ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden គ្រោងចុះហត្ថលេខាបទបញ្ជាដើម្បីផ្លាស់ប្ដូរគោលនយោបាយចម្រូងចម្រាសសល់ពីលោកប្រធានាធិបតី Donald Trump នៅថ្ងៃដំបូងលោកចូលកាន់តំណែង។ នេះបើតាមនាយខុទ្ទកាល័យលោក Ron Klain ដែលកាលពីថ្ងៃអាទិត្យ ទី ១៧ មករា បានដាក់ចេញផែនការរបស់លោក Biden ក្នុងរយៈពេល ១០ ថ្ងៃដំបូងនៃរដ្ឋបាលលោក។
នៅក្នុងកម្មវិធី State of the Union របស់ទូរទស្សន៍ CNN លោក Klain បាននិយាយថា៖ «លោក [Biden] នឹងត្រឡប់មកសេតវិមានបន្ទាប់ពីការធ្វើការថ្លែងសុន្ទរកថានៅវិមានកាពីតូល [អគារសភា] ហើយចាត់វិធានការភ្លាមៗ ដើម្បីចាប់ផ្ដើមធ្វើឱ្យប្រទេសនេះឆ្ពោះទៅមុខ»។
លោក Klain បានពន្យល់អំពីផែនការរបស់លោក Biden នៅក្នុងអនុស្សរណៈមួយដែលផ្ញើទៅកាន់អនាគតបុគ្គលិកសេតវិមានកាលពីថ្ងៃសៅរ៍។ អនុស្សរណៈនេះត្រូវបានរាយការណ៍ដំបូងដោយកាសែត The New York Times។
នៅថ្ងៃពុធ ទី ២០ លោក Biden នឹងបញ្ជាឱ្យអាមេរិកចូលរួមកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសឡើងវិញ ហើយនឹងលុបចោលការហាមឃាត់ការអន្តោប្រវេសន៍ពីប្រទេសមូស្លីមមួយចំនួនទៅកាន់អាមេរិក។ ក្រៅពីនេះលោកក៏នឹងធ្វើការបញ្ជាឱ្យពាក់ម៉ាស់នៅដែនដីសម្ព័ន្ធ និងពេលធ្វើដំណើរឆ្លងរដ្ឋ ហើយបន្តការពន្យារការបណ្ដេញចេញពីគេហដ្ឋាន និងការរឹបអូសដែលវិធានការទាំងនេះ គឺដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ និងជួយកាត់បន្ថយឥទ្ធិពលវិបត្តិសេដ្ឋកិច្ចបង្កដោយជំងឺនេះ។
នៅថ្ងៃព្រហស្បតិ៍ លោក Biden នឹងចុះហត្ថលេខាលើបទបញ្ជាទាក់ទងនឹងការរីករាលដាលជំងឺកូវីដ ១៩ ដែលមានគោលដៅបើកសាលារៀន និងអាជីវកម្មឡើងវិញដោយសុវត្ថិភាព ហើយពង្រីកការធ្វើតេស្តរកមេរោគ។ នៅថ្ងៃសុក្រលោកនឹងចាត់វិធានការលើការផ្តល់ជំនួយសេដ្ឋកិច្ចដល់អ្នកដែលទទួលរងនូវការខាតបង់ដោយសារកូវីដ ១៩។
នៅសប្ដាហ៍បន្ទាប់លោក Joe Biden គ្រោងចាត់វិធានការបន្ថែមទៀតទាក់ទងនឹងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ការប្រែប្រួលអាកាសធាតុ និងអន្តោប្រវេសន៍ដែលរួមមានសេចក្ដីណែនាំ ដើម្បីពន្លឿនការជួបជុំក្រុមគ្រួសារដែលបែកគ្នានៅព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក ក្រោមគោលនយោបាយរបស់លោក Trump។
តែលោក Klain មិនបានបញ្ជាក់ជាលម្អិតថា ដើម្បីសម្រេចគោលដៅទាំងនេះ តាមវិធីសាស្ត្រអ្វី។លោកក៏មិនបញ្ជាក់ថា លោក Biden នឹងសម្រេចលើគោលនយោបាយការបរទេសអ្វីខ្លះទេ ជាពិសេសគោលនយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក នៅក្នុងរយៈពេលកាន់អំណាចដំបូងនេះ។
ក្រៅពីសកម្មភាពអំណាចនីតិប្រតិបត្តិអនុស្សរណៈនេះក៏បង្ហាញថា លោក Biden ក៏គ្រោងនឹងសម្រេចគោលដៅនីតិប្បញ្ញត្តិមួយចំនួនក្នុងរយៈពេល ១០០ ថ្ងៃដំបូងរបស់លោក។ ក្នុងចំណោមគោលដៅទាំងនោះរួមមានផែនការអន្តោប្រវេសន៍ទ្រង់ទ្រាយធំមួយដែលនឹងផ្ដល់ផ្លូវសម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់រាប់លាននាក់ទទួលសញ្ជាតិអាមេរិក។
លោកក៏មានផែនការអនុម័តកញ្ចប់ថវិកា ដើម្បីជួយសង្គ្រោះវិបត្តិកូវីដ ១៩ ចំនួន ១,៩ លានលានដុល្លារ។ តែការអនុម័តគោលដៅច្បាប់ទាំងនេះ គឺអាចមានការលំបាកបើទោះបីសភាទាំង ២ គឺគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យក៏ដោយ។ បក្សប្រជាធិបតេយ្យមានអាសនៈ ២២២ ក្នុងសភាតំណាងធៀបនឹង ២១២ អាសនៈរបស់បក្សសាធារណរដ្ឋ ខណៈពេលដែលអាសនៈក្នុងព្រឹទ្ធសភា គឺស្មើគ្នា ៥០-៥០ ដោយមានអនុប្រធានាធិបតី Kamala Harris ដើរតួជាអ្នកបំបែកសំឡេងស្មើគ្នា។
យ៉ាងណាមិញ នេះគឺជារឿងធម្មតាដែលប្រធានាធិបតីថ្មីធ្វើការចុះហត្ថលេខាលើបទបញ្ជាសំខាន់ ៗ នៅពេលដែលពួកគេកាន់អំណាចភ្លាមៗ។ លោក Trump ក៏បានធ្វើបែបនេះផងដែរ តែបទបញ្ជារបស់លោកត្រូវបានរងការតវ៉ាជាច្រើនលើកច្រើនសា ហើយមានពេលខ្លះត្រូវបានតុលាការច្រានចោល៕