ក្រុង​តេអេរ៉ង់៖ ​ប្រទេស​អ៊ីរ៉ង់ ​បាន​ព្រមាន​កាល​ពី​ថ្ងៃ​ពុធ​ថា​ ខ្លួន​នឹង​មិន​អត់​ឱន​ឱ្យ ​«ក្រុម​ភេរវករ​» ​នៅ​ជិត​ព្រំដែន​របស់​ខ្លួន​ ជាមួយ​ប្រទេស​អាស៊ែបៃហ្សង់​ ក្រោយ​ពី​ប្រទេស​បារាំង ​និង​រុស្ស៊ី​ បាន​ព្រមាន​ជុំវិញ​ការ​ដាក់​ពង្រាយ​ក្រុម​សកម្ម​ប្រយុទ្ធ​ស៊ីរី​ នៅ​ក្នុង​ជម្លោះ​តំបន់​ការ៉ាបាក់ហ៍​នោះ។​

ប្រធានាធិបតី​អ៊ីរ៉ង់​លោក ហាស្សាន ​រូហានី ​បាន​ថ្លែង​ហើយ​ត្រូវ​បាន​គេ​ដក​ស្រង់​សម្តី​បាន​ចេញ​ផ្សាយ​តាម​ទូរទស្សន៍​រដ្ឋ​ថា​៖ «​វា​មិន​អាច​ទទួល​យក​បាន​ជា​ដាច់​ខាត​សម្រាប់​ពួក​យើង​ ដែល​មនុស្ស​មួយ​ចំនួន​ចង់​បញ្ជូន​ក្រុម​ភេរវករ​ ចេញ​ពី​ប្រទេស​ស៊ីរី ​និង​ពី​កន្លែង​ផ្សេង​ទៀត​ ទៅ​តំបន់​ជម្លោះ​នៅ​ជិត​ព្រំដែន​របស់​យើង​»​។​

ព្រំដែន​អ៊ីរ៉ង់​ជាប់​ជាមួយ​តំបន់​របស់​អាស៊ែបៃហ្សង់​ បាន​គ្រប់គ្រង​ដោយ​ប្រទេស​អាមេនី​ នៅ​ជិត​តំបន់​ជម្លោះ​ណា​ហ្គូរណូ និង​ការ៉ាបាក់ហ៍​ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ កំពុង​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ក្លា​នៅ​ឡើយ​។​

ប្រទេស​អាមេនី​ និង​អាស៊ែបៃហ្សង់​ បាន​ជាប់​គាំង​អស់​ជា​ច្រើន​ទសវត្សរ៍​ នៅ​ក្នុង​ជម្លោះ​មួយ​ជុំវិញ​តំបន់​ណាហ្គូរណូ ​និង​ការ៉ាបាក់ហ៍​ ដែល​ជា​តំបន់​ក្រុម​កុល​សម្ព័ន្ធ​អាមេនី​​ ដែល​បាន​បំបែក​ខ្លួន​ចេញ​ពី​ទីក្រុង​បាគូ​ នៅ​ក្នុង​សម័យ​សង្គ្រាម​ទសវត្សរ៍​​ឆ្នាំ ​១៩៩០ ​ដែល​បាន​ផ្តាច់​ជីវិត​មនុស្ស​ប្រហែល ​៣ ម៉ឺន​នាក់​។​

ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ក្លា​ បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃទី​ ២៧​ ខែ​កញ្ញា ​នៅ​ក្នុង​ជម្លោះ​មួយ​​ ក្នុង​ចំណោម​ជម្លោះ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ក្លា​បំផុត​ ដែល​ពួក​គេ​បាន​ផ្តាច់​ខ្លួន​ចេញ​ពី​ការ​ដួល​រលំ​របស់​អតីត​សហភាព​សូវៀត​នោះ​៕ AFP/SK