ក្រុងវ៉ាស៊ីនតោនៈ យោងតាមរូបភាពផ្កាយរណបដែលចេញផ្សាយដោយទូរទស្សន៍ CNN កាលពីថ្ងៃពុធបានឲ្យដឹងថា កូរ៉េខាងជើងបានពង្រីកមូលដ្ឋានមីស៊ីល ចម្ងាយឆ្ងាយដ៏សំខាន់មួយ នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះចាប់តាំងពីមានជំនួបកំពូលមួយរវាងមេដឹកនាំប្រទេសទាំង ២ លោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
មេដឹកនាំទាំង ២ បានជួបគ្នានៅប្រទេសសិង្ហបុរីកាលពីខែមិថុនា ហើយបានចុះហត្ថលេខាលើឯកសារដែលមានខ្លឹមសារមិនច្បាស់លាស់មួយ ដែលបានប្តេជ្ញាចិត្ត «ធ្វើការងារឈានទៅ» ការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ ថ្វីបើមិនមានព័ត៌មានលម្អិតដ៏ជាក់លាក់មួយចំនួនថា តើការលុបបំបាត់នោះអាចនឹងកើតឡើងតាមរបៀបណានោះ។
យោងទៅតាមទូរទស្សន៍ CNN បានឲ្យដឹងថា ក្រុងព្យុងយ៉ាងបានកែលម្អមូលដ្ឋានមីស៊ីល Yeongjeo-dong នៅតាមជួរភ្នំនៃប្រទេសកូរ៉េខាងជើង និងបានសាងសង់រោងចក្រ ១ ទៀត ដែលមិនត្រូវបានបង្ហាញជាសាធារណៈ។
ក្រុមអ្នកជំនាញ បានប្រាប់បណ្តាញសារព័ត៌មានអាមេរិកថា ទីតាំងនៃមូលដ្ឋាននោះ ត្រូវបានធ្វើឡើងយ៉ាងស័ក្តិសម ដើម្បីដាក់មីស៊ីលមានរយៈចម្ងាយឆ្ងាយថ្មីៗបំផុតរបស់កូរ៉េខាងជើង នៅក្នុងនោះមានមីស៊ីល ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់មន្ទីរបញ្ចកោណបានថ្លែងថា៖ «យើងបានតាមដានកូរ៉េខាងជើងយ៉ាងយកចិត្តទុកដាក់បំផុត»៕