កាល​ពី​ថ្ងៃ​អាទិត្យ ​ទី ១៧ ​មករា ​សកម្មជន​រុស្ស៊ី​លោក ​Alexei​ Navalny ​បាន​ត្រឡប់​ទៅ​ក្រុង​ម៉ូស្កូ​ ប្រទេស​រុស្ស៊ី ​វិញ​ ក្រោយ​ពី​សម្រាក​ព្យាបាល​នៅ​ប្រទេស​អាល្លឺម៉ង់​។ ​លោក​ Navalny​ ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ឯ​ព្រលាន​យន្តហោះ​ម៉ូស្គូ ​ដែល​ការ​ចាប់​ខ្លួន​នេះ​បាន​ធ្វើ​ឱ្យ​ប្រទេស​មួយ​ចំនួន​បាន​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​រូប​លោក។​

ពន្ធនាគារ​របស់​រុស្ស៊ី ​(Federal​ Penitentiary​ Service)​​ ​កាល​ពី​សប្តាហ៍​មុន​បាន​ចេញ​ដី​កា​ចាប់​ខ្លួន​​លោក ​Navalny ​ដោយ​និយាយ​ថា ​លោក​បាន​រំលោភ​លក្ខខណ្ឌ​នៃ​ការ​ព្យួរ​ទោស​ដែល​លោក​បាន​ទទួល​​កាល​ពី​ឆ្នាំ ​២០១៤ ​ពី​បទ​កិបកេង​ប្រាក់​។​ ពន្ធនាគារ​រុស្ស៊ី​បាន​ស្នើ​សុំ​ឱ្យ​តុលាការ​ក្រុង​ម៉ូស្គូ​បង្វែរ​ការ​កាត់​ទោស​ព្យួរ​រយៈពេល ​៣ ឆ្នាំ​កន្លះ​របស់​លោក​​ឱ្យ​ទៅ​ជា​ការ​ជាប់​ទោស​នៅ​ក្នុង​ពន្ធនាគារ​វិញ​។​

ការ​ឃាត់​ខ្លូន​លោក​ Navalny ​អាច​ធ្វើ​ឱ្យ​បណ្តា​ប្រទេស​នានា​នៅ​អឺរ៉ុប​ធ្វើ​ការ​ថ្កោលទោស​​ទៅ​លើ​រុស្ស៊ី ​ដោយ​មាន​ការ​ទាមទារ​ការ​ដាក់​ទណ្ឌកម្ម​រឹត​ត្បិត​ទៅ​លើ​ប្រទេស​រុស្ស៊ី ​ពី​សំ​ណាក់​ប្រទេស​មួយ​ចំនួន​។ ​សមាជិក​សហភាព​អឺរ៉ុប​ដូច​ជា​ ប្រទេស​លីទុយអានី​ ឡេតូនី​ និង​អេស្តូនៀ​ក៏​បាន​អំពាវនាវ​ឱ្យ​មានការ​ដាក់​ចេញ​នូវ​វិធាន​ការ​រឹតត្បិត​នានា​ប្រឆាំង​នឹង​រុស្ស៊ី​។​

រដ្ឋមន្រ្តី​ក្រសួងការ​បរទេស​លីទុយអានី​ Gabrielius​ Landsbergis​ បាន​អំពាវនាវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប​ប្រឆាំង​នឹង​ទីក្រុង​ម៉ូស្គូ​។​ ភាគី​អន្តរជាតិ​មួយ​ចំនួន​ទៀត​ប្រតិកម្ម​ទៅ​លើ​ការ​ចាប់​ខ្លួន​លោក​ Navalny​ ថា ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ​និង​ការ​ប្រើ​មធ្យោបាយ​នយោបាយ ​ដើម្បី​ចាប់​ខ្លួន​រូប​លោក​។​ អង្គការ​សិទ្ធិ​មនុស្ស​ Amnesty​ International ​បាន​​និយាយ​ថា ​អ្នក​នយោបាយ​​រុស្ស៊ី​បាន​ក្លាយ​ជា​អ្នក​ទោស​​ដែល​នេះ​បង្ហាញ​ថា​ អាជ្ញាធរ​រុស្ស៊ី​បាន​កំពុង​ធ្វើ​សកម្មភាព ​ដើម្បី​បំបិទ​មាត់​លោក ​Navalny។​

លោក ​Natalia​ Zviagina ​ប្រធាន​ការិយាល័យ​ក្រុង​ម៉ូស្គូ​របស់​អង្គការ​ Amnesty ​International​ បាន​និយាយ​ថា៖​ «ការ​ចាប់​ខ្លួន​លោក ​Navalny ​គឺ​ជា​ភ័ស្តុតាង​បន្ថែម​ទៀត​ដែល​បង្ហាញ​ថា​ អាជ្ញាធរ​រុស្ស៊ី​កំពុង​ព្យាយាម​បំបិទ​មាត់​លោក​»​។​

លោក​ ​Navalny ​បាន​វិល​ត្រឡប់​ពី​ក្រុង​ប៊ែរឡាំង​ ប្រទេស​អាល្លឺម៉ង់ ​ក្រោយ​ពី​បាន​សម្រាក​​ព្យាបាល​នៅ​ទី​នោះ​ដោយសារ​លោក​ត្រូវ​គេ​បំពុល​អំឡុង​ពេល​ដែល​លោក​នៅ​លើ​យន្តហោះ​កាល​ពី​ខែ​សីហា ​ឆ្នាំ​មុន​។​ ក្រោយ​ពី​លោក​ត្រូវ​បាន​គេ​បំពុល​​មក​ រុស្ស៊ី​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​នៅ​ពី​ក្រោយ​ករណី​នេះ​។​

វេជ្ជបណ្ឌិត​អាល្លឺម៉ង់​បាន​និយាយ​ថា​​ លោក​ Navalny​ ត្រូវ​​បាន​គេ​បំពុល​ដោយ​ថ្នាំ​ដែល​ស្រដៀង​ទៅ​នឹង​ថ្នាំ​ដែល​គេ​ប្រើ​ដើម្បី​បំពុល​អតីត​ភ្នាក់ងារ​រុស្ស៊ី​លោក​ Sergei​ Skripal​ កាល​ពី​ឆ្នាំ​ ២០១៨​។​ មាន​គេហទំព័រ​ស៊ើបអង្កេត​ Bellingcat​ បាន​រាយការណ៍​កាល​ពី​ខែធ្នូ​ថា​ មាន​ភ្នាក់ងារ​សន្តិសុខ​របស់​រុស្ស៊ី​មាន​វត្តមាន​នៅ​ពេល​ Navalny ​ត្រូវ​​បាន​បំពុល​នៅ​ទីក្រុង ​Tomsk​។ ​ប៉ុន្តែ​វិមាន​ក្រឹមឡាំង​បដិសេធ​ទៅ​លើការ​ចោទ​ប្រកាន់​នេះ​៕