ក្រុង​បេរូត​:​ ​ ​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​ធ្វើ​ការ​រិះ​គន់ ​ចំពោះ​ក្រុម​អាជ្ញា​ធរ​ លីបង់ ​ចំពោះ​អ្វី​ដែល​ពួក​គេ​ចាត់​ទុក​ជា​ការ​ជម្លៀស​ ឬ​ ការ​បណ្តេញ​ចេញ​ដោយ​អយុត្តិ​ធម៌​នូវ​ក្រុម​ជន​ជាតិ​ស៊ីរី​ រាប់​រយ​នាក់​ពី​ផ្ទះ​សម្បែង​របស់​ពួក​គេ​ចាប់​តាំង​ពី​ឆ្នាំ ​២០១៦ ​ខណៈ​ដែល​មនោ​សញ្ចេ​តនា​ប្រឆាំង​ក្រុម​ជន​ភៀស​ខ្លួន​កាន់​តែ​កើន​ឡើង​។

ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​មាន​មូល​ដ្ឋាន​ក្នុង​បុរី​​ញូវ​យ៉ក​ ​បាន​ឲ្យ​ដឹង​ថា​៖ ​«​យ៉ាង​តិច ​១៣ ​ក្រុង​ នៅ​ក្នុង​ទឹក​ដី​លីបង់​បាន​ជម្លៀស​ដោយ​បង្ខិត​បង្ខំ​នូវ​ក្រុម​ជន​ភៀស​ខ្លួន​ស៊ីរី ​យ៉ាង​តិច​ ៣ ៦៦៤​ នាក់​ពី​ផ្ទះ​សម្បែង​របស់​ពួក​គេ​ និង ​បាន​បណ្តេញ​ពួក​គេ​ចេញ​ពី​ក្រុង​ បើ​តាម​ទំនង​ដោយ​សារ​តែ​បញ្ហា​សញ្ជាតិ​ ឬ ​សាសនា​របស់​ពួក​គេ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​ ២០​១៦ ​រហូត​ដល់​បំណាច់​ខែ​ មីនា​ នា​ឆ្នាំ​នេះ​។​

ក្រុម​ពល​រដ្ឋ​ស៊ីរី ​ស្ទើរ​តែ​មួយ​លាន​នាក់​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ជា​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ទឹក​ដី​ លីបង់ ​បើ​ទោះ​បី​ភាគ​ច្រើន​គេ​រំពឹង​ថា ​ចំនួន​ពិត​អាច​មាន​កម្រិត​ខ្ពស់​ជាង​នេះ​ក៏​ដោយ​។​

អត្រា​ប្រជា​ជន​នៅ​ក្នុង​ប្រទេស​ជាប់​ដែន​សមុទ្រ​ ម៉េឌីទែរ៉ាណេ ​ស្ថិត​នៅ​កំរិត​ត្រឹម​តែ​ ៤​ លាន​នាក់​ នៅ​មុន​ពេល​ដែល​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​ទឹក​ដី​ ស៊ីរី ​ដែល​នៅ​ក្បែរ​ខាង​បាន​ផ្ទុះ​ឡើង​ក្នុង​ឆ្នាំ ​២០១១​ ដោយ​បាន​បណ្តាល​ឲ្យ​ក្រុម​ពល​រដ្ឋ​ស៊ីរី ​រាប់​ម៉ឺន​នាក់​រត់​ភៀស​ខ្លួន​ឆ្លង​កាត់​តំបន់​ព្រំ​ដែន​ក្នុង​គោល​បំណង​ស្វែង​រក​ទី​ស្ថាន​មាន​សុវត្ថិ​ភាព​។

ក្រុម​អ្នក​នយោ​បាយ​ជា​ច្រើន​បាន​ធ្វើ​ការ​រិះ​គន់​ការ​កើន​ឡើង​នៃ​វិបត្តិ​សង្គម​ និង​ សេដ្ឋ​កិច្ច​នៅ​ក្នុង​ទឹក​ដី​លីបង់​ ថា ​កើត​ឡើង​ដោយ​សារ​ក្រុម​ជន​ភៀស​ខ្លួន​ស៊ីរី​ ហើយ​ការ​អំពាវ​នាវ​សុំ​ឲ្យ​ពួក​គេ​វិល​ត្រឡប់​បាន​កាន់​តែ​កើន​ឡើង​ អំឡុង​ពេល​មុន​រៀប​ចំ​ការ​បោះ​ឆ្នោត​សភា​លើក​ទី​មួយ​នៅ​ក្នុង​ប្រ​ទេស​នេះ​ អំឡុង​ពេល​ជិត​មួយ​ទស​វត្សរ៍​​កាល​ពី​ថ្ងៃ​ទី​ ៦​ ខែ​ឧសភា​។​

លោក​ Bill​ Frelick ​នាយក​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​សិទ្ធិ​ជន​ភៀស​ខ្លួន​នៅ​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​(​HRW​)​ បាន​ថ្លែង​ថា​៖​« ​ក្រុង​ជា​ច្រើន​មិន​មាន​មូល​ហេតុ​បញ្ជាក់​ថា​ត្រឹម​ត្រូវ​ស្រប​តាម​នីតិ​វិធី​ សម្រាប់​ការ​ចាប់​ជម្លៀស​ទាំង​បង្ខំ​នូវ​ក្រុម​ជន​ភៀស​ខ្លួន​ស៊ីរី​ ប្រ​សិន​បើ​វា​អាច​នាំ​ឲ្យ​មាន​ការ​រើស​អើស​ដោយ​ផ្អែក​លើ​សញ្ជាតិ​ឬ​សាសនា​ឡើយ​»​។​

លោក​ Frelick​បាន​ថ្លែង​ថា​៖​«​មេ​ដឹក​នាំ​លីបង់​គួរ​ទប់​ស្កាត់​កុំ​និយាយ​នូវ​វោហារ​ស័ព្ទ​​បែប​ណា​ដែល​អាច​ជំរុញ​ ឬ ​បណ្តាល​ឲ្យ​មាន​ការ​ជម្លៀស​ទាំង​បង្ខិត​បង្ខំ​ ការ​បណ្តេញ​ចេញ ​និង ​ការ​ប្រព្រឹត្ត​ចំពោះ​ក្រុម​ជន​ភៀស​ខ្លួន​ទាំង​នោះ ប្រកប​ដោយ​ការ​រើស​អើង​និង​ការ​រុក​គួន​យាយី​នៅ​ក្នុង​ទឹក​ដី​លីបង់​.

យោងតាមប្រភពព័ត៌មានពី HRW ដែលបាននិយាយទៅកាន់ជនភៀសខ្លួនស៊ីរី៥៧នាក់ដែលគ្រោះដោយសារវិធានការនេះបានឲ្យដឹងថាការជម្លៀសនេះបានបណ្តាលឲ្យក្រុមជនភៀសខ្លួនបាត់បង់ចំណូលនិងបាត់បង់ទ្រព្យសម្បត្តិហើយដែលកូនៗរបស់ពួកគេខកខានមិនបានចូលសាលារៀនឬគេចមិនចូលសិក្សាទាំងអស់គ្នា៕ AFP/SN