ក្រុងប៊ែរឡាំង: អ្នកកាសែតជនជាតិអាល្លឺម៉ង់កាត់តួកគីដែលត្រូវបានដោះលែងពីពន្ធនាគារឲ្យមានសេរីភាព បន្ទាប់ពីបានចំណាយពេលជាងមួយឆ្នាំនៅក្នុងពន្ធនាគារ ដោយមិនមានការជំនុំជម្រះទោស បានថ្លែងឲ្យដឹងថា លោកត្រូវបានក្រុងអង់ការ៉ាចាប់ធ្វើ «ចំណាប់ខ្មាំង» និងថា ក្រុមអ្នកកាសែតដទៃទៀតកំពុងជាប់នៅក្នុងពន្ធនាគារតួកគីនៅឡើយដោយសារតែបាន «ធ្វើកិច្ចការរបស់ពួកគេ»។
លោក Deniz Yucel អាយុ ៤៤ ឆ្នាំ ជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់កាសែត Die Welt មានមូលដ្ឋាននៅតួកគីមកដល់ទីក្រុងប៊ែរឡាំង កាលពីយប់ថ្ងៃសុក្រជាច្រើនម៉ោង បន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារ ដែលមានការយាមតឹងតែងក្នុងទីក្រុងអ៊ីស្តង់ប៊ុល។
នៅក្នុងខ្សែអាត់វីដេអូផ្សព្វផ្សាយលើបណ្តាញផ្សព្វផ្សាយសង្គម អំឡុងពេលយប់មួយ Yucel បានថ្លែងថា៖ «រឿងដែលគួរឲ្យអស់សំណើចជាងគេគឺថា ខ្ញុំនៅតែមិនដឹងថា ហេតុអ្វីបានជាខ្ញុំត្រូវជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ហេតុអ្វីខ្ញុំត្រូវបានគេចាប់ជាចំណាប់ខ្មាំងរយៈពេលមួយឆ្នាំ?»។
Yucel ដែលមានសញ្ជាតិអាល្លឺម៉ង់ និងតួកគី ត្រូវបានចោទប្រកាន់ពីបទសរសេរផ្សព្វផ្សាយគាំទ្រភេរវកម្ម។ លោកជាមនុស្សម្នាក់ក្នុងចំណោមអ្នកកាសែត និងអ្នកនិពន្ធជាង ១០០ នាក់ ដែលត្រូវបានចាប់ឃុំខ្លួននៅតួកគីចាប់តាំងពីមានការប៉ុនប៉ងធ្វើរដ្ឋប្រហារខែកក្កដា ឆ្នាំ ២០១៦ ប្រឆាំងលោកប្រធានាធិបតី រ៉េសិប តៃយីប អេរដូហ្គែន មិនបានសម្រេច។
កាលពីថ្ងៃសុក្រ ក្រុមរដ្ឋអាជ្ញាបានបង្ហាញសាលដីកាកាត់ទោសលោក Yucel ឲ្យជាប់ពន្ធនាគាររយៈពេល ១៨ ឆ្នាំពីបទ «ផ្សព្វផ្សាយព័ត៌មានភេរវកម្ម» និង «បទញុះញង់បង្កឲ្យមានសម្អប់ជាសាធារណៈនិងអរិភាពចំពោះគ្នា និងគ្នា» ប៉ុន្តែ លោកបានចាកចេញពីប្រទេសនេះ។
នៅក្នុងខ្សែអាត់វីដេអូមួយ លោក Yucel ក៏បានធ្វើការបញ្ជាក់អំពីការកើនឡើងនៃចំនួនអ្នកកាសែតដែលត្រូវបានក្រុមអាជ្ញាធរចាប់ដាក់ពន្ធនាគារនៅតួកគី ដោយបានលើកឡើងថា៖ «ពួកគេមិនបានធ្វើរឿងអ្វីទាល់តែសោះក្រៅអំពីកិច្ចការដែលពួកគេត្រូវធ្វើ»។
កាលពីថ្ងៃសុក្រ តុលាការក្រុងអ៊ីស្តង់ប៊ុល ក៏បានចាប់ក្រុមអ្នកកាសែតតួកគីល្បី ៣ នាក់ទៀតឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទចោទប្រកាន់ពាក់ព័ន្ធទៅនឹងក្រុមជនដែលត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងធ្វើរដ្ឋប្រហារមិនបានសម្រេច។
ក្រុមអង្គការ Amnesty International បានថ្លែងថា ការកាត់ទោសពួកគេបាន «បំផ្លាញការសប្បាយពីការប្រារព្ធពិធីអបអរការដោះលែងលោក Yucel ឲ្យមានសេរីភាព។
នៅក្នុងខ្សែអាត់វីដេអូមួយ លោក Yucel ថ្លែងថា៖ «ខ្ញុំមិនដឹងថា ហេតុអ្វីបានជាខ្ញុំត្រូវដោះលែងនៅថ្ងៃនេះទេ? «តាមពិតខ្ញុំមានចិត្តសប្បាយរីករាយខ្លាំងណាស់ចំពោះការដោះលែងនេះ»៕