ក្រុង​កាន់​ដា​ហាៈ ​មន្ត្រី​អាហ្វហ្គានីស្ថាន ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា ​ឧប្បត្តិហេតុ​បាញ់​ច្រឡំ រវាង​ទាហាន​អាហ្វហ្គានីស្ថាន និង​អាមេរិក​បាន​បណ្តាល​ឲ្យ​ទាហាន​អាហ្វហ្គា​នីស្ថាន ៥ នាក់​ស្លាប់ ដោយ​ក្រសួង​ការពារ​ជាតិ​លើក​ឡើង​ថា​៖ «​មិន​មាន​ការ​សម្រប​សម្រួល​គ្នា​ឲ្យ​បាន​ត្រឹមត្រូវ​​»​។​

អ្នក​នាំ​ពាក្យ​អង្គការ​ណាតូ​ម្នាក់​នៅ​ក្រុង​កាប៊ុល​ បាន​ប្រាប់​ AFP ​ថា ​ឧប្បត្តិហេតុ​នោះ​​ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ពុធ​ នៅ​ពេល​ក្រុម​​ល្បាត​អាមេរិក ​និង​អាហ្វហ្គានីស្ថាន ​១ ​ក្រុម​ បាន​រង​​ការ​បាញ់​ប្រហារ​គ្នា​នៅ​ក្បែរ​ប៉ុស្តិ៍​យាម​របស់​ទាហាន​អាហ្វហ្គានីស្ថាន ​១ កន្លែង​នៅ​ជាយ​ក្រុង​ថារិនកូត​ ជា​រដ្ឋធានី​​នៃ​ខេត្ត​អ៊ូរ៉ូហ្គាន​។​

លោក​ Karim Karimi​ អនុ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​អ៊ូរ៉ូហ្គាន​បាន​ថ្លែង​ថា ​ពួក​គេ​ បាន​អំពាវនាវ​ឲ្យ​មាន​កា​រវាយ​ប្រហារ​ផ្លូវ​អាកាស​ដែល​បាន​ចំ​ទីតាំង​ប៉ុស្តិ៍​យោធា ​ដោយ​បណ្តាល​ឲ្យ​ទាហាន​អាហ្វហ្គានីស្ថាន​ ៥​ នាក់​ ស្លាប់​ និង​១០ ​នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់​​។​

លោក​ Karim Karimi ​បាន​ប្រាប់​ AFP ​ថា​៖ «​នៅ​ពេល​ទាហាន​​អាមេរិក ​បាន​ល្បាត ទៅ​ដល់​មូលដ្ឋាន​យោធា​នោះ ​ទាហាន ​ANA ​(​កង​ទ័ព​ជាតិ​អាហ្វហ្គានីស្ថាន​) ​ប្រហែល​ជា​គិត​ថា ទាហាន​ទាំង​នោះ គឺ​ជា​ក្រុម​តាលីបង់​ ដែល​ដើរ​សំដៅ​មក​កាន់​ពួក​គេ​​»​។​

ផ្នែក​ជា​ច្រើន​នៃ​ខេត្ត​អ៊ូរ៉ូហ្គាន ​នៅ​តែ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​តាលីបង់​។ ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ​ក្រុម​សកម្ម​ប្រយុទ្ធ​ បាន​បង្កើន​​កា​រវាយ​ប្រហារ​របស់​ពួក​គេ ​ចូល​ទៅ​ក្នុង​ទីក្រុង​នៃ​ខេត្ត​នោះ​ជា​ច្រើន​លើក​។​

លោក អនុ​ប្រធាន​ក្រុម​ប្រឹក្សា Karim Karimi បាន​ថ្លែង​ថា​ ទាហាន​អាហ្វហ្គានិស្ថាន ​១៧ ​នាក់ ​បាន​ប្រចាំការ​​នៅ​ប៉ុស្តិ៍​ នោះ ដោយ​ទាហាន​ ​២ ​នាក់​ប៉ុណ្ណោះ​គេច​ផុត​ពី​ការ​វាយ​ប្រហារ​នោះ​៕ AFP/SK