ក្រុងហ្សាការតាៈ ក្រុមមន្ត្រីឥណ្ឌូនេស៊ី បានថ្លែងកាលពីថ្ងៃចន្ទថា ប្រអប់ខ្មៅថតសំឡេងពីយន្តហោះរបស់ក្រុមហ៊ុន Lion Air ដែលបានធ្លាក់កាលពីខែតុលា ត្រូវបានគេរកឃើញ ហើយការរកឃើញប្រអប់នេះ មានសារៈសំខាន់ណាស់ចំពោះ ការពន្យល់ពីមូលហេតុអ្វីដែលបានបង្កឲ្យយន្តហោះម៉ាកថ្មីមួយនេះធ្លាក់ ក្រោយពីហោះឡើង មិនបានប៉ុន្មាននាទីផងនោះ។
យន្តហោះ Boeing 737 MAX បានបាត់ចេញពីរ៉ាដាប្រហែល ១៣ នាទី ក្រោយពីហោះចេញពីក្រុងហ្សាការតា ដោយបានធ្លាក់ចូលទៅក្នុងសមុទ្រជ្វាភ្លាមៗ ក្រោយពីក្រុមពីឡុត បានស្នើសុំហោះត្រឡប់ទៅក្រុងហ្សាការតាវិញ និងបានបណ្តាលឲ្យអ្នកដំណើរទាំងអស់ ១៨៩ នាក់ ស្លាប់នៅក្នុងយន្តហោះ។
ក្រុមអាជ្ញាធរ បានថ្លែងថា ប្រអប់ខ្មៅថតសំឡេងពណ៌ទឹកក្រូចនោះ ត្រូវបានគេរកឃើញកាលពីថ្ងៃចន្ទនៅចម្ងាយប្រហែល ១០ ម៉ែត្រ ពីទីតាំងដែលយន្តហោះនោះ បានធ្លាក់កាលពីខែតុលា ឆ្នាំ ២០១៨។
លោក Haryo Satmiko អនុប្រធានគណៈកម្មាធិការជាតិឥណ្ឌូនេស៊ីទទួលបន្ទុកផ្នែកសុវត្ថិភាព និងដឹកជញ្ជូន (NTSC) បានថ្លែងប្រាប់ AFP ថា ៖ «ប្រអប់ខ្មៅទី ២ របស់យន្តហោះ ពិតជាសំខាន់ណាស់សម្រាប់ការស៊ើបអង្កេត ពីមូលហេតុដែលបណ្តាលឲ្យធ្លាក់នោះ»៕ AFP/SK