ក្រុងតេអេរ៉ង់៖ ប្រទេស អ៊ីរ៉ង់ បានផ្តល់សញ្ញាកាលពីថ្ងៃអាទិត្យថា ខ្លួនមានបំណងចង់បន្ធូរបន្ថយភាពតានតឹង ក្រោយពីបានឡើងកម្តៅយ៉ាងខ្លាំងរយៈពេល ១០ ថ្ងៃ ជាមួយអាមេរិក នៅអំឡុងពេលដែលភាគីទាំង ២ បានបាញ់មីស៊ីលដាក់គ្នាទៅវិញទៅមក ហើយគាប់ជួនក្រុងតេអេរ៉ង់ បានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែន ១ គ្រឿង ដោយចៃដន្យនោះ។
សន្តិសុខត្រូវបានរឹតបន្តឹងនៅក្នុងរដ្ឋធានីតេអេរ៉ង់ក្រោយពីពិធីបុណ្យតាមបែបសាសនាកាលពីយប់ថ្ងៃអាទិត្យ សម្រាប់គោរពវិញ្ញាណក្ខន្ធក្រុមអ្នកដែលបានស្លាប់ នៅក្នុងគ្រោះមហន្តរាយធ្លាក់យន្តហោះបានក្លាយទៅជាការតវ៉ាហិង្សាមួយ ហើយប៉ូលិសបានចាប់ខ្លួនឯកអគ្គរដ្ឋទូតអង់គ្លេសជាបណ្តោះអាសន្ន ដោយសារមានវត្តមាននៅទីនោះ។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានអ៊ីរ៉ង់ប្រឆាំងការធ្វើទុក្ខបុកម្នេញទៅលើក្រុមបាតុករ និងប្រឆាំងអំពីការបង្ក្រាបបណ្តាលឲ្យមនុស្សស្លាប់ម្តងហើយម្តងទៀត ទៅលើក្រុមអ្នកប្រមូលផ្តុំកាលពីខែវិច្ឆិកា ដែលបានបង្កឡើងដោយសារការដំឡើងថ្លៃប្រេងខ្ពស់នៅអ៊ីរ៉ង់។
លោក ត្រាំ បានថ្លែងនៅលើគេហទំព័រធ្វីធើរ នៅក្នុងការលេងស្ទីលសរសេរអក្សរធំទាំងអស់ដ៏កម្ររបស់លោកថា៖ «ជូនចំពោះក្រុមមេដឹកនាំអ៊ីរ៉ង់ ហាមសម្លាប់ក្រុមអ្នកតវ៉ារបស់អ្នកជាដាច់ខាត»។
ទោះបីជាយ៉ាងណាក៏ដោយ ក៏រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ម៉ាក អេស្ពឺរ បានថ្លែងថា លោក ត្រាំ នៅតែមានឆន្ទះ «ចង់អង្គុយនៅលើតុចរចាហើយពិភាក្សាដោយគ្មានការដាក់លក្ខខណ្ឌមធ្យោបាយថ្មីបន្តទៀត» ជាមួយអ៊ីរ៉ង់ទោះបីជាក្រុងតេអេរ៉ង់បានបដិសេធយ៉ាងខ្លាំងមិនព្រមចរចាជាមួយក្រុងវ៉ាស៊ីនតោន រហូតដល់ខ្លួនត្រូវបានដកទណ្ឌកម្មជាមុន។
ក្រុងតេអេរ៉ង់បានថ្លែងថា ខ្លួនមានបំណងចង់បន្ធូរបន្ថយភាពតានតឹង ក្រោយពីក្រុងវ៉ាស៊ីនតោនជាគូសត្រូវដ៏ធំរបស់ខ្លួន កាលពីថ្ងៃទី ៣ ខែមករា បានសម្លាប់ឧត្តមសេនីយ៍កំពូល ជាប្រមុខកងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់លោក ហ្គាស៊ីម សូឡេម៉ានី នៅក្នុងការវាយប្រហារយានដ្រូននៅទីក្រុងបាកដាដ។
លោក ប៉ុមប៉េអូ បានថ្លែងកាលពីថ្ងៃអាទិត្យថា លោកបាន «ខឹងយ៉ាងខ្លាំង» ដោយសារការវាយប្រហារមីស៊ីលផ្សេងទៀតទៅលើមូលដ្ឋានទ័ពអ៊ីរ៉ាក់ ១ កន្លែង៕ AFP/SK