កាលពីថ្ងៃសៅរ៍​ ទី ១៦​ ឧសភា​ កងទ័ព​អាកាស​អ៊ីស្រា​អែលបាន​ធ្វើការ​វាយ​ប្រហារ​តាម​អាកាស​ដោយកម្ទេច​អគារមួយ​នៅទី​ក្រុងហ្គាហ្សា ដែល​ត្រូវបានគេ​រិះគន់​ថា ជា​ការវាយ​ប្រហារទៅ​លើសេរីភាព​សារព័ត៌មាន​។​

គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​អគារនោះ​មានទី​ស្នាក់ការ​ការិយាល័យ​របស់​សារព័ត៌មាន ​Associated Press និង Al Jazeera។

សេចក្តីថ្លែងការណ៍​របស់កង​កម្លាំង​ការពារជាតិ​អ៊ីស្រាអែល​បាន​និយាយ​ថា​អគារនោះ​មានផ្ទុក​ទ្រព្យសម្បត្តិ​យោធា​ដែលជា​កម្មសិទ្ធិ​របស់​ការិយាល័យ​ស៊ើបការណ៍​សម្ងាត់​របស់​ក្រុម​ហាម៉ាស។

ហាម៉ាស​គឺជា​ក្រុម​សកម្មប្រយុទ្ធ​គណបក្ស​នយោបាយ​អ៊ិស្លាមនិយម​ ដែលត្រូវ​បានចាត់ទុក​ថាជា​អង្គការភេរវជន​មួយដោយ​សហរដ្ឋអាមេរិក​ សហភាពអឺរ៉ុប ​និង​អ៊ីស្រាអែល។

កងកម្លាំង​ការពារ​អ៊ីស្រាអែល ​(IDF) ​បាន​និយាយថា ​មុនពេលមាន​ការ​ទម្លាក់​គ្រាប់បែកIDF បានផ្តល់​ដំណឹង​ជាមុន​ដល់​ប្រជាជន​ស៊ីវិល​នៅ​ក្នុងអគារ និង​អនុញ្ញាតឱ្យ​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ពួកគេ​ជម្លៀស​ចេញពី​កន្លែងនោះ​។

នាយក​រដ្ឋមន្រ្តីអ៊ីស្រា​អែលលោក​ Benjamin Netanyahu​ បាន​និយាយថា អគារនោះ​ត្រូវ​បានប្រើប្រាស់​ដោយ​ចារកម្ម​យោធា​ហាម៉ាស។​ការលើក​ឡើង​របស់ IDF និង​នាយករដ្ឋ​មន្រ្តីអ៊ីស្រាអែល​មិនបាន​ផ្តល់​ភស្តុតាង​ ដើម្បីគាំទ្រ​ការអះអាង​ថា ​ក្រុមហាម៉ាស​ប្រើប្រាស់​អគារនោះ​ជាកន្លែង​សម្ងាត់​នោះទេ​។

លោក MostefaSouag​ អគ្គនាយក​ស្តីទី​នៃបណ្តាញ​សារព័ត៌មាន ​Al Jazeera ​បាន​ពណ៌នា ការទម្លាក់​គ្រាប់បែកនេះ​ថាជា​ការរំលោភ​សិទ្ធិមនុស្ស ​និង​បទល្មើស​សង្គ្រាម​ ដោយ​អំពាវ នាវ​សហគមន៍​អន្តរជាតិ​ថ្កោលទោស​ការវាយ​ប្រហារនេះ។​ នេះបើ​យោងតាម​ ការដក ស្រង់សម្តី​របស់​សារព័ត៌មាន​ Al Jazeera​។

យោងតាម​សារព័ត៌មាន​ The Guardian ​លោក Gary Pruitt​ ប្រធាននាយក​ ប្រតិបត្តិ របស់ទីភ្នាក់​ងារសារព័ត៌មាន ​Associated Press ​បាននិយាយថា៖ «យើងមាន​ការភ្ញាក់​ផ្អើល និង​តក់ស្លុត​យ៉ាងខ្លាំង​ដែល​យោធាអ៊ីស្រា​អែលវាយ​ប្រហារ​និង​បំផ្លាញ​ការិយាល័យ​ AP និងអង្គការ​ព័ត៌មាន​ដទៃទៀត​នៅហ្គាហ្សា​៕