ក្រុងញូវដែលី៖ ប្រទេសឥណ្ឌា និងចិន កាលពីថ្ងៃពុធបានព្រមព្រៀងគ្នា ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅព្រំដែនភ្នំហិមាល័យ ដែលមានជម្លោះ ខណៈពួកគេបានស្តីបន្ទោសគ្នាទៅវិញទៅមកជុំវិញជម្លោះវាយតប់គ្នា ដែលបានបណ្តាលឲ្យទាហានឥណ្ឌាយ៉ាងតិច ២០ នាក់ស្លាប់។
រដ្ឋមន្ត្រីការបរទេសរបស់ ប្រទេសទាំង ២ នេះ បានធ្វើការពិភាក្សាគ្នាតាមទូរស័ព្ទ ដើម្បីធ្វើឲ្យស្ថានការណ៍ស្ងប់ស្ងាត់ ក្រោយពីការប្រយុទ្ធគ្នាដោយប្រើដៃ ដុំថ្ម និងដំបង។
ការសន្ទនារវាងលោករដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី និងសមភាគីឥណ្ឌាលោក Subrahmanyam Jaishankar បានកើតឡើង ខណៈប្រភពជាច្រើនបានប្រាប់ AFP ថា ទាហានប៉ារ៉ាឥណ្ឌា ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ភ្នំហិមាល័យទល់មុខតំបន់ទីបេ។
នៅពេលជាមួយគ្នានោះ ទូរទស្សន៍រដ្ឋរបស់ចិនបានបង្ហាញរូបភាពនៃរថក្រោះរបស់កងទ័ពរំដោះប្រជាជន និងទាហានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅតំបន់ទីបេ។
ប្រទេសចិន បានបដិសេធមិនបញ្ជាក់ថា តើភាគីខ្លួនមានអ្នកស្លាប់ ឬរបួសនៅក្នុងការប៉ះទង្គិចនៅព្រំដែនជាច្រើនទសវត្សរ៍ ថ្វីបើប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបាននិយាយថា ទាហានចិនយ៉ាងតិច ៤០ នាក់បានស្លាប់ ឬរងរបួសធ្ងន់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសបានថ្លែងថា លោក វ៉ាង យី បានទាមទារថា ប្រទេសឥណ្ឌា គួរតែធ្វើការស៊ើបអង្កេតឲ្យបានហ្មត់ចត់ និងដាក់ទណ្ឌកម្មអ្នកដែលទទួលខុសត្រូវ។
ក្រសួងនោះបានបន្ថែមថា៖ «ភាគីឥណ្ឌាមិនត្រូវវាយតម្លៃស្ថានការណ៍បច្ចុប្បន្ននេះខុសទេ ហើយក៏មិនត្រូវមើលស្រាលឆន្ទៈរឹងមាំរបស់ចិនក្នុងការការពារបូរណភាពដែនដីរបស់ខ្លួនដែរ»។
ក្រសួងការបរទេសឥណ្ឌាបានថ្លែងថា៖ «លោក Subrahmanyam Jaishankar បានលើកឡើងពីការប្រឆាំងជំទាស់ពីរដ្ឋាភិបាលរបស់លោក»។
លោកបានព្រមានថា ស្ថានការណ៍វិវឌ្ឍន៍ដែលមិនធ្លាប់មានពីមុនមកនេះ នឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរទៅលើទំនាក់ទំនងទ្វេភាគី និងជំរុញឲ្យក្រុងប៉េកាំងចាត់វិធានការឲ្យបានត្រឹមត្រូវ៕ AFP/PSA