អ្នក​ទេសចរ​ជនជាតិ​បារាំង​ម្នាក់​ឈ្មោះ Benjamin Briere ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ​កាល​ពី ១០ ខែ​មុន ឥឡូវ​នេះ​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ «ធ្វើ​ចារកម្ម និង​ឃោសនា​ប្រឆាំង​នឹង​ប្រព័ន្ធ» នេះ​បើ​តាម​មេធាវី​របស់​លោក​បាន​ប្រាប់​សារព័ត៌មាន Reuters កាល​ពី​ថ្ងៃ​ចន្ទ ទី ១៥ មីនា។

លោក​មេធាវី Saeid Dehghan បាន​និយាយ​ថា «កាល​ពី​ថ្ងៃ​អាទិត្យ គាត់ (Briere) ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ចារកម្ម ​និង​ឃោសនា​ប្រឆាំង​នឹង​សាធារណរដ្ឋ​អ៊ិស្លាម​ចំនួន ២ ករណី»។ លោក​បាន​បន្ថែម​ទៀត​ថា កូន​ក្ដី​របស់​លោក ​គឺ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ជា​យូរ​ឆ្នាំ បើ​សិន​ត្រូវ​តុលាការ​ផ្ដន្ទាទោស។ ទេសចរ​វ័យ ៣៥ ឆ្នាំ​រូប​នេះ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន ​បន្ទាប់​ពី​បាន​បង្ហោះ​ដ្រូន​នៅ​វាល​ខ្សាច់​ក្បែរ​ព្រំដែន​ទួរមេនី​ស្ថានអ៊ីរ៉ង់។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង ខណៈ​ភាព​តានតឹង​រវាង​អ៊ីរ៉ង់ និង​ប្រទេស​លោក​ខាង​លិច​កំពុង​កើន​ឡើង។ សហរដ្ឋអាមេរិក និង​ភាគី​អឺរ៉ុប​នៃ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ដែល​រួមមាន​ប្រទេស​បារាំង កំពុង​ព្យាយាម​ស្តារ​កិច្ច​ព្រមព្រៀង ដែល​ត្រូវ​បាន​បោះបង់​ចោល​នៅ​ឆ្នាំ ២០១៨ ដោយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump៕