កាលពីថ្ងៃចន្ទ ចិនបានប្រកាសថា គូស្វាមីភរិយាជនជាតិចិនដែលរៀបការរួច អនុញ្ញាតឱ្យមានកូនដល់ទៅ ៣ នាក់ ជាគោលនយោបាយថ្មីមួយដាក់ចេញដោយគណបក្សកុម្មុយនីស្ត ក្រោយទិន្នន័យថ្មីៗបានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងនៃអត្រាលទ្ធភាពបង្កកំណើតនៅក្នុងប្រទេសនេះ។ នេះបើតាមឱ្យដឹងពីសារព័ត៌មាន Reuters។
ទីក្រុងប៉េកាំង បានលុបចោលគោលនយោបាយកូនទោលដែលមានអាយុច្រើនទសវត្សរ៍របស់ខ្លួនកាលពីឆ្នាំ ២០១៦ ដោយជំនួសដោយការកំណត់ឱ្យមានកូន ២ នាក់វិញ ដើម្បីព្យាយាម និងទប់ស្កាត់ហានិភ័យដល់សេដ្ឋកិច្ចរបស់ខ្លួនពីកំណើនប្រជាជនវ័យចំណាស់ឆាប់រហ័ស។
ប៉ុន្តែគោលនយោបាយនេះ បានធ្វើឱ្យប៉ះពាល់ដល់លទ្ធភាពនៃការបង្កកំណើតវិញ ដោយសារតែការចំណាយចិញ្ចឹមកូន នៅក្នុងទីក្រុងរបស់ចិនមានកម្រិតខ្ពស់ដែលជាបញ្ហាប្រឈមមួយនៅតែបន្តកើតមានមកដល់បច្ចុប្បន្ន។
បន្ទាប់ពីកិច្ចប្រជុំនយោបាយមួយដែលដឹកនាំដោយប្រធានាធិបតី លោក Xi Jinping ទីភ្នាក់ងារព័ត៌មានចិន Xinhua បានឱ្យដឹងថា ការផ្លាស់ប្តូរគោលនយោបាយនេះ នឹងក្លាយជា «វិធានការមួយដែលគាំទ្រ និងជួយដល់ការកែលម្អរចនាសម្ព័ន្ធប្រជាជនរបស់ប្រទេសចិន ដោយបំពេញនូវយុទ្ធសាស្ត្ររបស់ប្រទេសក្នុងការទប់ស្កាត់ហានិភ័យសេដ្ឋកិច្ច ដែលបណ្ដាលមកពីកំណើនប្រជាជនវ័យចំណាស់ឆាប់រហ័ស»។
ក្នុងចំណោមវិធានការទាំងនោះ ប្រទេសចិន នឹងបញ្ចុះថ្លៃសិក្សាសម្រាប់គ្រួសារបន្ថយពន្ធ និងការគាំទ្រជីវភាព ដើម្បីធានាផលប្រយោជន៍ផ្លូវច្បាប់របស់ស្ត្រីដែលកំពុងធ្វើការហើយកាត់បន្ថយថ្លៃបណ្ដាការខ្ពស់ «កប់ពពក» ជាដើម៕