ក្រុង​បាក​ដាដៈ ​រដ្ឋ​មន្ត្រី​ការ​បរទេស​លោក ​ហ្វាដ ​ហ៊ូស៊ីន ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា ​ក្រុង​បាក​ដាដ​ គឺ​ «​មិន​សប្បាយ​ចិត្ត​»​ ជា​មួយ​ការ​គំរាម​កំហែង​ «​ដ៏​គ្រោះ​ថ្នាក់​»​ មួយ​ របស់​ក្រុង​វ៉ាស៊ីន​តោន​ថា​ នឹង​ដក​កង​កម្លាំង​និង​ក្រុម​អ្នក​ការ​ទូត​របស់​ខ្លួន ​ចេញ​ពី​ប្រទេស​អ៊ី​រ៉ាក់​។​

​ប្រភព​ការ​ទូត​ និង​អ្នក​នយោ​បាយ​មួយ​ចំនួន​ បាន​ថ្លែង​ប្រាប់​ AFP ​ថា ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ លោក ​ម៉ៃក៍​ ប៉ុម​ប៉េអូ​ បាន​ចេញ​ឱសាន​វាទ​មួយ​ នៅ​សប្តាហ៍​ក្រោយ​ថា ​កង​កម្លាំង​អាមេ​រិក​ទាំង​អស់​ នឹង​ចាក​ចេញ​ពី​ប្រទេស​អ៊ី​រ៉ាក់​ ប្រសិន​បើ​រដ្ឋាភិ​បាល​ប្រទេស​នេះ​ មិន​បញ្ឈប់​ការ​វាយ​ប្រហារ​ កើត​មាន​ឡើង​ជា​ញឹក​ញាប់​ ប្រឆាំង​អាមេ​រិក​ទៀត​នោះ​។​

​រដ្ឋ​មន្ត្រី​រូប​នោះបាន​ថ្លែង​ថា​៖ «​ការ​ដក​កង​កម្លាំង​អាមេ​រិក​ អាច​នឹង​ឈាន​ទៅ​រក​ការ​ដក​ទ័ព​បន្ថែម​ទៀត​»​ របស់​សមា​ជិក​នៃ​ក្រុម​ចម្រុះ​ដឹក​នាំ​ដោយ​អាមេ​រិក​ ដែល​កំពុង​ប្រយុទ្ធ​យ៉ាង​ស្វិត​ស្វាញ​ ជា​មួយ​ក្រុម​ជី​ហាដ​ជ្រុល​និយម​ ដែល​អាច​នឹង​បង្ក​គ្រោះ​ថ្នាក់​ ដោយ​សារ​ក្រុម​រដ្ឋ​អ៊ិស្លាម ​បាន​គំរាម​កំហែង​ មិន​គ្រាន់​តែ​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉ាក់​ប៉ុណ្ណោះ​ទេ​ ​ថែម​ទាំង​នៅ​ក្នុង​តំបន់​ទាំង​មូល​ទៀត​ផង​»​។​

​លោក​ ហ៊ូ​ស៊ីន​ បាន​បន្ថែម​ថា​៖ «​យើង​សង្ឃឹម​ថា ​អាមេរិក​នឹង​គិត​សារ​ឡើង​វិញ ​អំពី​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​»​ ដែល​បច្ចុប្បន្ន​ វា​គ្រាន់​តែ​ជា​ «ការ​ចាប់​ផ្តើម​» ​តែ​ប៉ុណ្ណោះ​៕ SK