ក្រុងបាកដាដ៖ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលបាននាំគ្នាដុតភ្លើងនៅក្នុងជំរំតវ៉ាជាច្រើន កន្លែងនៅទូទាំងប្រទេស អ៊ីរ៉ាក់ កាលពីថ្ងៃចន្ទ ខណៈប្រទេសជាង ១២ បានថ្កោលទោសប្រតិកម្ម «បង្កឲ្យមនុស្សស្លាប់» ដោយកងកម្លាំងសន្តិសុខដែលបានព្យាយាមបង្ក្រាបទៅលើយុទ្ធនាការស៊ីវិលនោះ។
ការដាក់សម្ពាធថ្មីទៅលើរដ្ឋាភិបាលអ៊ីរ៉ាក់ បានធ្វើឡើង ១ ថ្ងៃ ក្រោយពីរ៉ុក្កែត ៣ គ្រាប់ បានបាញ់ចំស្ថានទូតអាមេរិកនៅក្នុងទីក្រុងបាកដាដ ដោយបានធ្វើឲ្យមនុស្សម្នាក់រងរបួស ហើយបានបង្កឲ្យមានគ្រោះថ្នាក់កាន់តែខ្លាំងឡើង ក្រោយពីមានការបិទបញ្ចប់ការអំពាវនាវអស់ជាច្រើនខែ ប្រឆាំងទីកន្លែងអ្នកការទូតអាមេរិក។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានថ្លែងកាលពីថ្ងៃចន្ទនៅលើគេហទំព័រធ្វីធើរថា៖ «រដ្ឋាភិបាលអ៊ីរ៉ាក់ត្រូវតែចាត់វិធានការជាបន្ទាន់ ដើម្បីការពារកន្លែងអ្នកការទូតរបស់យើង ធ្វើទៅតាមច្បាប់អន្តរជាតិ»។
ការវាយប្រហាររ៉ុក្កែតទៅលើស្ថានទូតអាមេរិកបានបង្កឲ្យមានការព្រួយបារម្ភឡើងវិញ ដែលប្រទេស អ៊ីរ៉ាក់ អាចនឹងត្រូវបានធ្លាក់ចូលទៅក្នុងជម្លោះប្រដាប់អាវុធផ្សេងទៀត ខណៈរដ្ឋធានីបាកដាដរបស់ខ្លួន និងទីក្រុងភាគខាងត្បូង ភាគច្រើនអ្នកកាន់និកាយស៊ីអ៊ីត ត្រូវបានរង្គោះរង្គើដោយចលនាបាតុកម្មទ្រង់ទ្រាយធំបំផុត និងបណ្តាលឲ្យមនុស្សស្លាប់យ៉ាងច្រើន នៅក្នុងប្រទេសមួយនេះអស់ជាច្រើនទសវត្សរ៍។
ការប្រមូលផ្តុំដឹកនាំដោយយុវជន បានផ្ទុះឡើងកាលពីថ្ងៃទី ១ ខែតុលា ជុំវិញការប្រព្រឹត្តអំពើពុករលួយ ភាពគ្មានការងារធ្វើ និងបម្រើសេវាសាធារណៈមិនបានល្អ ប៉ុន្តែត្រូវបានឆ្លើយតបវិញដោយអំពើហិង្សា ដែលចាប់តាំងពីពេលនោះមក បានបណ្តាលឲ្យមនុស្សជិត ៤៨០ នាក់ស្លាប់ ហើយភាគច្រើនក្នុងចំណោមពួកគេជាក្រុមអ្នកតវ៉ា។
កងកម្លាំងសន្តិសុខ និងក្រុមខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណនៅសប្តាហ៍នេះ បានព្យាយាមបង្ក្រាបទៅលើក្រុមអ្នកប្រមូលផ្តុំម្តងទៀត អ្នកតវ៉ាជាង ២០ នាក់ បានបាត់បង់ជីវិតនៅក្នុងការបង្ក្រាប។
កាលពីថ្ងៃចន្ទ ក្រុមឯកអគ្គរដ្ឋទូត ១៦ នាក់ មានមូលដ្ឋាននៅក្នុងប្រទេស អ៊ីរ៉ាក់ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបានថ្កោលទោសចំពោះ «ការប្រើប្រាស់កម្លាំងច្រើនហួសហេតុបណ្តាលឲ្យមនុស្សស្លាប់» ហើយបានទាមទារឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យក្រុមពលរដ្ឋតវ៉ាដោយសេរី នៅក្នុងទីក្រុងបាកដាដ និងនៅទីក្រុងភាគខាងត្បូង។
សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា៖ «ទោះបីជាមានការអះអាងរបស់រដ្ឋាភិបាលថា កងកម្លាំងសន្តិសុខ និងក្រុមប្រដាប់អាវុធ បានបន្តប្រើប្រាស់គ្រាប់កាំភ្លើងពិត នៅក្នុងទីតាំងធ្វើបាតុកម្មទាំងនេះក្តី ដោយបានបង្កឲ្យជនស៊ីវិលស្លាប់ និងរងរបួសអស់ជាច្រើន ខណៈក្រុមអ្នកតវ៉ាខ្លះ បានប្រឈមមុខការគំរាមកំហែង និងការចាប់ជំរិត»។
សេចក្តីថ្លែងការណ៍នោះ ត្រូវបានធ្វើឡើងដោយ US អង់គ្លេស បារាំង អាល្លឺម៉ង់ និង ១២ ប្រទេសផ្សេងទៀត៕ AFP/SK