​ពី​លើ​អាកាស​ កាំ​ជ្រួច​ធុន​ស្រាល ​និង​ពង្រឹង​សមត្ថភាព​វាយ​ប្រហារ​តាមដែន​សមុទ្រ ​ដើម្បី​ជាការ​គាំទ្រ​ដល់​គម្រោង​ និង​រក្សា​ការ​គ្រប់គ្រង​ដែន​សមុទ្រ។

ការ​ចំណាយ​នេះ​ គឺជា​ផ្នែកមួយ​នៃ​ការ​បង្កើន​ថវិកា​ការពារ​ជាតិ​ដែល​ធ្លាប់​បាន​ប្រកាស​កាលពី​ជិត​ទសវត្សរ៍​មុន ​ខណៈ​ដែល​ប្រទេស​នេះ​ព្យាយាម​ជំរុញ​ការយក​ចិត្តទុក​ដាក់​ផ្នែក​យោធា​របស់​ខ្លួន​ទៅ​​កាន់​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ ចំពេល​មាន​ទំនាក់ទំនង​កាន់​តែ​អាក្រក់​​ជាមួយ​ប្រទេស​ចិន​៕