ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​លោក Joe Biden កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ធ្វើ​ការ​ថ្លែង​សុន្ទរកថា នៅ​ក្រសួង​ការ​បរទេស​ជា​លើក​ដំបូង​តាំង​ពី​ពេល​កាន់​អំណាច​អំពី​គោល​នយោបាយ​ការបរទេស​របស់​លោក។ ការ​ថ្លែង​សុន្ទរកថា​របស់​លោក​បាន​បង្ហាញ​ការ​ផ្លាស់ប្ដូរ​ពី​គោលនយោបាយ «គិត​ពី​ផល​ប្រយោជន៍​អាមេរិក​មុន​គេ ឬ America First » របស់​លោក​អតីត​ប្រធានាធិបតី Donald Trump។

លោក Biden បាន​ប្រកាស​ថា៖ «អាមេរិក​ត្រឡប់​មក​វិញ​ហើយ ការ​ទូត​ត្រឡប់​មក​រក​មុខ​មាត់​ថ្មី​វិញ» ហើយ​ប្ដេជ្ញា​ជួសជុល​សម្ព័ន្ធភាព​នានា​តាមរយៈ​ការ​ទូត និង​ស្ដារ​ទីតាំង​របស់​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ឆាក​អន្តរជាតិ​ឡើង​វិញ។

លោក​បាន​និយាយ​បន្ត​ទៀត​ថា៖ «ក្នុង​រយៈពេល ២ សប្តាហ៍​កន្លង​មក​នេះ ​ខ្ញុំ​បាន​និយាយ​ជាមួយ​មេ​ដឹកនាំ នៃ​មិត្តភក្ដិ​ជិតស្និទ្ធ​បំផុត​របស់​យើង​កាណាដា ​ម៉ិកស៊ិក អង់គ្លេស អាល្លឺម៉ង់ បារាំង ណាតូ (NATO) ជប៉ុន​កូរ៉េខាងត្បូង អូស្ត្រាលី ដើម្បី​ចាប់ផ្ដើម​ធ្វើ​កំណែ​ទម្រង់​ទម្លាប់​នៃ​កិច្ច​សហប្រតិបត្តិការ និង​កសាង​សាច់ដុំ​នៃ​សម្ព័ន្ធភាព​ប្រជាធិបតេយ្យ​ដែល​បាន​ស្វិត​អស់​ដោយសារ​ការ​មិន​មើល​ថែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ»។

លោក​បន្ថែមទៀត​ថា៖ «នៅ​ពេល​យើង​ពង្រឹង​សម្ព័ន្ធភាព​របស់​យើង យើង​ពង្រីក​អំណាច​របស់​យើង ក៏​ដូចជា សមត្ថភាព​របស់​យើង​ដើម្បី​រំខាន​ដល់​ការ​គំរាមកំហែង មុន​ពេល​មក​ដល់​ច្រាំង​របស់​យើង»។

ក្នុង​សុន្ទរកថា​នេះ លោក Biden បាន​បង្ហាញ​ទស្សនៈ​របស់​លោក​លើ​បញ្ហា​ធំៗ​ជុំវិញ​ពិភព​លោក​ដូចជា រដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន និង​អាកប្បកិរិយា​របស់​រុស្ស៊ី។

ទាក់ទង​នឹង​រដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា លោក Biden បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​យោធា​ឱ្យ​បោះបង់​អំណាច។ លោក​បាន​និយាយ​ថា៖ «យោធា​ភូមា​គួរ​តែ​បោះបង់​អំណាច​ដែល​ពួក​គេ​បាន​ដណ្ដើម ដោះលែង​សកម្មជន និង​មន្ត្រី​ដែល​ពួក​គេ​បាន​ឃុំ​ខ្លួន ដក​ការ​រឹត​បន្តឹង​លើ​ប្រព័ន្ធ​សារ​ទូរគមនាគមន៍ និង​ចៀសវាង​អំពើ​ហិង្សា»។

លោក​បាន​បន្ត​ទៀតថា៖ «ដូច​ដែល​ខ្ញុំ​បាន​និយាយ​កាល​ពី​ដើម​សប្ដាហ៍​នេះ យើង​នឹង​ធ្វើ​ការ​ជាមួយ​ដៃគូ​របស់​យើង ​ដើម្បី​គាំទ្រ​ដល់​ការស្តារ​លទ្ធិ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ឡើងវិញ និង​ដាក់​ផលវិបាក​លើ​អ្នក​បង្ក»។

រីឯ​ទាក់ទង​ជាមួយ​ចិន និង​រុស្ស៊ី​វិញ លោក Biden បាន​និយាយ​ថា៖ «ថ្នាក់​ដឹកនាំ​អាមេរិក​ត្រូវ​ប្រឈម​នឹង​សម្ទុះ​នៃ​ការ​ឈាន​ទៅ​រក​ផ្ដាច់​ការ​និយម​ដែល​រួមមាន មហិច្ឆតា​ដែល​កំពុង​កើន​ឡើង​របស់​ចិន ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​សហរដ្ឋ​អាមេរិក និង​ការ​ប្ដេជ្ញា​របស់​រុស្ស៊ី​ក្នុង​ការ​បំផ្លាញ និង​រំខាន​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​របស់​យើង»។

ប៉ុន្តែ​ខុសពី​រដ្ឋបាល​លោក Trump ដែល​ប្រើ​យុទ្ធសាស្ត្រ​ប្រឈម​មុខ​ដោយ​ផ្ទាល់​ជាមួយ​នឹង​ប្រទេស​ទាំង ២ នេះ លោក Biden បាន​និយាយ​ថា លោក​នឹង​ប្រើប្រាស់​យុទ្ធសាស្ត្រ​ការ​ទូត​វិញ។ លោក​បាន​និយាយ​ថា៖ «តាមរយៈ​ការ​នាំ​មុខ​ជាមួយ​ការ​ទូត​យើង​ក៏​ត្រូវ​មាន​បំណង​ចូលរួម​ជាមួយ​សត្រូវ និង​ដៃគូ​ប្រកួត​ប្រជែង​របស់​យើង​តាមផ្លូវ​ការទូត​លើ​អ្វី​ដែល​ស្ថិតក្នុង​ប្រយោជន៍​របស់​យើង និង​ជំរុញ​សន្តិសុខ​របស់​ប្រជាជន​អាមេរិក»។

លោក​បាន​បន្តទៀត​ថា៖ «ហេតុ​ដូច្នេះ​ហើយ កាល​ពី​ម្សិលមិញ សហរដ្ឋអាមេរិក និង​រុស្ស៊ី បាន​ព្រមព្រៀង​បន្ត​សន្ធិសញ្ញា New START រយៈពេល ៥ ឆ្នាំ ​ដើម្បី​ការពារ​សន្ធិសញ្ញា​តែមួយ​ដែល​នៅ​សល់​រវាង​ប្រទេស​របស់​យើង​ក្នុង​ការ​ការពារ​ស្ថិរភាព​នុយក្លេអ៊ែរ»។

បើទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ លោក Biden បាន​និយាយ​ថា៖ «ក្នុង​ពេល​ជាមួយ​គ្នា​នេះ ខ្ញុំ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ទៅ​កាន់​លោក​ប្រធានាធិបតី Putin ពី​ភាព​ខុសគ្នា​ពី​អ្នក​កាន់​តំណែង​មុន​របស់ខ្ញុំ​ថា ថ្ងៃ​ដែល​សហរដ្ឋអាមេរិក​មិន​អើពើ​សកម្មភាព​អរិភាព​រុស្ស៊ី ការ​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត​របស់​យើង ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត ​ការ​បំពុល​ពលរដ្ឋ​របស់​ខ្លួន គឺ​ចប់​ហើយ។ យើង​នឹង​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​បង្កើន​ផលវិបាក​លើ​ប្រទេស​រុស្ស៊ី និង​ការពារ​ផល​ប្រយោជន៍​សំខាន់ៗ និង​ប្រជាជន​របស់​យើង»។

ស្រដៀង​នឹង​រុស្ស៊ី លោក Biden ក៏​បាន​និយាយ​ទាក់ទង​នឹង​ចិន​ថា៖ «យើង​នឹង​ប្រឈម​មុខ​នឹង​ការ​រំលោភ​បំពាន​សេដ្ឋកិច្ច​របស់​ចិន​ប្រឆាំង​នឹង​សកម្មភាព​អរិភាព និង​បង្ខិតបង្ខំ​របស់​ពួក​គេ​ច្រាន​ចោល​ការ​វាយប្រហារ​របស់​ចិន​លើ​សិទ្ធិ​មនុស្ស កម្ម​សិទ្ធិបញ្ញា និង​អភិបាលកិច្ច​ពិភព​លោក»។

ប៉ុន្តែ​លោក​បាន​បន្ត​ថា៖ «ប៉ុន្តែ​យើង​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ​ដើម្បី​ធ្វើការ​ជាមួយ​ទីក្រុង​ប៉េកាំង​នៅ​ពេល​ដែល​មាន​ផល​ប្រយោជន៍​សម្រាប់​អាមេរិក​ក្នុង​ការ​ធ្វើ​ដូច្នេះ»។

យ៉ាង​ណាមិញ គោលនយោបាយ​ការ​បរទេស​របស់​លោក Biden និង​លោក Trump គឺ​មាន​លក្ខណៈ​ខុសគ្នា​ខ្លាំង ត្រង់​ចំណុច​ថា លោក Trump ប្រើ​យុទ្ធសាស្ត្រ​ប្រឈម​មុខ​ដោយ​ផ្ទាល់​ជាមួយ​ប្រទេស​ផ្សេង​ដោយ​មិន​សហប្រតិបត្តិការ​ពី​សម្ព័ន្ធមិត្ត រីឯ​លោក Biden វិញ​គឺ​ហាក់​ដូចជា​គ្រោង​នឹង​រំពឹង សម្ព័ន្ធមិត្ត​ច្រើន​ជាង​ហើយ​អាច​សហការ​ជាមួយ​ដៃគូ​ប្រជែង​ផង​ដែរ ​តែ​គោល​បំណង​របស់​ប្រធានាធិបតី​ទាំង ២ នេះ​គឺ​ដូចគ្នា។

ដោយ​ឡែក​បើតាម​ព័ត៌មាន​រដ្ឋ​ចិន ​Xinhuanet វិញ ​លោក ​Yang Jiechi អ្នក​ការទូត​ជាន់ខ្ពស់​របស់​ចិន​បាន​ថ្លែង​កាល​ពី​សប្ដាហ៍​មុន​ថា ប្រទេស​ចិន ​បាន​ត្រៀម​ខ្លួន​រួចជាស្រេច ​ដើម្បី​ស្ដារ​ទំនាក់ទំនង​ការទូត​រវាង​អាមេរិក ​និង​ចិន​ឡើងវិញ។

លោក​បន្ត​ថា ​រដ្ឋបាល​លើក​មុន​បាន​ធ្វើ​ការ​វិនិច្ឆ័យ​ដោយ​លម្អៀង​លើ​ប្រទេស​ចិន “ពួក​គេ​មើល​ឃើញ​ប្រទេស​ចិន​ ដូចជា គូប្រជែង​យុទ្ធសាស្ត្រ​ធំ​មួយ​អ៊ីចឹង​ថែម​ទាំង​គិត​ថា យើង​ជា​សត្រូវ​ពួក​គេ​ទៀត។ ហេតុនេះ​ហើយ​ខ្ញុំ​ខ្លាច​តែ​ជា​រឿង​ការ​គិត​ខុស​ជា​ប្រវត្តិសាស្ត្រ​ជា​មូលដា្ឋ​ន និង​បែប​យុទ្ធសាស្ត្រ​តែម្ដង៕