កាល​ពី​ថ្ងៃ​អាទិត្យ ទី ៧ កុម្ភៈ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​និយាយ​ថា រដ្ឋបាល​របស់​លោក​ត្រៀម​ខ្លួន​សម្រាប់ «ការ​ប្រកួត​ប្រជែង​ខ្លាំង» ជាមួយ​នឹង​ចិន​ជាជាង​ជម្លោះ​រវាង​មហា​អំណាច​ពិភព​លោក​ទាំង ២ ដែល​វិធី​នេះ ​គឺ​ផ្ទុយ​ពី​វិធី​របស់​អតីត​ប្រធានាធិបតី Donald Trump។

ក្នុង​កិច្ច​សម្ភាសន៍​កម្មវិធី «Face the Nation» របស់​ទូរទស្សន៍ CBS លោក Biden បាន​និយាយ​ថា៖ «យើង​មិន​ចាំបាច់​មាន​ជម្លោះ​ទេ ប៉ុន្តែ​នឹង​មាន​ការ​ប្រកួតប្រជែង​ខ្លាំង»។ លោក​បាន​បន្ត​ទៀត​ថា៖ «ខ្ញុំ​នឹង​មិន​ធ្វើ​ដូច Trump ទេ។ យើង​នឹង​ផ្ដោត​លើ​ច្បាប់​អន្តរជាតិ»។

លោក Biden បាន​ទទួល​ស្គាល់​ថា លោក​មិន​ទាន់​បាន​ទាក់ទង​ទៅ​កាន់​ប្រធានាធិបតី​ចិន​លោក Xi Jingping នៅ​ឡើយ​តាំង​ពី​ពេល​ដែល​លោក​ចូល​កាន់​តំណែង ​ប៉ុន្តែ​បាន​កត់​សម្គាល់​ថា មេ​ដឹកនាំ​ទាំង ២ បាន​ជួប​គ្នា​ជាច្រើន​ដង​នៅ​ពេល​ដែល​អ្នក​ទាំង ២ មាន​តំណែង​ជា​អនុ​ប្រធានាធិបតី​រៀងៗ​ខ្លួន។

លោក Biden បាន​និយាយ​ថា៖ «យើង​មិន​ទាន់​មាន​ឱកាស​និយាយ​ជាមួយគ្នា​ទេ។ គ្មាន​ហេតុផល​ដែល​មិន​ត្រូវ​ធ្វើ​ការ​ហៅ​ទូរស័ព្ទ​ទៅ​គាត់​ទេ។ ខ្ញុំ​ត្រូវ​បាន​គេ​ប្រាប់​ថា ខ្ញុំ​ប្រហែល​ជា​ចំណាយ​ពេល​ជាមួយ Xi Jingping ច្រើន​ជាង​មេ​ដឹកនាំ​ពិភព​លោក​ណាមួយ​ដោយសារ​ខ្ញុំ​បាន​ចំណាយ​ពេល ២៤ ២៥ ម៉ោង ​ធ្វើ​ការ​ប្រជុំ​ផ្ទាល់​ជាមួយ​គាត់​ពេល​ដែល​ខ្ញុំ​ធ្វើជា​អនុ​ប្រធានាធិបតី​បាន​ធ្វើ​ដំណើរ​ចម្ងាយ ១៧ ០០០ ម៉ាយ (ប្រហែល ២៧ ៣៥៨ ម៉ែត្រ) ជាមួយ​គាត់។ ខ្ញុំ​ស្គាល់​គាត់​ច្បាស់​ហើយ»។ លោក​បាន​និយាយថា លោក Xi គឺ​ជា​មនុស្ស «ឆ្លាត​វៃ» និង «ស្វិតស្វាញ» ប៉ុន្តែ​មិន​មាន «ឆ្អឹង​ប្រជាធិបតេយ្យ​នៅ​ក្នុង​ខ្លួន»។

លោក Biden ហាក់​ដូចជា​ផ្ដោត​អារម្មណ៍​ការ​ទូត​តាម​ទូរស័ព្ទ​ដំបូង​របស់​លោក​លើ​សម្ព័ន្ធ​មិត្ត​សហរដ្ឋអាមេរិក។ រហូត​មក​ដល់​ពេល​នេះ​លោក​បាន​និយាយ​ជាមួយ​មេ​ដឹកនាំ​កាណាដា ម៉ិកស៊ិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង​អគ្គលេខាធិការ​អង្គការ​ណាតូ (NATO)។ លោក​ក៏​បាន​ធ្វើ​ការ​សន្ទនា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ដែល​ពួក​គេ​បាន​យល់ព្រម​បន្ត​សន្ធិសញ្ញា New START ដែល​ជា​សន្ធិសញ្ញា​កំណត់​អាវុធ​នុយក្លេអ៊ែរ​ប្រទេស​ទាំង។

ភាព​តានតឹង​រវាង​ទីក្រុង​ប៉េកាំង និង​វ៉ាស៊ីនតោន ដែល​ជា​មហា​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទាំង ២ បាន​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក Trump។ លោក​ Trump បាន​ជ្រើសរើស​ការ​ប្រឈម​មុខ​ដាក់​គ្នា និង​ការ​វាយ​ប្រហារ​ដោយ​ពាក្យសម្តី​ដោយ​គ្មាន​លទ្ធផល​ជាក់​ស្ដែង​សម្រាប់​ការ​ដោះស្រាយ​ឱនភាព​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក​ជាមួយ​ប្រទេស​ចិន។ ក្នុង​រយៈពេល ៤ ឆ្នាំ​កន្លង​មក​លោក Trump បាន​ស្ដីបន្ទោស​យ៉ាង​ខ្លាំង​លើ​ប្រទេស​ចិន ​ចំពោះ​បញ្ហា​អាមេរិក​ជាច្រើន​ដែល​រួម​មាន​ការ​លួច​កម្មសិទ្ធិ​បញ្ញា នីតិវិធី​ពាណិជ្ជកម្ម​មិន​ស្មើភាព និងថ្មីៗ​នេះ​ការ​រាលដាល​ជំងឺ​កូវីដ ១៩។

ភ្លាមៗ​បន្ទាប់​ពី​លោក Biden បាន​ស្នង​តំណែង​ប្រធានាធិបតី​ពី​លោក Trump អ្នក​នាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី Hua Chunying បាន​និយាយ​ថា៖ «បន្ទាប់​ពី​ពេល​វេលា​ដ៏​លំបាក និង​វិសាមញ្ញ​នេះ ទាំង​ប្រជាជន​ចិន និង​អាមេរិក​សម​នឹង​ទទួល​បាន​អនាគត​ល្អ​ប្រសើរ​មួយ។ ទីក្រុង​ប៉េកាំង​ក៏​បាន​ស្វាគមន៍​ការ​សម្រេច​ចិត្ត​របស់​រដ្ឋបាល Biden ក្នុង​ការ​មិន​ដក​ខ្លួន​ចេញ​ពី​អង្គការ​សុខភាព​ពិភព​លោក (WHO) និង​ការ​ចូលរួម​សន្ធិសញ្ញា​អាកាសធាតុ​ក្រុង​ប៉ារីស​ឡើង​វិញ។

ទោះ​យ៉ាង​នេះ​ក៏​ដោយ រដ្ឋការ ​Biden ទំនង​ជា​មិន​ផ្លាស់ប្ដូរ​គោលនយោបាយ​សហរដ្ឋ​អាមេរិក​លើ​បញ្ហា​ពាណិជ្ជកម្ម​តៃវ៉ាន់ សិទិ្ធ​មនុស្ស និង​សមុទ្រ​ចិន​ខាងត្បូង​ដែល​បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ចិន​ខឹង​សម្បា។

កាល​ពី​សប្ដាហ៍​មុន លោក Biden បាន​ធ្វើការ​ថ្លែង​សុន្ទរកថា​ដំបូង​អំពី​គោល​នយោបាយ​ការបរទេស​របស់​លោក​ដែល​ក្នុង​នោះ​លោក​បាន​និយាយ​ថា៖ «យើង​នឹង​ប្រឈម​មុខ​នឹង​ការ​រំលោភ​បំពាន​សេដ្ឋកិច្ច​របស់​ចិន​ប្រឆាំង​នឹង​សកម្មភាព​អរិភាព និង​បង្ខិតបង្ខំ​របស់​ពួក​គេ​ច្រានចោល​ការ​វាយ​ប្រហារ​របស់​ចិន​ទៅ​លើ​សិទ្ធិ​មនុស្ស​កម្មសិទ្ធិបញ្ញា និង​អភិបាលកិច្ច​ពិភព​លោក»។

លោក​បាន​បន្ត​ទៀត​ថា៖ «ប៉ុន្តែ​យើង​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ​ដើម្បី​ធ្វើ​ការ​ជាមួយ​ទីក្រុង​ប៉េកាំង​នៅ​ពេល​ដែល​មាន​ផល​ប្រយោជន៍​សម្រាប់​អាមេរិក​ក្នុង​ការ​ធ្វើ​ដូច្នេះ»។

ក្នុង​កិច្ចសម្ភាសន៍​បញ្ជាក់​ការ​តែងតាំង រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Anthony Blinken បាន​ប្រាប់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ថា លោក Trump បាន​ធ្វើ «ត្រឹមត្រូវ​ក្នុង​ការ​ចាត់​វិធានការ​តឹងរ៉ឹង​ជាង​មុន​ទៅ​កាន់​ប្រទេស​ចិន» តែ​លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​មិន​យល់ស្រប​សោះ​ជាមួយ​នឹង​វិធី​ដែល​គាត់ [Trump] បាន​ធ្វើ​នៅ​ក្នុង​វិស័យ​មួយ​ចំនួន ប៉ុន្តែ​គោលការណ៍​មូលដ្ឋាន​គឺ​ត្រឹមត្រូវ​ហើយ​ខ្ញុំ​គិត​ថា វា​ពិត​ជាមាន​ប្រយោជន៍​ដល់​គោល​នយោបាយ​ការ​បរទេស​របស់​យើង»។

លោក Blinken កាល​ពី​ថ្ងៃ​សុក្រ ទី៥ បាន​ធ្វើ​ការ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ជាមួយ​មន្ត្រី​ការទូត​ជាន់​ខ្ពស់​លោក Yang Jiechi ដែល​ក្រោយ​មក​លោក Blinkenបាន​និយាយ​ថា៖ «ខ្ញុំ​បាន​បញ្ជាក់​ច្បាស់​ថា សហរដ្ឋ​អាមេរិក​នឹង​ការពារ​ផលប្រយោជន៍​ជាតិ​របស់​យើង ក្រោក​ឈរ​ឡើង​សម្រាប់​គុណតម្លៃ​ប្រជាធិបតេយ្យ​របស់​យើង និង​ចាប់​ទទួល​ខុស​ត្រូវ​ក្រុង​ប៉េកាំង​ចំពោះ​ការ​រំលោភ​ប្រព័ន្ធ​អន្តរជាតិ»។

លោក Yang Jiechi បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «ភា​គួរ​តែ​គោរព​ផលប្រយោជន៍​ស្នូល និង​ជម្រើស​នៃ​ប្រព័ន្ធ​នយោបាយ និង​មាគ៌ា​អភិវឌ្ឍន៍ និង​គ្រប់គ្រង​កិច្ចការ​ក្នុង​ប្រទេស​របស់​ពួក​គេ​​ឱ្យ​បាន​ល្អ។

ប្រទេស​ចិន នឹង​ដើរ​តាម​មាគ៌ា​សង្គម​និយម​របស់​ខ្លួន​ដោយ​មិន​ស្ទាក់​ស្ទើរ​ជាមួយ​នឹង​លក្ខណៈ​ចិន ហើយ​គ្មាន​កម្លាំង​ណាមួ​យ​អាច​បញ្ឈប់​ការ​សម្រេច​បាន​នូវ​ការ​ស្តារ​ឡើង​វិញ​ដ៏​អស្ចារ្យ​របស់​ប្រជាជាតិចិន​ឡើយ»។

កាល​ពី​សប្ដាហ៍​មុន​លោក Yang Jiechi បាន​និយាយ​ថា ប្រទេស​ចិន ​ត្រៀម​ខ្លួន​រួចជា​ស្រេច​សម្រាប់​ស្ដារ​ទំនាក់ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង។ លោក Yang បាន​និយាយ​ថា រដ្ឋបាល​អាមេរិក​មុនៗ បាន​អនុវត្ត​គោលនយោបាយ​ខុសឆ្គង​មួយ​ចំនួន​ចំពោះ​ប្រទេស​ចិន ដោយ​បាន​លើក​ឡើង​មូលហេតុ​ថា ​គឺ​ការ​វិនិច្ឆ័យ​យុទ្ធសាស្ត្រ​ខុស​ដោយ​បុគ្គល​មួយ​ចំនួន​ក្នុង​សហរដ្ឋ​អាមេរិក។

លោក​បាន​និយាយ​ថា៖ «ពួក​គេ​ចាត់​ទុក​ប្រទេស​ចិន ​ជា​ដៃគូ​ប្រកួត​ប្រជែង​យុទ្ធសាស្ត្រ​ធំ​មួយ ហើយ​រួម​ទាំង​គិត​ថា យើង​ជា​សត្រូវ​ពួក​គេ​ទៀត»៕